ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនិទាន​ដ៏​ជក់ចិត្ត​…​ស្តី​ពី​ប្រវត្តិ​ភ្នំ​ទាំង១៤

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត មាន​ចម្ងាយ​ប្រមាណ​​៩០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ ខេត្ត​នេះ​បែងចែក​ជា​១៣​ក្រុង​-​ស្រុក ក្នុង​នោះ​ស្រុក​បាភ្នំ គឺជា​ស្រុក​តែ​មួយ​គត់ មាន​ភ្នំ​ចំនួន​១៤…

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត មាន​ចម្ងាយ​ប្រមាណ​​៩០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ ខេត្ត​នេះ​បែងចែក​ជា​១៣​ក្រុង​-​ស្រុក ក្នុង​នោះ​ស្រុក​បាភ្នំ គឺជា​ស្រុក​តែ​មួយ​គត់ មាន​ភ្នំ​ចំនួន​១៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដែល​មហាជន​ទូទៅ​បាន​ស្គាល់​យ៉ាង​ច្បាស់ គឺ​ភ្នំ​ឈើ​កាច់ ។ ភ្នំ​នេះ​ជាប់​ទាក់ទិន​ទៅ​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​រឿងព្រេង​ជា​ច្រើន​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ស្រុក​បាភ្នំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ភ្នំ​ឈើ​កាច់​នេះ ជា​កម្រង​ជួរ​ភ្នំ​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ។ កម្រង​ជួរ​ភ្នំ​នេះ មាន​ភ្នំ​ទាំង​តូច​ទាំង​ធំ​សរុប​ចំនួន​១៤ ស្ថិត​នៅ ក្បែ​ៗ​គ្នា ជា​បណ្តុំ​ភ្នំ និង​មានឈ្មោះ រៀង​ៗ​ខ្លួន​ដែល​ចាស់ទុំ​ពី​មុន​ដាក់​ឈ្មោះ​ឱ្យទៅ​តាម​រូបសណ្ឋាន​ពី​ធម្មជាតិ​របស់​វា​ដូច​ជា ភ្នំ​សំពៅ ភ្នំ​បាញ់​ចារ ភ្នំ​តូច ភ្នំ​ធំ ភ្នំ​ល្អាង ភ្នំ​អ្នកតា​ទូល​ឈ្នាង ភ្នំ​យាយ​ទូល​កញ្ច្រែង ភ្នំ​គុក​ប្រចៀវ ភ្នំ​កំ​ផ្លុ​ក ភ្នំ​ស្លឹកគ្រៃ ភ្នំ​ថ្ម​បាញ់ ភ្នំ​ថ្ម​ស ភ្នំ​យាយ​មេសរ និង​ភ្នំ​កំពូល​ឈើ​កាច់ ។

បើ​តាម​ចាស់ព្រឹទ្ធាចារ្យ ដែល​រស់នៅ​ក្នុង​តំបន់​ភ្នំ​ឈើ​កាច់​នេះ បាន​រៀបរាប់​ប្រាប់​កោះ​សន្តិ​ភាព​ថា ភ្នំ​មួយ​ចំនួន​ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នេះ មានរឿង​រ៉ាវ​ទាក់ទង​ទៅ​នឹង​រឿង​ព្រេង​និទាន ដូច​ជា​ភ្នំ​សំពៅ​ដែល​នៅ​ក្បែ​វត្ត​វិហារ​ធំ ឬ​វិហារ​គុក​។ ដូនតា​ពី​សម័យ​មុន​បាន​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា​ភ្នំ​សំពៅ ព្រោះ​ទីតាំង​នោះ​មានរឿង​ព្រេង​និទាន​តំណាល​ថា មាន​សំពៅ​ធំ​១​គ្រឿង​បាន​បើក​មក​លិច​បាត់​នៅ​ត្រង់​ទីតាំង​នោះ ហើយ​ក៏​បាន​ក្លាយទៅជា​ភ្នំ តែ​មិនដឹង​ពិត ឬ​មិន​ពិត​នោះ​ទេ ឮ​តែ​ចាស់​ៗ​ដំណាល ត​ៗ​គ្នា​មក ទើប​នាំ​គ្នា​ហៅ​ភ្នំ​នោះ​ថា ភ្នំ​សំពៅ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ភ្នំ​សំពៅ​នៅ​មានរឿង​និទាន ប្លែក​ៗ​ច្រើន​ទៀត ដែល​កោះសន្តិភាព​នឹង​លើកយក​មក​ផ្សាយ​ជូន​ដាច់​ដោយឡែក​នៅ​ពេល​ក្រោយ ។

ភ្នំ​អ្នកតា​ទូល​ឈ្នាង នៅ​លើ​កំពូលភ្នំ​នេះ មាន​ដុំ​ថ្ម​១​ផ្ទាំង​ធំ​ដែល​មាន​រាង​ដូច​ឈ្នាង និង​មាន​ដុំ​ថ្ម​ធំ​១​ដុំ​ទៀត​នៅ​ទូល​ពីក្រោម ដែល​គេ​មើលទៅ​មិន​សម​អាច​បន្តុប​ជាប់​គ្នា​សោះ ព្រោះ​ថ្ម​ខាងលើ​មាន​ទំហំ​ធំ ឯ​ថ្ម​ខាងក្រោម​តូច​ខុស​គ្នា​ឆ្ងាយ តែ​បែរជា​អាច​ទ្រ​ថ្ម​ខាងលើ​ជាប់ ទោះបីជា​ប្រឈម​នឹង​ភ្លៀង ខ្យល់​បោកបក់​មក​រាប់រយ​រាប់​ពាន់​ឆ្នាំ​ហើយ​ក៏​ដោយ ។

ភ្នំ​នេះ ចាស់​ៗ​បាន​តំណាល ត​ៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់​ដែល​រស់នៅ​ជាមួយ​ម្តាយ នៅ​ក្នុង​ខេត្ត​បាភ្នំ គឺជា​ឈ្មោះ​ខេត្តព្រៃវែង​សម័យ​មុន ក្រោយមក​ដូរ​ជា​ខេត្តព្រៃវែង​វិញ បាន​វាយ​សម្លាប់​ម្តាយ​របស់​ខ្លួន ដោយសារ​តែ​ឃើញ​បាយ​ដែល​ម្តាយ​យក​មក​ឱ្យ​ហូប​តិច​ពេក។ លុះ​ពេល​វាយ​ម្តាយ​ស្លាប់​ហើយ ហូប​បាយ​នោះ​មិន​អស់ ទើប​ភ្ញាក់ខ្លួន​ស្តាយ​ស្រណោះ​​អាណិតម្តាយ ហើយ​បាន​ដាក់​អង្ករ​ក្នុង​ឈ្នាង​ដើរ​រក​ដូរ​បាយ​ពី​អ្នកស្រុក តែ​គ្មាន​អ្នក​ណា​ដូរ​ឱ្យ​រហូត​ចុង​ក្រោយ ក៏​ដើរមក​ដួល​ស្លាប់​នៅ​លើ​ភ្នំ​នេះ កើត​ទៅ​ជា​ដុំ​ថ្ម​២​ដុំ ខាងក្រោម​តូច​ទូល​ដុំ​ថ្ម​ផ្ទាំង​ធំ​នៅ​ខាងលើ ដូច​ជា​បុរស​ទូល​ឈ្នាង​ដើរ​រក​ម្តាយ ទើប ចាស់​ៗ​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា ភ្នំ​អ្នកតា​ទូល​ឈ្នាង រហូត​ដល់​សព្វថ្ងៃ ។

ចំណែក​ភ្នំ​ល្អាង​វិញ ចាស់​ៗ​នៅ​ទីនោះ​តំណាល​ថា ភ្នំ​នេះ​មាន​ល្អាង​ដ៏​ធំ​មួយ​នៅ​ចង្កេះភ្នំ ហើយ​មាន​ជម្រៅ​ជ្រៅ​ចុះ​ទៅ​ក្រោម ងងឹត​សូន្យឈឹង ប្រៀប​ដូច​ជា​រូងភ្នំ​ដ៏​វែង​មួយ ។

ចាស់​ៗ​បាន​តំណាល​ប្រាប់ ត​ៗ​គ្នា​ថា នៅ​ក្នុង​រូង​នេះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់នៅ ហើយ​ធ្លាប់​មាន​អ្នក​សច្ចំ អ្នករៀន​មន្តអាគម​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ ហើយ​បាន​រសាត់​ទៅ​ផុស​ឡើង​មក​លើ​វិញ នៅ​ភ្នំ​ជើង​អណ្តែង​ឯ​ខេត្តស្វាយរៀង ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ដី​ប្រទេស​វៀត​ណាម​ឯណោះ ។ តែ​ទោះជា​យ៉ាងណា​ក្តី រាប់​សិប​ឆ្នាំ​មកនេះ​មិន​ដែល​ឮ​មាន​អ្នក​ណា​ហ៊ាន​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ​ទៀត​ទេ ព្រោះ​វា​ប្រថុយ​នឹង​គ្រោះថ្នាក់​ខ្លាំង មិនដឹង​ថា​ក្នុង​នោះ​ពេល​នេះ​មាន​សត្វ​សាហាវ និង​កត្តា​គ្រោះថ្នាក់​អ្វីខ្លះ​ទេ ។ ម្យ៉ាងទៀត​គ្មាន​ឃើញ​មានការ​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ឡើយ ។

រីឯ​ភ្នំ​យាយ​ទូល​កញ្ច្រែង មាន​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នៅ​លើ​កំពូលភ្នំ រូប​រាងដូចជា​កញ្ច្រែង និង​មានរឿង​ព្រេង​និទាន ដូច​ជា​ភ្នំ​អ្នកតា​ទូល​ឈ្នាង​ដែរ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​អ្នក​យក​មក​និយាយ ទើប យូរ​ៗ​ទៅ​អ្នកស្រុក​ភ្លេច​រឿងនិទាន​នេះ​អស់ នៅ​សល់​តែ​ឈ្មោះ​រហូត​ដល់​សព្វថ្ងៃ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នោះ មាន​ភ្នំ​មួយ​ដែល​អ្នកស្រុក​មាន​ជំនឿ​ថា​ជា​ភ្នំ​មាន​បារមី​ស័ក្តិសិទ្ធិ ហើយ​តែងតែ​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​សែនព្រេន​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​ឱ្យឈ្មោះ​ថា បុណ្យ​ឡើងអ្នកតា នោះ​គឺ​ភ្នំ​យាយ​មេសរ ។ ភ្នំ​នេះ​មានរឿង​ព្រេង​និទាន​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

ចាស់​ៗ​បាន​តំណាល​ថា កាលសម័យ​នគរ​ភ្នំ​ស្តេច​ខ្មែរ​បាន​បញ្ជូន​មេទ័ព​ម្នាក់​ឈ្មោះ គិរី​ផល ឱ្យទៅ​រៀន​ក្បួន​យុទ្ធសាស្ត្រ​ធ្វើសឹក​សង្គ្រាម និង​មន្ត​វិជ្ជា​សីល​សាស្ត្រ​នៅ​ប្រទេស​ក្រិ​ច ជាមួយ​បុរស​ខ្មែរ​ម្នាក់​ទៀត​ដែល​ខ្លាំងពូកែ​នៅ​ក្នុង​នគរ ។ នៅ​នគរ​ក្រិ​ច​កំលោះ​គិរី​ផល បាន​ជួប​នារី​ម្នាក់​ឈ្មោះ​មេសរ ដែល​ជា​មេទ័ព​ប្រទេស​ក្រិ​ច ហើយ​ក្រោយ​ពី​រៀន​ចប់​ស្តេច​ប្រទេស​ក្រិ​ច​បាន​រៀប​ការ​ឱ្យ​អ្នក​ទាំង​២ តែ​មិន​ឱ្យ​គិរី​ផល​ត្រឡប់​មក​នគរ​ភ្នំ​វិញ​ទេ ។

ចំណែក​គិរី​ផល ពេល​ដែល​រួមរស់​ជាមួយ​គ្នា​បានកូន​ប្រុស​ម្នាក់​ឈ្មោះ​គិរី​ជោ​ត ហើយ​ក្រោយមក​គិរី​ផល​បានលឺ​ដំណឹង​ថា នគរ​ភ្នំ​កំពុង​មាន​ចម្បាំង​ជាមួយ​នគរ​ចំប៉ា ក៏​រត់គេច​ខ្លួន​ត្រឡប់​មក​នគរ​វិញ​តែ​ម្នាក់ឯង ដើម្បី​ជួយ​ច្បាំង ។ រឿង​នេះ​បានដឹង​ដល់​ស្តេច​ក្រិ​ច មានការ​ខឹង​ជា​ខ្លាំង​ក៏​បញ្ជា​ឱ្យ​គេ​តាម​មក​កាត់​ក្បាល​គិរី​ផល​ដាក់​ហឹប​យក​ទៅ​វិញ ។ រីឯ​ប្រពន្ធ​គិរី​ផល និង​កូនប្រុស ក៏​តាម​មក​ដែរ តែ​យឺត​ពេល​ទៅ​ហើយ ព្រោះ​គិរី​ផល​បាន​ព្រមឱ្យ​គេ​កាត់​ក្បាល ដើម្បី​ជា​ថ្នូរ​មិន​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​ក្រិ​ច ។

លុះ​ពេល​មក​ដល់​ឃើញ​សព​ប្តី​អត់​ក្បាល នាង​មេសរ​ក៏​កាត់​ក្បាល​កូន​ដំរី​យក​មក​ភ្ជាប់​នឹង​ដងខ្លួន​ប្តី​ធ្វើ​ឱ្យ​ប្តី​រស់​ឡើង​វិញ តែ​និយាយ​មិនកើត​ព្រោះ​ដំរី​មិន​ចេះ​និយាយ ។ អស់​រយៈពេល​ច្រើន​ឆ្នាំ​ក្រោយមក ទាំង​៣​នាក់​ឪពុក​ម្តាយកូន​ក៏​បាន​ស្លាប់​អស់ ព្រះរាជា​នគរ​ភ្នំ​ក៏​បាន​ចាត់​ឱ្យ​គេ​សាងសង់​ប្រាសាទ​មួយ តម្កល់​រូបសំណាក​អ្នក​ទាំង​៣​នៅ​លើ​ទីទួល​ដ៏​ខ្ពស់​នេះ សម្រាប់​ធ្វើបុណ្យ​រំលឹក​គុណ​អ្នក​ទាំង​៣ ។

លុះ​ចំណេរ ក្រោយ​ៗ​មក អ្នកស្រុក​ក៏​នាំ​គ្នា​ហៅ​រូបសំណាក​នោះ​ថា អ្នកតា​មេសរ និង​នាំ​គ្នា​ធ្វើបុណ្យ​សែនព្រេន​គោរព​បូជា​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ក្រៅពី​នេះ​មាន​ភ្នំ​មួយ​ចំនួន​ទៀត មានរឿង​រ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា មិន​អាច​ចងក្រង​មក​រៀបរាប់​អស់​ឡើយ ទុក​ឱ្យ​មន្ទីរ​វប្បធម៌ ចងក្រង​ទៅ​ចុះ កុំឱ្យ​អស់លោក​អត់​ការងារ​ធ្វើ​…​អង្គុយ​កៅអី​ជើង​ដប់​រហូត​ពេក ។

ភ្នំ​តូច​កាលពី​សម័យ​មុន​រាជធានី​ខ្មែរ​តាំងនៅ​តំបន់​នេះ គេ​បាន​ធ្វើ​ដំណាក់​ស្តេច​នៅ​លើ​ភ្នំ​តូច​នេះ ហើយ​នៅ ក្បែ​ៗ​នោះ​ក៏​មាន​ស្រះស្រង់​ជា​ច្រើន​ផង​ដែរ ។ បច្ចុប្បន្ន​នៅ​លើ​ភ្នំ​តូច​នេះ មាន​តាបស​ម្នាក់​បាន​សាងសង់​ប្រាសាទ​មួយ​នៅ​លើ​ភ្នំ ដើម្បី​ធ្វើ​ជា​កន្លែង​ទី​សក្ការ គោរព​បូជា តាម​បែប​ព្រហ្មញ្ញសាសនា ។

ចំណែក​ភ្នំ​ថ្ម​បាញ់ គឺជា​ទីតាំង​ដែល​បារាំង​វាយ​យក​ថ្ម ក្នុង​សម័យ​ដែល​ប្រទេស​បារាំង​គ្រប់គ្រង​កម្ពុជា ហើយ​គេ​ក៏​បន្ត​យក​ថ្ម​នៅ​ទីតាំង​នេះ​រហូត​ដល់​សព្វថ្ងៃ​ជិត​អស់​ថ្ម ជិត​បាត់​ភ្នំ​ទៅ​ហើយ ធ្វើ​ឱ្យ​អ្នកស្រុក​នៅ​ទីនោះ​សម្តែង​ការ​សោកស្តាយ​គ្រប់​គ្នា ។

រីឯ​ភ្នំ​កំ​ផ្លុ​ក នៅ​ក្នុង​សម័យ​ប៉ុ​ល ពត ទីតាំង​នេះ​គឺជា​រណ្តៅ​ពិឃាដ ដែល​ពួក​ខ្មែរក្រហម​បាន​យក​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​ពាន់​នាក់ ទៅ​សម្លាប់​កប់​ក្នុង​រណ្តៅ​នៅ​តំបន់​នេះ ។

បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ភ្នំ​ទាំង​១៤​របស់​ខេត្តព្រៃវែង​មាន​ភ្នំ​ចំនួន​៣​ហើយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ក្រុម និង​ក្រុមហ៊ុន​ឯកជន​ចំនួន​៧ កំពុង​ប្រជែង​គ្នា​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ គឺ​ភ្នំ​កំ​ផ្លុ​ក ភ្នំ​ថ្ម​បាញ់ និង​ភ្នំ​ស្លឹកគ្រៃ ។

ភ្នំ​ស្លឹកគ្រៃ និង​ភ្នំ​ថ្ម​បាញ់​គេ​កំពុង​បាញ់​យក​ថ្ម ចង់​រាប​ដល់​ដី​ហើយ ។ ចំណែក​ភ្នំ​កំ​ផ្លុ​ក​គេ​យក​ធ្វើ​ជា​ការដ្ឋាន​កិន​ថ្ម​សម្រាប់​ដឹក​យក​ទៅ​លក់ ។

មន្ត្រី​ជំនាញ​រ៉ែ ធ្លាប់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រសួង​រ៉ែ​និង​ថាមពល ក៏​ដូច​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ តែ​ភ្នំ​ទាំង​៣​នេះ​ទេ គឺ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ទៅ​ធ្វើ​អាជីវកម្ម​ភ្នំ ផ្សេង​ៗ​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ