ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានប្រតិកម្មពីសំណាក់មហាជនពាក់ព័ន្ធទីតាំងសំណង់មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដែលបានលបលួចសាងសង់នោះនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះត្រូវបានក្រុមការងារថ្នាក់ក្រុង-ខេត្ត ដឹកនាំដោយលោក លី ចិត្តនិយម មន្ត្រីសាលាខេត្តចុះធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ដោយទុកឲ្យរុះរើដោយខ្លួនឯង ។
ឆ្លើយតបក្នុងឱកាសចុះធ្វើការហាមឃាត់លោក លី ចិត្តនិយម បានគូសបញ្ជាក់ថា ទីតាំងសំណង់មួយនេះពុំទាន់មានច្បាប់នោះទេ ដោយម្ចាស់សំណង់បានលបលួចសាងសង់ ដោយខុសច្បាប់ ។ ហេតុនេះដោយសារមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្តក៏ដូច លោក អ៊ី សុខឡេង អភិបាលក្រុងបានបញ្ជាឲ្យក្រុមការងាររបស់លោកចុះមកផ្ទាល់ដល់ទីតាំង សំណង់ជាបន្ទាន់ ដោយពុំអនុញ្ញាតសាងសង់ជាដាច់ខាតដោយទុករយៈពេល១៥ថ្ងៃ បើ ពុំដូចនោះទេរដ្ឋបាលខេត្តនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ដោយមិនទទួលខុស ត្រូវចំពោះការខូចខាតឡើយ ។
លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបញ្ឈប់សកម្មភាពរំលោភឆ្នេរផ្លូវចំណីសមុទ្រចំណីព្រែកជាដើមត្រូវរួមគ្នា គោរពច្បាប់ទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរបានមានប្រសាសន៍ថា គណៈកម្មការគ្រប់គ្រងឆ្នេរដែលមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរនៅខេត្តព្រះសីហនុ ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍនៅតំបន់ឆ្នេរជាច្រើនកន្លែងកំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ ។ លោកបានបន្តថា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវ នៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដពីសំណាក់ភ្ញៀវទេសចរផងដែរ ។ ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ។
ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន៣៣៣.៤៣៦នាក់ កើន១៦,៣៧% ។ តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរ អន្តរជាតិប្រមាណ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៨លាននាក់ ។
ដោយមើលឃើញពីសក្តានុពលនេះលោក ថោង ខុន បានអំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុមានចំណាត់ការឲ្យបានតឹងរ៉ឹង ក្នុងការថែរក្សាឆ្នេរសមុទ្រនេះ កុំឲ្យមានការសាងសង់រំលោភ និងទន្ទ្រានផ្សេងៗ ៕
ចែករំលែកព័តមាននេះ