បទ​ចម្រៀង​ជួយ​ដាស់តឿន​កូនចៅកុំ​ភ្លេច​អ្នក​មានគុណ​


រាជធានី​ភ្នំពេញ​៖​រដូវ​បុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ជិត​ឈាន​ចូល​មក​ដល់ មិន​ខុស​ពី​បណ្តា​ឆ្នាំ មុន​ៗ​ទេ ផលិតកម្ម​នានា​បាន​ចេញ​បទ​ចម្រៀង ថ្មី​ៗ​ជា​បន្តបន្ទាប់ មាន​ខ្លឹមសារ​ដាស់តឿន អប់រំ ឲ្យ​នឹកនា​ធ្វើបុណ្យ​ជាមួយ​ឳ​ពុក ម្តាយ ជីដូន​ជីតា នៅ​ឯ​ស្រុក ទាន់​ពេល​ពួក​គាត់​នៅ​មានជីវិត ។

ផលិតកម្ម​នៅ​ក្នុងស្រុក ធំ​ៗ​ចំនួន​៣ ខ្លះ​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ដែល​និយាយ​ពី​រដូវ​បុណ្យ​​ភ្ជុំ ខណៈ​ពេល​ផលិតកម្ម​២​ទៀត​ក្រើន​រលឹក​តាម​រយៈ​បទ​ចម្រៀង ចាស់​ៗ​របស់​ខ្លួន កុំ​ឲ្យ​ភ្លេច​ម៉ែឪ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។

អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ផលិតកម្ម​ថោ​ន​លោក​យឹ​ម តា​ស្រង់ កាលពី​ពេល ថ្មី​ៗ​កន្លង​បាន​បង្ហោះ​បទ​ចម្រៀង​ជា​ស្នាដៃ​របស់​ខ្លួន​ក្រោម​ចំណងជើង​ថា «​មាន​ពេល មាន​ប្រាក់ តែ​បាត់​ពុក​ម៉ែ​» ដែល​ច្រៀង​ដោយ​អ្នក​នាង​មាស សុខ​សោភា ជាមួយនឹង​សារ​ថា «​ជិត​ភ្ជុំ​បិណ្ឌ​​ហើយ ខ្ញុំបាទ​យឹ​ម តា​ស្រង់ សូម​រំលឹក​ស្នាដៃ​និពន្ធ​បទ​ថ្មី​ចូលរួម​ជាមួយ​ភ្ជុំបិណ្ឌ​កាល​ពី​ឆ្នាំ ចាស់​ៗ​កន្លង​មក​ក្រោម​ចំណងជើង​ថា «​មាន​ពេល មាន​ប្រាក់ តែ​បាត់​ពុក​ម៉ែ​» ។

បទ​នេះ​ឆន្ទៈ​ពិតប្រាកដ​របស់ខ្ញុំ​គឺ​និពន្ធ​ក្រើនរំលឹក​អ្នក​ស្តាប់​ទាំងអស់​កុំ​វក់​នឹង​ការងារ​ខ្លាំង​ហួសហេតុ​រហូត​ដល់​ភ្លេច​ថែរក្សា ឬ​ឆ្លៀតពេល​ដើម្បី​អ្នក​មានគុណ​ទាំង​ពីរ ដើម្បី​ចៀស​វាង​​នូវ​ការ​សោកស្តាយ មាន​វិប្បដិសារី​យ៍​ដូច​ក្នុង​ខ្លឹមសារ​បទ​ចម្រៀង​ដែល​ខ្ញុំ​បាន​និពន្ធ​នេះ ។

ខ្ញុំបាទ​គ្មាន​ទ្រព្យធន​អ្វី​ដុំ​កំភួន​ដើម្បី​ចូលរួម​ទេ​គឺ​មាន​តែ​ទឹក​ប៊ិក​បញ្ចូល​នូវ​ខ្លឹមសារ​ក្រើនរំលឹក​ដល់​ប្រជាជន​ខ្មែរ​គ្រប់​រូប​តាម​បទ​ចម្រៀង »​។

ចំណែក​ផលិតកម្ម​សាន់​ដេ​វិញ​បាន​បង្ហោះ​បទ​ចាស់​របស់​លោក​ឆាយ វី​រៈ​យុទ្ធ មាន​ចំណង​ជើង​ថា «​រដូវ​បុណ្យ​ភ្ជុំ​កូន​យំ​នឹក​ស្រុក​»​ជាមួយនឹង​សារ​ថា ភ្ជុំបិណ្ឌ​ជិត​មក​ដល់​ហើយ​ប្រិ​យ​មិត្ត សុំ​រំលឹក​បទ​ចម្រៀង​របស់​លោក​ឆាយ វី​រៈ​យុទ្ធ មួយ​បទ​ដែល​កន្លង​ទៅ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ។

បទ​នេះ​បង្ហាញ​ពី​អារម្មណ៍​នឹករលឹក​ដល់​ពុក​ម៉ែ​នៅ​ឯ​ស្រុក​កំណើត ដែល​កូន​ឃ្លាតឆ្ងាយ​មក​ធ្វើការ មិន​អាច​នៅ​ថែរក្សា​លោក​ទាំង​ពីរ​បាន ប៉ុន្តែ​ភ្ជុំបិណ្ឌ​នេះ​បាន​ប្រាក់​កូន​នឹង​ទៅ​លេង​លោក​ទាំង​ពីរ​ជា​ពុំខាន ។ ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​កុំ​ភ្លេច​ទៅ​លេង​ពួក​គាត់​ទាំងអស់​គ្នា​ណា ពួក​គាត់​កំពុង​តែ​ទន្ទឹង​ចាំ​ផ្លូវ​យើង​ទាំងអស់​គ្នា ។

ដោយឡែក​សម្រាប់​ផលិតកម្ម​ហង្ស​មាស​វិញ បទ​ចម្រៀង​ចេញ​ថ្មី​មួយ​បទ​ច្រៀង​ដោយ​កញ្ញា​សួ​ស វី​សា មាន​ចំណងជើង​ថា «​ខែ​ភ្ជុំ​នឹក​ស្រុក​» និង​លោក​ខេមរៈ សិរីមន្ត មាន​ចំណងជើង​ថា «​ភ្ជុំ​ហើយ​» ដែល​សុទ្ធ​ជា​បទ​ចម្រៀង​ទាក់ទង​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ការ​ដាស់តឿន​ក្រើនរំលឹក​ឲ្យ​នឹកនា​ធ្វើបុណ្យ​នឹង​ឪពុក​ម្តាយ ។

ជាមួយនឹង​ការ​ចេញ​បទ​ចម្រៀង​ទាំង​អស់នោះ ផលិតកម្ម​ខាងលើ​ក៏​បាន​ភ្ជាប់​សារ​ដ៏​ខ្លី​ថា «​រដូវ​ភ្ជុំ​កាន់តែ​ខិត​ជិត​មក​ដល់ ! កុំ​ភ្លេច​ព្រះ​រស់ កុំ​ភ្លេច​វត្តវ៉ា កុំ​ភ្លេច​ស្រុក​កំណើត ទើប​ធ្វើ​ឲ្យ​ចិត្ត​កាយ​ជួប​តែ​សេចក្តីសុខ »​។

បទ​ចម្រៀង​ទាំង​អស់នោះ​គឺ​សុទ្ធតែ​មាន​អត្ថន័យ​ស្រ​ដៀង​គ្នា បាន​ដាស់តឿន ក្រើនរំលឹក​ដល់ កូន​ៗ​ទាំងឡាយ នៅ​ពេល​ដែល​បាន​ធ្វើការ​ចាក​ឆ្ងាយ​ស្រុក ឪពុក​ម្តាយ​ហើយ​នោះ ត្រូវ​រូតរះ​ទៅ​ជួប​ឪពុក​ម្តាយ​កុំ​ឲ្យ​ខាន​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ ឪពុក​ម្តាយ​ចាត់ទុកជា​ព្រះ​រស់ ដែល​តែងតែ​ទន្ទឹងរង់ចាំ​កូន​ទៅ​ជួបជុំ​គ្នា ដើម្បី​មានឱកាស​ធ្វើបុណ្យ​ជាមួយ​គ្នា កុំ​ព្រោះតែ​ការងារ​សំខាន់​ជាង​ឪពុក​ម្តាយ​ចាស់ ប្រយ័ត្ន​ទាល់តែ​បាត់បង់​ទើប​ពោល​ពាក្យ​ស្តាយក្រោយ ។

ជនជាតិ​ខ្មែរ បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង​១​រោច ខែភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥​រោច មាន​រយៈពេល​១៥​ថៃ្ង ដែល​ហៅ​ថា​បិណ្ឌ​១, បិណ្ឌ​២ … និង​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង​«​ភ្ជុំបិណ្ឌ​»៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ