ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សាលា​រាជធានី​រៀបចំ​ផែនការអភិវឌ្ឍន៍​ទីក្រុង​បែប​ណា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កំណើន​ប្រជាសាស្ត្រ​ក្នុង​ទីក្រុង កំណើន​យានយន្ត និង​មធ្យោ​បាយ​ដឹក​ជញ្ជូន​នានា សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ផែនការ​ថ្មី​សម្រាប់​អភិ​វឌ្ឍន៍​ក្នុង​រយៈពេល​វែង​ខាង​មុខ ដើម្បី​ឲ្យ​រាជធានី​នេះ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។ អភិបាល​រាជធានី​ភ្នំពេញ លោក…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កំណើន​ប្រជាសាស្ត្រ​ក្នុង​ទីក្រុង កំណើន​យានយន្ត និង​មធ្យោ​បាយ​ដឹក​ជញ្ជូន​នានា សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ផែនការ​ថ្មី​សម្រាប់​អភិ​វឌ្ឍន៍​ក្នុង​រយៈពេល​វែង​ខាង​មុខ ដើម្បី​ឲ្យ​រាជធានី​នេះ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ដាក់​ចេញ​នូវ​ផែនការ​ថ្មី​មួយ​នៅ​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លំហូរ​ចរាចរណ៍ ទេសចរណ៍ សោភ័ណ​ភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នៅ​រាជធានី​ភ្នំពេញ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា​ក្នុង​រាជធានី ។ គម្រោង​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ និង​សាលា​ក្រុងប៉ារីស​លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ៖« តំបន់​ស្ថិត​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ​នៃ​ការ​អភិវឌ្ឍ​ធំ​មួយ ដូច្នេះ​ហើយ​ទើប​សាលា​ក្រុងប៉ារីស ដែល​ជាទី​ក្រុង​មានបទពិសោធន៍​នៃ​ការ​រៀបចំ​ទីក្រុង​ឲ្យ​មាន​ភាព​ស្រស់បំព្រង​ចង់​ឲ្យ​តំបន់​នោះ​ក្លាយជា​តំបន់​បៃតង ដែល​មាន​បរិស្ថាន​ល្អ »​។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ ហើយ​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយ​តប​នឹង​កំណើនប្រជាជន​ទីក្រុង ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​រហូត​ដល់​៣,២៥%​ក្នុង​១​ឆ្នាំ​ៗ ។

យោង​តាម​ទិន្នន័យ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចំនួន​ប្រជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូត​ដល់​១,៧​លាន​នាក់ គឺ​ប្រមាណ​ជា​៥៦%​នៃ​ប្រជាពលរដ្ឋ​ទីក្រុង ដែល​ជា​អ្នក​ចំណាកស្រុក ចូល​មក​សិក្សា និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ ។

តំណាង​សាលា​ក្រុងប៉ារីស​នៃ​សាធារណរដ្ឋ​បារាំង លោកស្រី អេ​ឡូ​ឌី គុយ​អង់កា បាន​ថ្លែង​ថា ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ដែល​ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​ជួប​ប្រទះ គឺ​មាន​ការងារ​អាទិភាព​ចំនួន​ពីរ​ត្រូវ​បាន​ដាក់​ឲ្យ​សិក្សា​ដូច​ជា ទី​១-​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង និង​ទី​២ ការ​ពង្រឹង​ការ​រំដោះ​និង​ការ​គ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយ​នឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកជំនាញ​ផ្នែក នគរូបនីយកម្ម និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ខេត្តកណ្តាល​បាន​ថ្លែង​ថា នៅ​ក្នុង​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ មាន​ភាព​ប្រហាក់ប្រហែល​គ្នា ព្រោះ​ប្លង់​គោល​ផ្តោត​សំខាន់​លើ​បញ្ហា​ផ្លូវ និង​ផែនការ​ប្រើប្រាស់​ដី ប៉ុន្តែ​ផែនការ​លម្អិត​មិន​ទាន់​បាន​ធ្វើ​នៅឡើយ​ទេ ហេតុនេះ​វា​ទាមទារ​ឲ្យ​មានការ​សិក្សា​បន្ថែម​ទៀត​នៅ​តាម​បណ្តា​ស្រុក ឬ​ក្រុង​នីមួយ​ៗ​ទៅ​តាម​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ ។

លោក​បន្ត​ថា ៖« អ្វី​ដែល​សំខាន់​តើ​ដី​នីមួយ​ៗ​មានការ​ចុះបញ្ជី​ប្រើប្រាស់​ដីធ្លី​បាន​ត្រឹមត្រូវ​ឬ​យ៉ាងណា និង​ចុះ​ជា​ប្រព័ន្ធ​យ៉ាងដូចម្តេច ដើម្បី​យើង​ដឹង​ប្រាកដ​ថា​តំបន់​នោះ​គួរ​ប្រើ​ប្រាស់​ក្នុង​លក្ខខណ្ឌ​អ្វី និង​គួរ​រៀបចំ​ទំហំ​ផ្លូវ​បែប​ណា ដើម្បី​មាន​ភាព​សម​ស្រប​នឹង​កំណើន​​ប្រជាសាស្ត្រ និង​យានយន្ដ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ