ខេត្តព្រៃវែង ៖ ភ្នំសំពៅក្រៅពីមានប្រវត្តិទាក់ទង និងរឿងព្រេងនិទានហើយនោះ ភ្នំនេះក៏ត្រូវបានក្រុមគ្រួសារអាណិកជនខ្មែរ នៅសហរដ្ឋអាមេរិកមួយឈ្មោះ លោកស្រី អេឡែន រៀបចំកែលំអទៅជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយដែលមានឈ្មោះ ថា រមណីដ្ឋាននគរភ្នំ ។
អាជ្ញាធរស្រុកបាភ្នំបានឲ្យដឹងថា ពីដំបូងមានសប្បុរសជននៅសហរដ្ឋអាមេរិកមួយក្រុមបាននាំគ្នាមកលេងនៅលើភ្នំនេះ ហើយបានប្រមូលថវិកាគ្នាកសាងបានជណ្តើរមួយ នៅខាងជើងភ្នំ មានកាំជណ្តើរចំនួន១៣៣កាំ ។ ក្រោយមកនៅឆ្នាំ២០០០ ដោយមានការអនុញ្ញាតពីអាជ្ញាធរ និងខាងក្រសួងផងនោះក្រុមគ្រួសារលោកស្រី អេឡែន អាណិកជននៅសហរដ្ឋអាមេរិកក៏បានធ្វើជណ្តើរឡើងពីជើងភ្នំមកដល់ចង្កេះភ្នំ ចំនួន២ថែមទៀត គឺជណ្តើរខាងកើតភ្នំមួយ និងខាងកើតឈាងខាងត្បូងភ្នំមួយ និងចាប់ផ្តើមរៀបចំធ្វើប្រាសាទនៅលើភ្នំនេះជាបន្តបន្ទាប់រហូតស្ទើពេញភ្នំទៅហើយ និងពេលនេះក៏កំពុងកសាងស្រះផ្កាឈូករូបចម្លាក់មនុស្ស និងទេវតាបន្ថែមទៀតផង ។
ក្បាច់រចនានៃតួប្រាសាទ និងរូបចម្លាក់នីមួយៗ គួបផ្សំជាមួយនឹងទេសភាពនៃផ្ទាំងថ្មធំៗជាច្រើនព្រមទាំងទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅលើភ្នំនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ នៅក្នុងរដូវបុណ្យទានរៀងរាល់ឆ្នាំ ប៉ុន្តែក្រៅពីរដូវបុណ្យទានភ្នំសំពៅនេះក៏មានសភាពស្ងប់ស្ងាត់ដែរ ព្រោះមិនសូវមានអ្នកមកលេងកម្សាន្តនោះទេ ។
នៅពេលដែលភ្ញៀវទេសចរឈានជើងចូលដល់ជើងភ្នំសំពៅនេះគេ និងបានឃើញជណ្តើរដ៏ស្រស់ស្អាតចំនួន៣ ដែលកសាងឡើង ដើម្បីនាំអ្នកទេសចរទៅលើភ្នំ ក្នុងនោះ បើគេឡើងតាមជណ្តើរធំដែលនៅខាងមុខភ្នំ ក្នុងទិសប៉ែកខាងកើតឈាងខាងត្បូងគេត្រូវដើរឡើងតាមកាំជណ្តើរចំនួន៣៧៥កាំ ទើបទៅដល់ដំណាក់ទី៣ នៃតួភ្នំត្រង់ចំណុចអាស្រម លោកយាយធំបង្អស់នៃភ្នំសំពៅដែលនៅខាងមុខអាស្រម មានសាលាឆទាន២ សម្រាប់ឲ្យភ្ញៀវទេសចរអង្គុយយកខ្យល់អាកាស និងសម្រាកពីការនឿយហត់ ។
ចំណែកនៅខាងក្រោយអាស្រមនោះមានប្រាសាទចំនួន៥ប្រកបដោយក្បាច់រចនាយ៉ាងស្រស់ឆើតឆាយ សម្រាប់ឲ្យអ្នកទេសចរទស្សនាកម្សាន្ត ។ ប៉ុន្តែបើកគេឡើងតាមជណ្តើរខាងកើតដែលមាន១៤៣កាំ និងជណ្តើរខាងជើងដែលមាន១៣៣កាំ គេនិងឡើងដល់ត្រឹមដំណាក់ទី១ ត្រង់ចំណុចអាស្រមលោកយាយព័ន្ធកាឡី បន្ទាប់មកគេត្រូវបន្តដំណើរតាមជណ្តើររួមមួយទៀត ឡើងទៅលើដែលមានចំនួន២៤៦កាំ គេនឹងទៅដល់ដំណាក់ទី៣ ត្រង់ចំណុចអាស្រមលោកយាយធំដដែល ប៉ុន្តែបើគេកាច់បត់ស្តាំនៅត្រង់កណ្តាលផ្លូវឡើងតាមជណ្តើរ១ទៀតដែលមាន៩៨កាំ គេ និងទៅដល់ដំណាក់ទី២ ដែលនៅទីនោះមានប្រាសាទចំនួន៤ និងអាស្រមលោកតាឥសីមួយ បន្ទាប់មកបើគេឡើងតាមជណ្តើរចំនួន៥៦កាំទៀត គេ និងឡើងទៅដល់ដំណាក់ទី៣ អាស្រមលោកយាយធំ ទើបបន្តឡើងតាមជណ្តើរចំនួន៧៥កាំទៀត និងបានទៅដល់ដំណាក់ទី៤ ចុងក្រោយគេបង្អស់ ដែលនៅទីនោះមានអាស្រមពុទ្ធរូបមួយព្រះអង្គដ៏ធំ និងនៅខាងក្រោយអាស្រមមានរូបសំណាកលោកតាម្ចាស់ភ្នំដ៏ធំមួយឈរយ៉ាងអង់អាចក្លាហាន ចាំមើលការខុសត្រូវនៅលើភ្នំនេះ ហើយនៅក្រោយខ្នងលោកតាម្ចាស់ភ្នំក៏មានសាលាឆទានមួយទៀត សម្រាប់ឲ្យអ្នកទេសចរសម្រាកយកខ្យល់អាកាសផងដែរ ។
ទោះជាយ៉ាងណាក៏ដោយទាំងប្រជាពលរដ្ឋក៏ដូចជា អាជ្ញាធរមូលដ្ឋានក្នុងស្រុកបាភ្នំនេះបានអះអាងថា រមណីយដ្ឋាននគរភ្នំនេះត្រូវការកសាង និងការអភិវឌ្ឍជាច្រើនថែមទៀត ដើម្បីឲ្យរមណីដ្ឋានមួយនេះកាន់តែមានភាពស្រស់ស្អាត និងអាចទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាលេងកម្សាន្តកាន់តែច្រើនថែមទៀត ទាំងក្នុងរដូវបុណ្យទានផ្សេងៗ និងនៅក្នុងថ្ងៃធម្មតា ប៉ុន្តែពេលនេះនៅមិនទាន់មានអ្នកវិនិយោគ ឬដៃគូអភិវឌ្ឍណាមួយចូលមកទាក់ទង និងអាជ្ញាធរ ដើម្បីធ្វើការកែលំអតំបន់នេះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ