ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រិះ​ជិះ​.​ក​ឯង​…«​លោក​ប៉េ​អឹ​ម​ក្លែងក្លាយ​» !

5 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ពញាឮ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ប៉េ​អឹ​ម​មាន​កាំភ្លើងខ្លី និង​ខ្នោះដៃ ហើយ​បាន​ជំរិត​ទា​ប្រាក់​១៥០០​ដុល្លារ​ពី​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ពីរ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ…

​ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ពញាឮ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ប៉េ​អឹ​ម​មាន​កាំភ្លើងខ្លី និង​ខ្នោះដៃ ហើយ​បាន​ជំរិត​ទា​ប្រាក់​១៥០០​ដុល្លារ​ពី​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ពីរ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​លោក ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ រស់ ចាន់​រ៉​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្គាំ ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង ។ ជន​នេះ​មិន​មាន​ក្រប​ខណ្ឌ​ជា​ប៉េ​អឹ​ម​ទេ តែ​ក្លែង​ជា​ប៉េ​អឹ​ម ។​

​វត្ថុ​តាង​ចាប់​យក​ម៉ូតូ​១​គ្រឿង C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GR-1798, អាវុធ​ខ្លី​ម៉ាក K54 ចំនួន​១​ដើម​, បង់​១ គ្រាប់​៧​គ្រាប់​, វិទ្យុទាក់ទង​ចំនួន​១​គ្រឿង​, ខ្នោះដៃ​ចំនួន​១, ទូរស័ព្ទ​ដៃ​៣​គ្រឿង​ម៉ាក​អុ​ិ​ន​ចុច​ពិល​១​គ្រឿង ម៉ាក iPhone ១ គ្រឿង និង Samsung ១​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​, ប្រាក់​ដុល្លារ​១០​ដុល្លារ​, ប្រាក់​រៀល​១៥០០០៛ និង​ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន ។​

​ចំណែក​ដើមបណ្ដឹង​២​នាក់​មាន​ទី​១-​ឈ្មោះ ផាត់ សា​ម៉ុ​ន ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​តា​ជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្ដាល និង​ទី​២-​ឈ្មោះ ហុ​ិ​ន យ​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អណ្ដូង ឃុំ​ទំនប់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ដោយឡែក​ជន​រង​គ្រោះ​២​នាក់​ទី​១-​ឈ្មោះ​មុំ ល័​ក្ខ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​កម្មករ​ដឹក​អង្កាម ទីលំនៅ​ភូមិ​តា​ជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ សាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ​ទីលំនៅ ភូមិ​តា​ជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​លោក​អធិការ​បានឱ្យ​ដឹង​បន្ថែម​ថា វេលា​ម៉ោង​កើតហេតុ​ខាងលើ​ដើមបណ្ដឹង​ទាំង​២​នាក់​ខាងលើ កំពុង​នៅផ្ទះ​រៀងខ្លួន​ពេល​នោះ​មាន​ជនសង្ស័យ​ឈ្មោះ រស់ ចាន់​រ៉​ន បាន​ជិះ​ម៉ូតូ​ម៉ាក C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ជិះ​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ មុំ ល​ក្ខ័ ភេទ​ប្រុស និង​ឈ្មោះ សាន់ ដា​រ៉ា ភេទ​ប្រុស ជា​កូនប្រុស​របស់​ដើមបណ្ដឹង​ឈ្មោះ ផាត់ សា​ម៉ុ​ន ហើយ​មាន​ដៃ​ជាប់​ខ្នោះ​ទាំង​២​នាក់ ពេល​ជិះ​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ភ្លាម​ជនសង្ស័យ​ឈ្មោះ រស់ ចាន់​រ៉​ន បាន​និយាយ​ទៅ​កាន់​ដើម បណ្ដឹង​ថា កូន​របស់​មីង​មាន​ថ្នាំ​ញៀន​ជាប់​នឹង​ខ្លួន​ឥឡូវ​ខ្ញុំ​ចាប់​បាន​ហើយ តើ​មីង​ចង់​សម្រួល​នៅ​ទី នេះ ឬ​ក៏​ចង់​បញ្ជូន​ឡើង​ទៅ​លើ ។​

​បន្ទាប់​មក​ដើមបណ្ដឹង​បាន​និយាយ​ថា មិនបាច់​បញ្ជូន​ឡើង​លើ​ទេ​សម្រួល​នៅ​ទី​នេះ​ហើយ ពេល​នោះ​ជនសង្ស័យ​បាន​និយាយ​ទារប្រាក់​ពី​ដើមបណ្ដឹង​ក្នុង​ម្នាក់​៥០០​ដុល្លារ និង​ម៉ូតូ​១​គ្រឿង​ចំនួន​៥០០​ដុល្លារ​ដែរ សរុប​ទាំង​មនុស្ស​២​នាក់ និង​ម៉ូតូ​១​គ្រឿង​ចំនួន​១៥០០​ដុល្លារ ។​

​ពេល​នោះ​ជន​រង​គ្រោះ​ក៏​និយាយ​សុំ​សម្រួល​ជនសង្ស័យ​ត្រឹម​ចំនួន​១២០០​ដុល្លារ ហើយ​ជនសង្ស័យ​ក៏​យល់ព្រម បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​គេ​ដើម្បី​យក​លុយ​តែ​ឆ្លៀតពេល​នោះ​ជន​រង​គ្រោះ​បាន​រាយការណ៍​ប្តឹង​ទៅ​កាន់​សមត្ថកិច្ច​ពី​រឿងហេតុ​ខាងលើ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជ្រៃ​លាស់​ចុះ​ទៅ​កន្លែង​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ។​

​តាម​ការ​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា នៅ​ពេល​កើតហេតុ​ខាងលើ​ខ្លួន​បាន​ទទួល​ព័ត៌មាន​បាន​ប្រាប់​ថា មាន​ក្មេង​២​នាក់​ជិះ​ម៉ូតូ​មក​យក​ថ្នាំ​ញៀន​នៅ​ប្រឡាយ ហើយ​ឥឡូវ​ពួក​វា​ជិះ​ចេញ​ទៅ​វិញ​ហើយ​បន្ទាប់​មក​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក្មេង​ប្រុស​ទាំង​២​នាក់​នោះ​ក៏​ឈប់​ទិញ​ទឹកអំពៅ ហើយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់ ឆែកឆេរ លើ​ខ្លួន​ក្មេង​ប្រុស​នោះ​ឃើញ​មាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច ។​

​ក្រោយមក​ខ្លួន​ក៏​ចាប់​ដាក់​ខ្នោះ​ក្មេង​នោះ​ដៃ​ម្នាក់​ម្ខាង រួច​ហើយ​ឲ្យ​ក្មេង​នោះ​ជិះ​ម៉ូតូឌុប​គ្នា​មក​ផ្ទះ​ម្តាយ ឯ​ខ្លួន​ជិះ​ម៉ូតូ​ពីក្រោយ ។ ពេល​មក​ដល់​ផ្ទះ​ក្មេង​នោះ​ខ្លួន​ក៏​បាន​និយាយ​ទារប្រាក់​ពី​ដើមបណ្ដឹង​ដូច​បាន​រៀបរាប់​ខាងលើ​ប្រាកដ​មែន​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ