ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ចំនួន​០៨​ចំណុច របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ វិធានការ​ចំនួន​០៨​ចំណុច របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្តន៍​តាម​ភារកិច្ច​របស់​ខ្លួន ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្ត មណ្ឌលគិរី​។…

ខេត្តមណ្ឌលគិរី ៖ វិធានការ​ចំនួន​០៨​ចំណុច របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្តន៍​តាម​ភារកិច្ច​របស់​ខ្លួន ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្ត មណ្ឌលគិរី​។ ការ​ដាក់​ចេញ​នូវ​វិធានការ​ដ៏​ម៉ឺងម៉ាត់​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មន្ទីរ​បរិស្ថាន​ខេត្ត ពិនិត្យ​ឃើញ​ថា របាយការណ៍​ប្រចាំខែ​របស់​ការិយាល័យ ធៀប​នឹង​ទិដ្ឋភាព​ជាក់ស្ដែង គឺ​បាន​បណ្ដាល​ឲ្យ​មានការ​ថ្នាំងថ្នាក់ និង​ការ​ទិតៀន​ពី​សំណាក់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​។

ទន្ទឹម​គ្នា​នេះ មន្ទីរ​បរិស្ថាន​ខេត្ត ក៏​សង្កេត​ឃើញ​ថា បទល្មើស​លួច​កាប់ និង​ដឹក​ជញ្ជូន​ឈើ ការ​ឈូស​ឆាយ កាប់​ឆ្ការ ដុត រុករាន ទន្ទ្រាន និង​កាន់កាប់​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ បាន​កម្រើក​ឡើង​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។ នេះ​បើ​តាម​ទិន្នន័យ​របាយការណ៍​អនុវត្ត​ច្បាប់​ប្រចាំខែ និង​ការ​ចាត់វិធានការ តាម​នីតិវិធី​របស់​ការិយាល័យ​ដែន​។ តាម​រយៈ​លិខិត​មួយ​ច្បាប់ ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ណែនាំ និង​ដាក់​ចេញ​នូវ​វិធានការ​ដែល​ត្រូវ​អនុវត្ត​ដល់​ប្រធាន​ការិយាល័យ​ដែន និង​ប្រធាន​ការិយាល័យ បរិស្ថាន​ក្រុង ស្រុក​ទាំងអស់​ដែល​ចំណុះ​ក្រោម​ឱវាទ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ត្រូវ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ភារកិច្ច​ការងារ​របស់​មន្ត្រីរាជការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។

វិធានការ​ទាំង​០៨​ចំណុច និង​ការ​ណែនាំ​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មាន​ដូច​ខាងក្រោម ៖ ១.​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ចុះ​ល្បាត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឲ្យ​បានជា​ប្រចាំ ដើម្បី​តាមដាន ស្រាវជ្រាវ និង​ទប់ស្កាត់​ការ​លប​លួច​កាប់​ឈើ​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​។ ២.​ពង្រឹង​វិន័យ​ការងារ​ឲ្យ​ម៉ឺងម៉ាត់​បំផុត​នៅ​តាម​ស្នាក់​ការ​អភិរក្ស និង​ក្នុង​ការិយាល័យ​ដែល​បំពេញការងារ​។ ៣.​បន្ត​កិច្ចសហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ភាតរភាព និង​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ទូទៅ​ក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​របស់​មន្ត្រី​បរិស្ថាន​។ ៤.​ទប់ស្កាត់ និង​បង្ក្រាប​ការ​លួច​កាប់​ឈើ​ខុសច្បាប់ ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ និង​ការ​ចូល​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ដោយ​ខុសច្បាប់​។

៥.​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​ធនធានធម្មជាតិ​ដែល​ទាក់ទាញ​វិស័យ​ទេសចរណ៍​។ ៦.​រាល់​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ត្រូវ​ពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រាយការណ៍ និង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ ៧.​មន្ត្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ពុំ​មាន​សិទ្ធិ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​បាន​ឡើយ​។ នាយក និង​នាយករង​ដែនជម្រកសត្វព្រៃ​ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​អនុវត្ត​នីតិវិធី​ឲ្យ​ស្រប​ទៅ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ច្បាប់​ជា​ធរមាន ចៀសវាង​នាំ​ឲ្យ​មាន​កំហុស​ក្នុង​ការ​បំពេញ​មុខងារ ឬ​ខុស​នីតិវិធី បណ្ដាល​ឲ្យ​មានទណ្ឌ​កម្ម​ខាង​វិន័យ​។ ទណ្ឌកម្ម​ខាង​វិន័យ​មិនមែន​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​បណ្ដឹងអាជ្ញា​ទេ ប្រសិនបើ​មាន​បទល្មើស​ណាមួយ​ត្រូវ​បាន ប្រព្រឹត្ត​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​។

៨.​ប្រធាន​ការិយាល័យ​បរិស្ថាន​ក្រុង ស្រុក ត្រូវ​ចូលរួម​តាមដាន ត្រួតពិនិត្យ និង​អនុវត្ត​គោលការណ៍​ណែនាំ របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ក្នុង​រង្វង់​សមត្ថកិច្ច​ក្រុង និង​ស្រុក លើ​ការងារ​សម្របសម្រួល​កិច្ច​ការងារ​គាំពារ​បរិស្ថាន និង​ការងារ​អភិរក្ស​ធនធាន​ជីវៈចម្រុះ ជា​ពិសេស​ការងារ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុកលើ​ការងារ​បរិស្ថាន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ វិធានការ​ទាំង​០៨​ចំណុច មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី ក៏​បាន​ស្នើ​ឲ្យ​ប្រធាន​ការិយាល័យ​ទាំងអស់ ចាត់ចែង និង​អនុវត្ត​នូវ​វិធានការ​ដែល​បាន​ដាក់​ចេញ​ខាងលើ​នេះ​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ