ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ពុះ​ដី​ឡូត៍​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​កាន់តែ​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​កំពុង​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​អ្នក​វិនិយោគ​គ្រប់​កម្រិត គ្រប់​ផ្នែក​ទាំង​នៅ​ក្នុង​និង​ក្រៅ​វិស័យ​នេះ ។ ការ​រីក​ដុះ​ដាល់​នៃ​អាជីវកម្ម​នេះ​ដោយសារ​តែ​អ្នក​វិនិយោគ​មានឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​គួរសម ធៀប​នឹង​អាជីវកម្ម​ផ្សេង​ៗ ។ អ្នកជំនាញ​អចលនទ្រព្យ និង​ជា​នាយ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​កំពុង​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​អ្នក​វិនិយោគ​គ្រប់​កម្រិត គ្រប់​ផ្នែក​ទាំង​នៅ​ក្នុង​និង​ក្រៅ​វិស័យ​នេះ ។ ការ​រីក​ដុះ​ដាល់​នៃ​អាជីវកម្ម​នេះ​ដោយសារ​តែ​អ្នក​វិនិយោគ​មានឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​គួរសម ធៀប​នឹង​អាជីវកម្ម​ផ្សេង​ៗ ។

អ្នកជំនាញ​អចលនទ្រព្យ និង​ជា​នាយ​ក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វី​រៈ មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៨​នេះ អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​មានការ​រីក​ចម្រើន​ខ្លាំង មិន​ថា​តែ​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នេះ​ទេ សូ​ម្បី​តែ​អ្នក​នៅ​ក្រៅ​វិស័យ​ដូច​ជា តារាចម្រៀង តារា​សម្ដែង​មួយ​ចំនួន​ក៏​ងាក​មក​រកស៊ី​វិស័យ​នេះ​ដែរ ។ មូលហេតុ​ដោយ​សារ​គាត់​ទទួល​បាន​ផល​ចំណេញ​សមរម្យ បើ​ធៀប​នឹង​អាជីវកម្ម​ផ្សេង​ទៀត ។

លោក វ៉ា វី​រៈ បន្ដ​ថា ៖« កន្លង​ទៅ តំបន់​ដែល​មានការ​ពុះ​ដី​ឡូត៍​លក់​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ដូច​ជា​នៅ​ប៉ែក​ខាងលិច​, ខាងជើង និង​ខាងត្បូង ហើយ​សកម្ម​ទាំងនេះ​អាច​កើត​ឡើង​តាម​គ្នីគ្នា មាន​ន័យ​ថា​ឃើញ​គេ​រកស៊ី​បាន ក៏​ចាប់ផ្ដើម​រកស៊ី​នឹង​គេ ហើយ​កត្តា​ដែល​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​នេះ​កាន់តែ​ខ្លាំង​នោះ ដោយសារ​មាន​គម្រោង​វិនិ​យោគ​ធំ​ៗ​នៅ​តំបន់​នោះ គួប​ផ្សំ​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កាន់តែ​ប្រសើរ​ឡើង »​។

លោក​បន្ថែម​ថា ការ​ពុះ​ដី​ឡូត៍​នេះ​មាន​តម្លៃ​សមរម្យ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាជន​មាន​លទ្ធ​ភាព​ទិញ​យក​ធ្វើ​អ្វីមួយ​បាន តាម​រយៈ​អនុញ្ញាត​ឱ្យ​មានការ​បង់​រំលស់​ក្នុង​រយៈពេល​ណាមួយ​បាន ។

លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate មាន​ប្រសាសន៍​ថា ការ​ពុះ​ដី​ឡូត៍​លក់​ឬ​អាជីវកម្ម​ដី​ឡូត៍​វា​កាន់តែ​រីក​ច្រើន​ទៅ​ៗ ជា​ពិសេស​នៅ​តំបន់​ជាយក្រុង តំបន់​ព្រែក​ព្នៅ​, ដង្កោ និង​ខេត្ត​ជាប់​រាជធានី ។ ក្រៅពី​នេះ នៅ​ខេត្ត​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ និង​សៀមរាប​ជាដើម ។

លោក​បន្ដ​ថា អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​នេះ​គឺ​មាន​សកម្មភាព​ទិញ​លក់​ច្រើន ហើយ​អ្នក​ដែល​ទិញ​ភាគច្រើន​គឺ​ទិញ​ទុក​ចំណេញ​លក់​ពេល​ក្រោយ ។ លោក​ថា ៖« បច្ចុប្បន្ន​នេះ យើង​ឃើញ​ដី​ឡូត៍ បាន​ក្លាយជា​ប្រភេទ​ផលិតផល​មួយ​ទៅ​ហើយ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​ដែល​កំពុង​មាន​ប្រជាប្រិយភាព ដោយសារ​តែ​ដី​ឡូត៍​ហ្នឹង​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់​បន្ត ។ តំបន់​ណា​ដែល​មានការ​អភិវឌ្ឍ​គឺ​ការ​លក់​ដី​ឡូត៍​បាន​ចំណេញ​ច្រើន ជាក់ស្តែង​ដូច​នៅ​ជាយក្រុង​ភ្នំពេញ និង​នៅ​ខណ្ឌ​ព្រែក​ព្នៅ និង​នៅ​ក្រុងព្រះសីហនុ​ជាដើម »​។

លោក សុខ ប៊ុ​ន​ធឿ​ន ប្រធាន​ផែ្ន​ក​លក់​នៃ​គម្រោង​អចលនទ្រព្យ និង​ដី​ពុះ​ឡូត៍​នៅ​ផ្សារ​អង្គស្នួល បានឱ្យ​ដឹង​ថា អង្គស្នួល​ជាទី​ប្រជុំជន​ធំ​មួយ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤ និង​ជាប់​រាជធានី​ភ្នំពេញ ដែល​ជា​តំបន់​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់​ធ្វើ​ឲ្យ​វិនិយោគិន​ចូល​ទៅ​បណ្តាក់​ទុន​រកស៊ី​កាន់តែ​ច្រើន​ឡើង​ៗ ហើយ​រោងចក្រ​វាយ​ណ​ភ័​ណ្ឌ ក៏​បាន​ពង្រាយ​ខ្លួន​នៅ​ទីនោះ​ច្រើន​ដែរ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​ហក់​ឡើង​ខ្ពស់ និង​មាន​សកម្មភាព​ទិញ​លក់​យ៉ាង​ផុលផុស​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ។

លោក​បន្ដ​ថា ៖« តម្លៃ​ដី​ក្នុង​១​ឡូត៍ ទំហំ​៥​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ​កាលពី​ឆ្នាំ​មុន មាន​តម្លៃ​ចន្លោះ​ពី​២.០០០​ទៅ​៣.០០០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ស្រប​ពេល​ដែល​រោងចក្រ​ពង្រីក​ខ្លួន​កាន់តែ​ច្រើន​ទីនោះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង​ទ្វេ​ដង ដោយ​ក្នុង​មួយ​ឡូត៍​តម្លៃ​ដល់​ទៅ​ជាង​៦.០០០​ដុល្លារ ហើយ​គម្រោង​ពុះ​ដី​ឡូត៍​ត្រឹម​ទំហំ​២​ទៅ​៣​ហិ​កតា គេ​ពុះ​លក់​តែ​ជាង​១​ខែ​ទៅ​២​ខែ​ប៉ុណ្ណោះ នឹង​លក់​អស់​មិន​ខាន »​។

ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តកណ្តាល បាន​ទទួល​ស្គាល់​ថា​សកម្មភាព​ពុះ​ដី​ឡូ​តិ៍លក់​តំបន់​នោះ ពិតជា​មានការ​កើនឡើង​មែន ដោយ​មន្ទីរ​ទទួល​បាន​សំណើ​ពុះ​ដី​ឡូត៍​លក់ កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

លោក លឹ​ម ចាន់​សុ​ភី ប្រធាន​មន្ទីរ​រូប​នេះ​បាន​អះអាង​ថា ៖« ធម្មតា ទីប្រជុំជន​នៅ​ពេល​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន​ឡើង​ៗ និង​មានការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ ដូច​ជា​សំណង់ និង​វិស័យ​វាយនភ័ណ្ឌ​កើនឡើង ប្រាកដជា​ធ្វើ​ឱ្យ​មាន​សកម្មភាព​ទិញ​លក់​ដីធ្លី និង​តម្លៃ​កើនឡើង​មិន​ខាន ។ លោក​ថា ៖« នេះ​ក៏​ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្ដិ​ភាព​ពេញ​លញ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ចជាតិ​បន្ដ​មាន​កំណើន​រឹង​មាំ​ដែល​ផ្ដល់​ឱកាស​ដល់​អ្នក​វិនិយោគ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ការ​រកស៊ី​ទទួលទាន »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ