ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដីធ្លី​ខេត្តកំពត​កំពុង​រង​ឥទ្ធិពល​វិជ្ជមាន​ពី​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • កំពត

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុ កំពុង​ល្បីល្បាញ​ផ្នែក​ទីផ្សារ​អចល​ទ្រព្យ មិន​ចាញ់​រាជធានី​ភ្នំពេញ​ឡើយ ខណៈ​ដែល​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​កំពុង​រកស៊ី និង​វិនិយោគ​យ៉ាង​​គំហុក​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុ​ជាមួយ​នេះ ដែល​បាន​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​ហក់​ឡើង​ខ្ពស់​ដល់​កម្រិត​។ ដោយសារ​តែ​បែប​នេះ បាន​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​វិស័យ​ដីធ្លី​នៅ​ខេត្តកំពត…

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុ កំពុង​ល្បីល្បាញ​ផ្នែក​ទីផ្សារ​អចល​ទ្រព្យ មិន​ចាញ់​រាជធានី​ភ្នំពេញ​ឡើយ ខណៈ​ដែល​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​កំពុង​រកស៊ី និង​វិនិយោគ​យ៉ាង​​គំហុក​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុ​ជាមួយ​នេះ ដែល​បាន​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​ហក់​ឡើង​ខ្ពស់​ដល់​កម្រិត​។

ដោយសារ​តែ​បែប​នេះ បាន​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​វិស័យ​ដីធ្លី​នៅ​ខេត្តកំពត ធ្វើ​ឲ្យ​ខេត្ត​ដែល​ទើប​មាន​សក្តានុពល​សេដ្ឋកិច្ច​ដ៏​ក្មេងខ្ចី​មួយ​នេះ ចាប់ផ្ដើម​មាន​សកម្មភាព​ទិញ​លក់​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ​។ ចំណែក​តម្លៃ​ដី​វិញ ក៏​កើនឡើង​ខ្លាំង​ដែរ ពិសេស​ដី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ដូច​ជា គម្រោង​សាងសង់​មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​, គម្រោង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​អន្តរជាតិ​, ដី​នៅ​តំបន់ឆ្នេរ​សមុទ្រ និង​តាម​មាត់​ព្រែក ជាដើម ។

ឈ្មួញ​រកស៊ី​លើ​វិស័យ​ដីធ្លី​ម្នាក់​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ខេត្តកំពត​កំពុង​មាន​សន្ទុះ​ខ្លាំង​មែន ពិសេស​ដី​ដែល​ស្ថិត​នៅ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​ដី​នៅ​តំបន់​ដងព្រែក នៅ​ជាប់​តំបន់ឆ្នេរ និង​នៅ​តំបន់​កម្សាន្ត​មួយ​ចំនួន​ទៀត ។

លោក គឺ ប្រា​សិទ្ធិ ឈ្មួញ​រកស៊ី​រូប​នេះ បាន​បន្ដ​ថា សម្រាប់​ដី​ដែល​ស្ថិត​នៅ​តំបន់​ព្រែក​កំពង់បាយ​ដែល​មាន​សក្តានុពល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍ និង​ដី​នៅ​តាម​សងខាង​ផ្លូវជាតិ ឆ្លងកាត់​ពី​ខេត្តកំពត​មក​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្តង កំពុង​តែ​បន្ត​ឡើងថ្លៃ ដែល​កាលពី​ឆ្នាំ​មុន មាន​តម្លៃ​ប្រមាណ​ជា​២៥​ទៅ​៣០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​ដី​នៅ​តំបន់​នោះ​មាន​សន្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​មួយ​ម៉ែត្រការ៉េ តម្លៃ​ដល់​ទៅ​ជាង​១៣០​ទៅ​១៥០​ដុល្លារ​ឯណោះ ។

អ្វី​ដែល​ធ្វើ​ឱ្យ​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ខ្ពស់ ដោយសារ​ជនបរទេស ចូល​មក​រស់នៅ​ទីនោះ​កាន់តែ​ច្រើន​ឡើង​ៗ មក​បើក​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ ពិសេស​ធ្វើ​ជា​ភោជនីយដ្ឋាន​លក់ទំនិញ​ម្ហូបអាហារ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ដូច​គ្នា ។

មួយវិញទៀត វិនិយោគិន​ក៏​កំពុង​ឈាន​ជើង​ទៅ​ទីនោះ ដើម្បី​ទិញ​ដី​ទ្រង់​ទ្រង់​ធំ​ទុក​ធ្វើ​វិនិយោគ​ផង​ដែរ ។ ដោយឡែក​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ពី​ទីរួមខេត្ត​កំពត ឆ្ពោះទៅ​ខេត្ត​កែប​វិញ នៅ​មាន​តម្លៃ​ទាប​នៅឡើយ ដោយ​ក្នុង​មួយ​ម៉ែត្រការ៉េ ត្រឹម​១៥០​ដុល្លារ ខណៈ​ដែល​តម្លៃ​ដី​ដែល​ស្ថិត​នៅ​តំបន់​កម្សាន្ត​ភ្នំ​ដូង និង​តំបន់​ក្បែរ​គម្រោង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​ខ្នាត​អន្តរជាតិ ឡើង​ខ្ពស់​រហូត​ដល់​ជាង​៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

អ្នកស្រី តាំង ហួរ អគ្គ​នាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា តម្លៃ​ដី​នៅ​ខេត្តកំពត កំពុង​មាន​សន្ទុះ​កើនឡើង​បណ្តើរ​ៗ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ប្រកាស​សាងសង់​កំពង់​ផែ​អន្តរជាតិ​ជម្រៅ​ទឹក​ជ្រៅ និង​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ខេត្តកំពត ។

លោកស្រី​ថា ៖« នៅ​ពេល​ដែល​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នេះ​សាងសង់​រួច តម្លៃ​ដី​នៅ​ទីនោះ​នឹង​កាន់តែ​ឡើងថ្លៃ​ខ្ពស់​ឡើង​ៗ ដូច​ទៅ​នឹង​ខេត្ត​ព្រះ​សីហ​នុ​ដែរ ដោយសារ​តម្លៃ​ដី​នៅ​ខេត្ត​នោះ​ឡើងថ្លៃ​ខ្ពស់​រួច​ទៅ​ហើយ ដូច្នេះ​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​រក​តំបន់​ណា ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ប្រហាក់ប្រហែល​គ្នា ពិសេស​ខេត្តកំពត ដែល​មាន​ទីតាំង​ជាប់មាត់​សមុទ្រ​ដូច​ទ​ខេត្ត​ព្រះ​សីហ​នុ​ដែរ ។

យ៉ាងណា​ក៏​ដោយ​លោកស្រី​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ចំពោះ​វិនិយោគ​ដើម្បី​ទទួល​បាន​ចំណេញ សម្រាប់​ឈ្មួញ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ ត្រូវ​ធ្វើការ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេចចិត្ត​ទិញ​ដី ដែល​គួរ​មើល​ទីតាំង​ភូមិសាស្ត្រ ពិនិត្យ​មើល​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ជៀសវាង​ហានិភ័យ​កើតឡើង​ក្រោយ​ពេល​ទិញ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ