រាជធានីភ្នំពេញ ៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់បង្កឲ្យភ្ញាក់ផ្អើលពលរដ្ឋរត់ចែកជើងគ្នា បម្រុងត្រៀមបង្វិចរត់ ស្មានតែសង្គ្រាមសមរភូមិកើតឡើង ប៉ុន្តែតាមពិតផ្ទុះអាវុធរឿងទំនាស់សម្តីគ្នាក្នុងហាងនំបុ័ងទៅវិញ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅហាងនំបុ័ង ខ្មែរអង្គរ ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលប្រើប្រាស់អាវុធបាញ់ក្នុងហេតុការណ៍នោះឈ្មោះ អ៊ឹម សុថា អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធាភូមិភាគពិសេស មានទីលំនៅក្បែរកន្លែងកើតហេតុ រងរបួសដៃឆ្វេងហូរឈាមកក្លាក់ ។ ចំណែកភាគីម្ខាងទៀតជាកម្មករនៅហាងនំបុ័ងខាងលើ បាននាំគ្នរត់គេចខ្លួនបាត់អស់ ។
ប្រភពពីស្ត្រីឈ្មោះ ពិម សុខះ អាយុ៣៥ឆ្នាំ ឲ្យដឹងថា មុនកើតហេតុ បុរសមានកាំភ្លើងក្រោយពីផឹកស្រវឹងក្នុងភូមិស្រឿងៗដើរទៅរកទិញនំសែនព្រះខែ តែត្រូវក្រុមកម្មករក្នុងហាងប្រាប់តបវិញថា «មាន តែមិនដឹងថាតម្លៃប៉ុន្មាន ចាំសួរថៅកែសិន» បែរជាបុរសខាងលើខឹងក្លាយជាទំនាស់សម្តីរត់ទៅផ្ទះទាញមកវិញកាំភ្លើងម៉ាក រ៉ូឡូ ដល់មុខហាងនំបុ័ងបាញ់ឡើងលើមួយគ្រាប់ធ្វើឲ្យកម្មករ អ្នកភូមិផ្អើលរត់ជាន់ជើងគ្នាសម្រុកចូល ដោយខាងកម្មករមានកាំបិតផងកាប់ទៅលើបុរសជាមន្ត្រីយោធា បណ្តាលឲ្យរងរបួសដៃ ទើបកើតមានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀតផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ទាំងប៉ូលិស ទាំងអាវុធហត្ថទៅដល់កន្លែងកើតហេតុ តែភាគីខាងកម្មករនាំគ្នារត់គេចខ្លួនបាត់អស់ ។
តែបើតាមប្រភពមួយផ្សេងទៀតឲ្យដឹងថា មុនកើតហេតុបុរសយោធាដើរទៅរកទិញនំសែនព្រះខែនៅហាងខាងលើ គាប់ជួនកម្មករក្នុងហាងឈ្លោះប្រកែកគ្នា បុរសខាងលើក៏ចូលទៅឃាត់ បែរជាកើតទំនាស់គ្នាជាមួយកម្មករ ទ្រាំចិត្តមិនបានទៅយកកាំភ្លើងពីផ្ទះមកបាញ់គំរាមមួយគ្រាប់ ទើបធ្វើឲ្យក្រុមកម្មករប្រដាប់ដោយកាំបិតស្ទុះចូលកាប់ បណ្តាលឲ្យរងរបួស ហើយត្រូវបុរសរូបនេះសម្រេចចិត្តបាញ់ឡើងលើបន្ថែម ដើម្បីការពារខ្លួន ។
តែទោះជាយ៉ាងណាក្តី នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន៥គ្រាប់ និងគ្រាប់នៅជាប់ក្នុងកាំភ្លើងមួយគ្រាប់ទៀត ។
ក្រោយពីហេតុការណ៍ផ្ទុះអាវុធកើតឡើងបង្កឲ្យអ្នកមានរងរបួស ភាគីម្ខាងទៀតរត់បាត់ អាវុធហត្ថបានហៅថៅកែហាងនំបុ័ងទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌ ចំណែកបុរសជាមន្ត្រីយោធារងរបួសនោះត្រូវសមត្ថកិច្ចបញ្ជូនឲ្យទៅពេទ្យសិន ។ ហើយសមត្ថកិច្ចក៏កំពុងសាកសួរ និងស្រាវជ្រាវជុំវិញរឿងហេតុខាងលើ ព្រោះមិនទាន់ដឹងថា តើខាងណាខុស ឬខាងណាត្រូវនៅឡើយទេ?
ចែករំលែកព័តមាននេះ