មានបញ្ជា៖ ធ្វើយ៉ាងណាឱ្យឆ្នេរធម្មជាតិនេះ នៅដូចដើម…!
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ទីបំផុត សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានដាក់បទបញ្ជាឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…
ខេត្តព្រះសីហនុ ៖ ទីបំផុត សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានដាក់បទបញ្ជាឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…
ខេត្តព្រះសីហនុ ៖ ទីបំផុត សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានដាក់បទបញ្ជាឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីឱ្យកាយដីនោះចេញវិញ ដោយធ្វើយ៉ាងណា ឱ្យឆ្នេរធម្មជាតិនេះនៅដូចដើម ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនៅរសៀលថ្ងៃទី១៨ កញ្ញា ។
ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់នេះនៅរសៀលថ្ងៃដដែលនេះ ឃើញលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែង ដោយដើរលើដីក្រហមដែលគេចាក់លើឆ្នេរសមុទ្រ ។ ក្រោយពីបានចុះពិនិត្យអស់រយៈពេលជាងមួយម៉ោងរួចមក ទីតាំងចាក់ដីដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជននោះ ត្រូវបានលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បញ្ជាឱ្យក្រុមការងារយកគ្រឿងចក្រចំនួន០៣គ្រឿង រួមជាមួយរថយន្តជាច្រើនគ្រឿង កាយដីចេញវិញជាបណ្តើរៗហើយ ដោយពុំមានការយោគយល់នោះទេ ព្រោះការចាក់ដីរំលោភឆ្នេរចូលទៅក្នុងសមុទ្រនេះ វាពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន និងវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ។
ជុំវិញបញ្ហានេះបណ្តាញសារព័ត៌មានពុំអាចធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានទេ ដោយលោកកំពុងមមាញឹកញើសហូរសស្រាក់ក្នុងកិច្ចការបន្ទាន់មួយនេះ ។ ឆ្លើយតបទៅយុទ្ធនាការដ៏ក្តៅគគុកនេះមហាជន អង្គការសង្គមស៊ីវិលមួយចំនួនបានសម្តែងការសាទរយ៉ាងខ្លាំងទៅនឹងចំណាត់ការរបស់លោក ជា សុផារ៉ា ដែលបានចុះមកពិនិត្យផ្ទាល់ និងបញ្ជាឱ្យកាយដីចេញពីសមុទ្រវិញ ប៉ុន្តែជាមួយបញ្ហាដូចគ្នានេះដែរ មហាជនគ្រប់មជ្ឈដ្ឋានក៏សូមអំពាវនាវដល់លោកឧបនាយករដ្ឋមន្ត្រីសូមមេត្តាចុះពិនិត្យ និងស្រាវជ្រាវបន្ថែមទៀតនូវភាពមិនប្រក្រតីដូចគ្នានេះ ជុំវិញការរំលោភចំណីអូរ ចំណីព្រែក ចំណីសមុទ្រជាច្រើនកន្លែងផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ ដូចជានៅតំបន់អូរត្រេះ តំបន់ពយកំពេញ គេសង់លុបឆ្នេរតំបន់ក្បែរឆ្នេរសុខា តំបន់កោះរ៉ុង និងតំបន់ឆ្នេរសមុទ្ររាមជាដើម ។ល។ ព្រមទាំងសូមឱ្យមានវិធានការឱ្យបានក្តៅដូចពេលនេះ ព្រោះការរំលោភចំណីសមុទ្រមានច្រើនកន្លែងណទៀតនៅក្នុងខេត្តព្រះសីហនុ ។
មុននេះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដែលអាចអនុញ្ញាតឲ្យអភិវឌ្ឍន៍នៅតំបន់ឆ្នេរបានត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រពីឆ្នេរ ឬឆ្ងាយជាងនេះ។
លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឱ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិនទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរក្នុងស្រុក ។ ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ។
របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៧៤ម៉ឺននាក់ កើន១៥% ។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន១៦,៣៧% ។
តាមការព្យាករ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៨លាននាក់ ។ ដោយមើលឃើញពីសក្តានុពលនេះ លោក រដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ មានចំណាត់ការឱ្យបានតឹងរ៉ឹងក្នុងការថែរក្សាឆ្នេរសមុទ្រនេះ កុំឱ្យមានការសាងសង់រំលោភនិងទន្ទ្រានផ្សេងៗ ៕
ចែករំលែកព័តមាននេះ