ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ខ្មែរ​ឈាន​ទៅ​ដួល​រលំ​ម្តងទៀត​ឬ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផលិតករ​ពីរ​នាក់​គឺ​លោក ឆាយ បូ​រ៉ា និង​លោក​ខាំ ភូ​រិ បាន​សម្តែង​ក្តី​បារម្ភ​​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​ទៅ​លើ​ខ្សែភាពយន្ត​ខ្មែរ ក្នុង​ពេល​ដែល​ខ្សែភាពយន្ត​ថៃ ចាក់​ផ្សាយ​ស្ទើរតែ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់…

រាជធានី​ភ្នំពេញ ​៖ ​ផលិតករ​ពីរ​នាក់​គឺ​លោក ឆាយ បូ​រ៉ា និង​លោក​ខាំ ភូ​រិ បាន​សម្តែង​ក្តី​បារម្ភ​​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​ទៅ​លើ​ខ្សែភាពយន្ត​ខ្មែរ ក្នុង​ពេល​ដែល​ខ្សែភាពយន្ត​ថៃ ចាក់​ផ្សាយ​ស្ទើរតែ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់ ។ បញ្ហា​នេះ​ត្រូវ​ផលិត​ករ​​ខ្លះ​យល់​ឃើញ​ថា អាច​មក​ពី​កត្តា​មួយ​ចំនួន ដោយនៅ​ក្នុង​នោះ​មាន​កត្តា​ផលិត ការ​និយម​ទស្សនា​របស់​ទស្សនិកជន​ខ្មែរ ការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​ពាក់ព័ន្ធ​ហាក់​នៅ​មាន​កម្រិត ជាមួយនឹង​ការ​គិត​ពី​ផល​ចំណេញ​របស់​បណ្តា​ស្ថានីយទូរទស្សន៍​នានា​នោះ​ផង​នោះ​។

កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៨​អ្នកដឹកនាំ​រឿង​លោក​ខាំ ភូ​រិ បាន​លើក​ឡើង​តាម​ហ្វេ​ស​ប៊ុ​កថា ស្ថានីយទូរទស្សន៍​ស្ទើរតែ​ទាំងអស់​ចាប់ផ្តើម​ចាក់​ផ្សាយ​រឿង​ភាគ​ថៃ​ឡើង​វិញ​ហើយ ឆន្ទៈ​មិន​អាច​ប្រៀប​សេដ្ឋកិច្ច​បាន​ទេ ។ ចុះ​រឿង​ខ្មែរ​អាច​ឈាន​ទៅ​រក​ការ​ដួល​រលំ​ម្តង​ទៀត​​ហើយ​មែន​ទេ? នៅទេ​…! គ្មាន​កំហុស​អ្នក​ណា​ទេ ព្រោះ​អ្នក​មើល​ទទួល​យកបែប​នេះ បែប​នេះ​មាន​ន័យ​ថា​គាត់​មិន​ខ្វល់​រឿង​អ្វី​ក្រៅពី​ការ​កម្សាន្ត​អារម្មណ៍ មាន​តណ្ហា​លើ​អ្វី​ដែល​ចូល​ចិត្ត ។

ទាំង​សមត្ថភាព​ផលិត ធនធានមនុស្ស និង​ហិរញ្ញវត្ថុ យើង​មិន​អាច​ប្រៀប​ជាមួយ​គេ​ទេ នោះ​មិន​និយាយ​ដល់​ពី​ការ​ជ្រោមជ្រែង​របស់​ផ្នែក​រដ្ឋ​ផង ។ បើ​មិន​ចាក់​រឿង​ថៃ គ្មាន​រឿង​បរទេស​ផ្សេង​ចាក់​មែន​ទេ ? មាន តែ​មនុស្ស​ខ្មែរ​ភាគច្រើន​ចូល​ចិត្ត​មើល ។ ចុះ​រឿង​ខ្មែរ ? រឿង​ខ្លះ​មានគុណ​ភាព រឿង​ខ្លះ​គ្មាន​គុណភាព ផលិតករ​ខ្លះ ៦​ខែ​ផលិត​៣​រឿង ក្នុង​ពេល​តែ​មួយ ។ ហេតុ​អី ? សេដ្ឋកិច្ច ចង់​ចំណេញ​។ គ្មាន​ឆន្ទៈ​ទេ ? មាន តែ​ឆន្ទៈ​ស៊ី​អី​កើត ។ ចុះ ក្មេង​ៗ​បច្ចុប្បន្ន​អត់​សមត្ថភាព​ផលិត ? មាន ធ្វើ​ល្អ ពេល​ខ្លះ​ហ៊ាន​និយាយ​ថា​អាច​ល្អ​ជាង​បរទេស​ទៀត​បើ​បរិយាកាស​សេដ្ឋកិច្ច​ផ្តល់​ឲ្យ​គ្រប់គ្រាន់ ជា​ឧទាហរណ៍​មាន​ស្រាប់​ហើយ​កាលពី​កន្លង​មក​នោះ ។

គួរ​ឈប់​ផលិត​ទេ​បើ​គ្មាន​អ្នក​មើល ? មិន​ឈប់​ទេ ទោះ​ក្នុង​រោង​ភាពយន្ត​មាន​តែ​មនុស្ស​ម្នាក់​មើល ឬ​មុខ​កញ្ចក់​ទូរទស្សន៍​បើក​ចោល​គ្មាន​អង្គុយ​ពីមុខ ព្រោះ​វិស័យ​នេះ​វា​បាន​ផ្សាយ​ពីមុខ​មាត់​ជាតិ​ឲ្យ​គេ​ស្គាល់ យ៉ាង​ហោច​ណាស់​យក​ផុស​ក្នុង​បណ្តាញ​សង្គម​ក្រែង​មាន​អ្នក Like បួនដប់​នាក់​ដែរ »​។

ចំណែក​ផលិតករ និង​ជា​ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លោក​ឆាយ បូ​រ៉ា បាន​ត្អូញត្អែរ​តាម​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា «​នឿយ​ណាស់​ហើយ ទោះ​ចង់​សម្រាក​ក៏​មិន​អាច​ទាន់​សម្រាក​បាន ។ ភាពយន្ត​ខ្មែរ​នៅ​លើ​ផ្លូវ​ដ៏​សែន​លំបាក ។ លេច អណ្តែត ហើយ​រសាត់​ដូច​ចក​កណ្តាល​ជលសារ​។ តែ​ក៏​មាន​អ្នក​ដេក​សោយសុខ ធ្វើ​មានបាន​លើ​គំនរ​ទុក្ខ​នេះ​ដែរ ។ បើ​មិន​ប្រឹង​ទេ ១០០០​នាក់ ពិតជា​បាត់បង់​ការងារ​ធ្វើ ។

បើ​មិន​ប្រឹង​ភាពយន្ត​បរទេស​នឹង​គ្របដណ្តប់ លើ​វិស័យ​ភាពយន្ត​ខ្មែរ​។ វិស័យ​នេះ​បាត់​បង់ ជាតិ​យើង​ប្រៀប​ដូច​ជា​មនុស្ស​ពិការ ដែល​មិន​អាច​សូ​ម្បី​តែ​រំកិល​ទៅ​មុខ ។ វិស័យ​នេះ​បាត់បង់ ពិភពលោក​ស្គាល់​ខ្មែរ​បាន​ត្រឹមតែ​របប​វាល​ពិឃាត និង​មិន​មាន​អ្វី​ផ្សេង​ទៀត​ដើម្បី​ប​ង្អូ​ត​ពិភពលោក​សោះឡើយ​។ ឈប់​នាំ​គ្នា​ដើរ គើ​ម​ៗ​ដូច​គីង្គក់​ទៀត​ទៅ ត្រូវ​នាំ​គ្នា​ស្វាហាប់ រត់​ឲ្យ​បាន​លឿន ឲ្យ​ទាន់​ប្រទេស​ជិតខាង »​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​ទាំងនោះ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ប៉ុក បូ​រក្ស បាន​ចូលរួម​ជា​យោបល់​ថា​«​ខ្ញុំ​ពិតជា​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​នូវ​ស្ថានភាព​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ពិសេស​ភាពយន្ត​ភាគ​ទូរទស្សន៍ ដែល​ត្រូវ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ជាមួយនឹង​ភាពយន្ត​ភាគ​បរទេស ពិសេស​ភាពយន្ត​ថៃ ។ ខ្ញុំ​ទទួលស្គាល់ បើ​ប្រៀបធៀប​ពី​កម្រិត​គុណភាព គឺ​យើង​ពិតជា​នៅ​ក្រោយ​គេ​ឆ្ងាយ »​។

ប្រភព​ដដែល​លើក​ឡើង​ថា បច្ចុប្បន្ន​ភាពយន្ត​ភាគ​ថៃ ដែល​នាំ​ចូល​មក​ចាក់​បញ្ចាំង​នៅ​កម្ពុជា គឺ​មាន​តម្លៃ​ចន្លោះ​ពី​១.០០០​ដុល្លារ ទៅ​២.០០០​ដុល្លារ ក្នុង​១​ភាគ =៤០​នាទី ។ តម្លៃ​នេះ គឺជា​តម្លៃ​បូក​សរុប​ទាំង​ការ​បកប្រែ និង​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ​យ៉ាង​ពីរោះ ។

ការ​នាំ​ចូល​ភាពយន្ត​ភាគ​សម្រាប់​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ គឺ​មិន​ជាប់​បន្ទុក​ពន្ធដារ គយ និង​កម្រៃ​សេវា​សាធារណៈ​ផ្សេង​ទេ មាន​ន័យ​ការ​ចាក់​បញ្ចាំងភាពយន្ត​ភាគ​ថៃ គឺ​មិន​មាន​ទិដ្ឋាការ​អនុញ្ញាត​ឡើយ ។ បើ​យើង​ប្រៀបធៀប​ជាមួយនឹង​ការ​ផលិតភាព​យន្ត​ភាគ​ទូរទស្សន៍​ខ្មែរ​វិញ​យើង​ឃើញ​ថា ផលិតករ​ភាពយន្ត​ខ្មែរ​បាន​ទទួល​ថវិកា​ពី​ទូរទស្សន៍​ដើម្បី​ផលិត​ក្នុង​១​ភាគ​=៤០​នាទី គឺ​៣០០០​ដុល្លារ ទៅ​៥០០០​ដុល្លារ (​ថៃ​ផលិត​១​ភាគ ចន្លោះ​ពី​៥០.០០០​ដុល្លារ ទៅ​១០០.០០០​ដុល្លារ​) ដូចនេះ​គុណភាព​នៃ​ការ​ផលិត​គឺ​មិន​អាច​ប្រៀប​គ្នា​បាន​ទេ ។

ដោយសារ​គុណភាព​ភាពយន្ត​ខ្មែរ​ទាប​ជាង​ថៃ ដូចនេះ​មិន​អាច​ទាក់ទាញ​ទស្សនិកជន​មើល​បាន​ច្រើន​ទេ ហើយ​កត្តា​នេះ​ធ្វើ​ឲ្យ​អ្នក​ឧបត្ថម្ភ​របស់​ទូរទស្សន៍​ក៏​មិន​ចាប់អារម្មណ៍​ជួយ​ឧបត្ថម្ភ​បាន​ច្រើន​ដែរ ដែល​នាំ​ឲ្យ​ទូរទស្សន៍​មិន​ចំណេញ​។ ទាំងនេះ​យើង​មិន​ទាន់​និយាយ​ដល់​កាតព្វកិច្ច​ពន្ធដារ​មួយ​ចំនួន ដែល​ផលិតកម្ម​ភាពយន្ត​ខ្មែរ​ជាប់​បន្ទុក​ផង ។

លោក​ប៉ុក បូ​រក្ស ថ្លែង​ថា​«​ខ្ញុំ​ចង់​បញ្ជាក់​ថា ភាពយន្ត​ភាគ​ថៃ​ល្អ​ជាង​ភាពយន្ត​ភាគ​ខ្មែរ រីឯ​តម្លៃ​នៃ​ការ​នាំ​ចូល​វិញ គឺ​ថោក​ជាង ការ​ផលិត​ក្នុងស្រុក ដូចនេះ​ចង់​មិន​ចង់​ទូរទស្សន៍​ត្រូវ​គិត​ពី​សេដ្ឋកិច្ច ជាង​ឆន្ទៈ មនសិការ​ជាតិ ។ តើ​ក្រសួង​ស្ថាប័ន​គ្រប់គ្រង​(​វប្បធម៌​-​ព័ត៌មាន​) មាន​វិធានការ​ទេ ចំពោះ​បញ្ហា​ប្រឈម​នេះ ? ពន្ធគយ​លើ​ការ​នាំ​ចូល​ផលិតផល​ភាពយន្ត​បរទេស គឺជា​ចំណុច​មួយ​ដែល​អាច​ដាក់បន្ទុក ក៏​ប៉ុន្តែ​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន ការ​កំណត់​ពន្ធគយ គឺ​ស្មើ​សូន្យ ។

ដូចនេះ​មាន​តែ​វិធានការ​កំណត់​កម្រៃ​សេវា​សាធារណៈ (​តម្លៃ​អាជ្ញាប័ណ្ណ​ចាក់​បញ្ចាំង​លើ​ការ​បកប្រែ​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ ) គឺជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​បង្កើន​តម្លៃ​នៃ​ការ​នាំ​ចូល​ភាពយន្ត​ភាគ​បរទេស​ឲ្យ​មាន​សមតុល្យ​នឹង​តម្លៃ​នៃ​ការ​ផលិត​ក្នុងស្រុក ។ ការ​បង្កើត​ឲ្យ​មាន​បទ​ប្បញ្ញត្តិ​លើ​ប្រព័ន្ធ​កូតា​នៃ​ការ​នាំ​ចូល​ភាពយន្ត​ភាគ​បរទេស គឺជា​ចំណុច​ដែល​គួរ​ត្រូវ​យក​មក​សិក្សា​(​បច្ចុប្បន្ន​ការ​ផលិតភាព​យន្ត​ភាគ​ទូរទស្សន៍​ក្នុងស្រុក មាន​ចំនួន​ប្រហែល​១.០០០​ភាគ​ក្នុង​មួយ​ឆ្នាំ បៀ​ប​ធៀប​នឹង​ភាពយន្ត​ភាគ​បរទេស​នាំ​ចូល​ជិត​២០.០០០​ភាគ​ក្នុង​មួយ​ឆ្នាំ​) ។

រាជរដ្ឋាភិបាល បាន​បង្កើត​រួច​ហើយ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្រួល​លើ​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា ដែល​គណៈកម្មការ​នេះ មាន​ភារកិច្ច​ពិនិត្យ និង​ផ្តល់​ការ​សម្រប​សម្រួល​​លើ​ទីតាំង​ថត​នានា ការ​នាំ​ចូល​សម្ភារ​សម្រាប់​បម្រើ​ការ​ថត​ជាដើម ។ វិស័យ​មួយ​គ្រប់គ្រង​ដោយ​ស្ថាប័ន​ពីរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ