ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​រដ្ឋ​ និង​ឯកជន​បង្ហាញ​ពី​ការ​ចូលរួម​កសាង​ទីក្រុង​ឆ្លាត​វៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ឬ​ភាសា​អង់គ្លេស​ថា Smart City ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ដែល​វិស័យ​រដ្ឋ​និង​ឯកជន​លើក​មក​ពិភាក្សា​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង ហើយ​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ក៏​បាន​ប្ដេជ្ញា​កែប្រែ​ការ​អភិវឌ្ឍ​ទីក្រុង​ឲ្យ​ទៅ​ជាទី​ក្រុង​ឆ្លាត​វៃ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ឬ​ភាសា​អង់គ្លេស​ថា Smart City ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ដែល​វិស័យ​រដ្ឋ​និង​ឯកជន​លើក​មក​ពិភាក្សា​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង ហើយ​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ក៏​បាន​ប្ដេជ្ញា​កែប្រែ​ការ​អភិវឌ្ឍ​ទីក្រុង​ឲ្យ​ទៅ​ជាទី​ក្រុង​ឆ្លាត​វៃ​ផង​ដែរ ។

តើ​អ្វី​ជាទី​ក្រុង​ឆ្លាត​វៃ ហើយ​ទីក្រុង​ឆ្លាត​វៃ ផ្ដោត​លើ​អ្វីខ្លះ ?

លោក ភឿ​ង សុ​ភ័​ណ្ឌ អគ្គលេខាធិការ​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​អភិវឌ្ឍន៍​ទៅ​រក​ទីក្រុង​ឆ្លាត​វៃ​បណ្ដើរ​ៗ​ដោយ​មិនដឹង​ខ្លួន​ហើយ។ ជាក់ស្ដែង​នៅ​តាម​ភ្លើងស្តុប​នីមួយ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​បំពេញ​កាមេរ៉ា​សុវត្ថិ​ភាព​បណ្ដើរ ហើយ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ គឺជា​ចំណែក​មួយ​នៃ​ទីក្រុង​ឆ្លាត​វៃ ដែល​មាន​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក៏​កំពុង​តែ​ធ្វើ​ផង​ដែរ​។​ម្យ៉ាងទៀត ការ​កសាង​ដែល​ផ្ដោត​លើ​បរិស្ថាន ការ​មិន​បំពុលបរិស្ថាន និង​ស្រូប​យក​នូវ​ធាតុ​ពុល​ក្នុង​បរិស្ថាន​ក៏​គេ​ហៅ​ថា ទីក្រុង​ឆ្លាត​វៃ​ដែរ ។

លោក​ថ្លែង​ថា ៖« តាម​ពិត​ទៅ កម្ពុជា​យើង​បាន​កសាង​ទីក្រុង​ឆ្លាត​វៃ​នេះ តាំងពី​សតវត្សរ៍​ទី​១២​មក​ម្ល៉េះ ។ ជាក់ស្ដែង ការ​កសាង​ទីក្រុង​បុរាណ ត្រូវ​បាន​គិតគូរ​ពី​បរិស្ថាន ដោយ​តម្រូវ​ឲ្យ​មានការ​ស្រូប​យក​នូវ​ថាមពល​ធម្មជាតិ​មក​ប្រើប្រាស់​ឡើង​វិញ » ។

លោក​បន្ត​ថា ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ត្រូវ​ពឹង​លើ​កត្តា​បួន​សំខាន់​ៗ​គឺ​ទី​១ បច្ចេកវិទ្យា ទី​២​ធនធានមនុស្ស​ដែល​តម្រូវ​ឲ្យ​មនុស្ស​មានការ​គិតគូរ​ឲ្យ​បាន​ខ្ពស់ និង​ត្រូវ​ដឹង​ពី​ការ​រួម​ចំណែក​ក្នុង​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ។ ទី​៣ តាម​ស្ថាប័ន ដោយ​តម្រូវ​ឲ្យ​ស្ថាប័ន​ដែល​ជា​អ្នក​ប្រើប្រាស់​នូវ​ប្រភព​ថាមពល ត្រូវ​ចេះ​សន្សំ​សំចៃ និង​ទី​៤ ការ​ការពារ​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​រស់នៅ​។ ទាំង​បួន​នេះ បើសិនជា​យើង​អាច​ធ្វើ​បាន គឺជា​ការ​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​បន្ថែម​ថា សម្រាប់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​មានការ​សហការ និង​ធ្វើការ​ជាមួយ​គ្នា​រវាង​វិស័យ​រដ្ឋ និង​ឯកជន ។ ជាក់ស្ដែង​វិស័យ​ឯកជន​ត្រូវ​រិះរក និង​នាំ​ចូល​នូវ​សម្ភារ​សាងសង់​បែប​ទំនើប ដើម្បី​បង្ហាញ​ដល់​អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត​ក្នុង​ប្រទេស​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ជាទី​ក្រុង​ឆ្លាត​។

បើ​តាម​លោក Pak Serge នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សំណង់​មួយ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​វិស័យ​សំណង់ និង​បរិស្ថាន ក្រុមហ៊ុន​នេះ បាន​ផលិត​នូវ​ឥដ្ឋ​មួយ​ប្រភេទ ដែល​អាច​យក​ប្រើប្រាស់​ឡើង​វិញ​នៅ​ពេល​មាន​បញ្ហា​បច្ចេក​ទេស​​ណាមួយ ហើយ​ត្រូវ​រុះរើ​សង់​ឡើង​វិញ ។ ម្យ៉ាងទៀត បើសិនជា​ត្រូវ​រុះរើ​មុន​កាល​កំណត់ គេ​ក៏​អាច​យក​ស៊ីម៉ងត៍​និង​ឥដ្ឋ​នោះ​ទៅ​ប្រើប្រាស់​សម្រាប់​សាងសង់ នៅ​កន្លែង​ផ្សេង​បាន​ដែរ ដែល​ខុស​ពី​បច្ចេកវិទ្យា​មុន​ៗ នៅ​ពេល​ដែល​ត្រូវ​រុះរើ​ផ្ទះ​ថ្មី ឬ​អគារ គឺ​ត្រូវ​កម្ទេច​ចោល និង​មិន​អាច​យក​អ្វី​មក​ប្រើប្រាស់​វិញ​បាន​ឡើយ ។

លោក​បន្ត​ថា នេះ​គឺជា​អ្វី​ដែល​អ្នក​អភិវឌ្ឍន៍​នានា​គួរតែ​គិត និង​ត្រូវ​តែ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ដើម្បី​សាងសង់​នូវ​Smart City ខណៈ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក៏​បាន​និង​កំពុង​គិតគូរ​ពី​បញ្ហា​នេះ​ដែរ គឺ​ការ​ចំណាយ​ថាមពល​តិច តែ​អាច​ប្រើ​ត្រលប់​មក​វិញ​បាន ឬ​អាច​និយាយ​វ​ដ្ដិ​នៃ​ថាមពល ។

ដោយឡែក​លោកស្រី Backy Vó ប្រធាន​ផ្នែក​បច្ចេកវិទ្យា​អគារ​នៃ​ក្រុមហ៊ុន Bosch ដោយ​​ផ្ដោត​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​កសាង​​ទីក្រុង​មួយ​ដែល​មាន​សុវត្ថិភាព ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប ។ ជាក់ស្ដែង​តាម​​អគារ​នីមួយ​ៗ​ត្រូវ​តែ​មាន​ឧបករណ៍​សម្រាប់​ផ្ដល់​ដំណឹង​នៅ​មាន​ពេល​មាន​ហានិ​ភ័យ​នានា ហើយ​នៅ​តាម​ទី​សាធារណៈ​ក៏​ត្រូវ​តែ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​មួយ​សម្រាប់​តាមដាន​រាល់​សកម្មភាព​នានា ដែល​មិន​ប្រក្រតី ។

លោកស្រី​បន្ត​ថា ៖« មុន​នឹង​ឈាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា យើង​បាន​សាកល្បង​រួច​ហើយ​នៅ​បណ្ដា​ប្រទេស​រីក​ចម្រើន​ជា​ច្រើន ដូច​ជា​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី​ជាដើម ហើយ​ឃើញ​ថា​អ្វី​ដែល​យើង​បាន​ផ្ដល់​ឲ្យ​ពួក​គេ គឺ​ពួក​អាច​ទទួលយក​បាន ព្រមទាំង​ធ្វើ​ឲ្យ​ទីក្រុង​កាន់​តែ​ទំនើប »​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ប្រមាណ​៣​ឬ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​សាងសង់​សំណង់​អគារ​នៅ​កម្ពុជា ត្រូវ​គេ​មើលឃើញ​ថា​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ទៅ​លើ​បច្ចេកវិទ្យា និង​ការ​សន្សំ​សំចៃ​ថាមពល ក៏​ដូច​ជា​ការ​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ