ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​បាយ​ថ្ងៃត្រង់​តូច​ៗ​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ប្រជែង​ហាង​បាយ​ទំនើប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​បាន​បែងចែក​ផល​ចំណូល​ដល់​ប្រជាជន​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើងជា​បន្ដបន្ទាប់ គួប​ផ្សំ​នឹង​របៀប​រស់នៅ​(Lifestyle)​របស់​ប្រជាជន​មានការ​ផ្លាស់​ប្ដូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​អាជីវកម្ម​បែប​ប្រពៃណី​មួយ​ចំនួន​ប្រឈម​នឹង​ការ​បាត់បង់ ដោយ​ជំនួស​មក​វិញ​នូវ​អាជីវកម្ម​ដែល​ទំនើប មាន​ស្ដង់ដា និង​ផាសុកភាព ។ ជាក់ស្ដែង​អាជីវកម្ម​លក់​បាយ​ថ្ងៃត្រង់​នៅ​តាម​ដងផ្លូវ​កំពុង​បាត់​ភ្ញៀវ​ជា​បណ្ដើរ​ៗ…

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​បាន​បែងចែក​ផល​ចំណូល​ដល់​ប្រជាជន​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើងជា​បន្ដបន្ទាប់ គួប​ផ្សំ​នឹង​របៀប​រស់នៅ​(Lifestyle)​របស់​ប្រជាជន​មានការ​ផ្លាស់​ប្ដូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​អាជីវកម្ម​បែប​ប្រពៃណី​មួយ​ចំនួន​ប្រឈម​នឹង​ការ​បាត់បង់ ដោយ​ជំនួស​មក​វិញ​នូវ​អាជីវកម្ម​ដែល​ទំនើប មាន​ស្ដង់ដា និង​ផាសុកភាព ។ ជាក់ស្ដែង​អាជីវកម្ម​លក់​បាយ​ថ្ងៃត្រង់​នៅ​តាម​ដងផ្លូវ​កំពុង​បាត់​ភ្ញៀវ​ជា​បណ្ដើរ​ៗ និង​ហាង​ខ្លះ​ត្រូវ​បង្ខំចិត្ត​បិទទ្វារ ដោយសារ​តែ​អាជីវកម្ម​ដែល​បំពេញ​សេវាកម្ម​ដូច​គ្នា​នេះ​កើនឡើង​ថ្មី តែ​គេ​ទំនើប​ជាង មាន​សេវាកម្ម​ច្រើន​និង​ល្អ​ជាង ព្រមទាំង​មាន​ផាសុកភាព​ខ្ពស់ ។

បើ​តាម​ការ​អះអាង​ពី​ម្ចាស់​ហាង​លក់​បាយ​ថ្ងៃត្រង់​យីហោ សុ​ជាតិ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៤៣០ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​ដែល​ធ្លាប់​ហូប​បាយ​ថ្ងៃត្រង់​ក្នុង​ហាង​របស់​លោក​បាន​ថមថយ​ជា​បន្ដបន្ទាប់ ដោយសារ​មាន​ហាង​បាយ​ទំនើប​ៗ​ជា​ច្រើន​ចាប់ផ្ដើម​បើក​ជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់​នេះ ហើយ​ហាង​ទាំងនោះ​គេ​មាន​ទីធ្លា​ធំ​ទូលាយ និង​រៀបចំ​បាន​ស្អាត ខុស​ពី​ហាង​បាយ​បែប​ធម្មតា​ដែល​មាន​តែ​តុ និង​កៅអី ។

លោក លី ញ៉ែ​ម ម្ចាស់​ហាង​លក់​បាយ​រូប​នេះ​បាន​ប្រាប់​កោះសន្ដិភាព​ថា ៖« កាលពី​ឆ្នាំ​មុន ភ្ញៀវ​មក​ហូប​បាយ​ក្នុង​១​ថ្ងៃ ប្រហែល​១៥០​នាក់ ដែល​អាច​រក​ចំណូល​បាន​ជាង​១​លាន​រៀល ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ភ្ញៀវ​កាន់តែ​ថមថយ​ទៅ​ៗ​នៅ​សល់​តែ​ប្រហែល​១០០​នាក់​ប៉ុណ្ណោះ ដោយសារ​មាន​ហាង​ថ្មី​ៗ និង​ទំនើប​ៗ​កើតឡើង​ច្រើន ហើយ​ហាង​គេ​មាន​ទីតាំង​ធំ​ល្អ គេ​មាន​សេវាកម្ម​សម្បូរ​បែប និង​ប្រកបដោយ​ផាសុកភាព »​។
ទន្ទឹម​នឹង​នេះ លោក​ថា ៖« ឥរិយា​បទ​ប្រែប្រួល​របស់​ភ្ញៀវ​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ដែល​ពី​មុន​ពួក​គាត់​គិតតែ​រក​កន្លែង​បាន​ហូប​បាយ តែ​ឥឡូវ​ពួក​គាត់​គិត​តាំងពី​បរិយាកាស ទីកន្លែង ការ​ផ្ដល់​សេវា និង​ផាសុកភាព​ជាដើម ។ ចំណុច​នេះ​ហើយ​ដែល​យើង​ពិបាក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ ខណៈ​ដែល​យើង​មាន​ដើមទុន​តិចតួច »​។

លោក​បន្ថែម​ថា ៖« ឥឡូវនេះ​ក៏​ពិបាក​តម្រូវ​ចិត្ត​ភ្ញៀវ​ទៀត យើង​ធ្វើ​ម្ហូប​៩​មុខ​ផ្លាស់​ប្តូរ​ជា​ប្រចាំ​ហើយ នៅ​តែ​មិនសូវ​មាន​ភ្ញៀវ ។ បើ​យើង​បន្ថែម​មុខម្ហូប​ទៀត ខ្លាច​លក់​វា​មិន​អស់ នាំ​ឱ្យ​ខាត​លុយ »​។ លោក​ថា ៖« បើ​នៅ​តែ​បែប​នេះ មុខរបរ​ហ្នឹង​អាច​ប្រឈម​បញ្ហា ។ ដូច្នេះ​ហើយ ខ្ញុំ​នឹង​ប្រពន្ធ កំពុង​ជជែក​គ្នា​ថា​គួរ​ធ្វើ​អ្វី​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ភ្ញៀវ​មាន​ជម្រើស​ច្រើន​ជាង​នេះ​»​។

ម្ចាស់​អាហារ​ដ្ឋា​ន​ទួល​ទំពូង បាន​លើក​ឡើង​ដែរ​ថា ភ្ញៀវ​មក​ពិសា​បាយ​ថ្ងៃត្រង់ មិនជា​ច្រើន​ណាស់ណា​ទេ ប៉ុន្ដែ​ដោយសារ​ហាង​លោក​មាន​សេវាកម្ម​ផ្សេង​ៗ​ទៀត ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​មក​ទទួលទាន​មាន​ច្រើន​គួរសម​ក្នុង​មួយ​ថ្ងៃ​ៗ ។

លោក អ៊ែ​ង វី ម្ចាស់​អាហារ​ដ្ឋា​ន​ទួ​លំ​ពូ​ង បាន​និយាយ​ថា ៖« អាហារ​ដ្ឋា​ន​នេះ ខ្ញុំ​ជួល​ទីតាំង​គេ​ក្នុង​តម្លៃ​១.៥០០​ដុល្លារ​ក្នុង​១​ខែ ដោយ​បើក​លក់​បាយ និង​ភេសជ្ជៈ​គ្រប់មុខ ។ សម្រាប់​ភ្ញៀវ​ដែល​មក​ហូប​បាយ​ថ្ងៃត្រង់​មិន​ច្រើន​នោះ​ទេ តែ​អ្នក​មក​ពិសា​កាហ្វេ​គឺ​មានការ​គាំទ្រ​ច្រើន ព្រោះ​ពួក​គាត់​ទទួលស្គាល់​ស្នាដៃ​យើង​ជាង​១៧​ឆ្នាំ​ហើយ »​។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ បើ​ទោះបីជា​ហាង​បាយ និង​ភេសជ្ជៈ​ទំនើប​ៗ​កើតឡើង​ច្រើន តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ភ្ញៀវ​ទទួលស្គាល់​នូវ​ស្នាដៃ​យើង ពិសេស​រសជាតិ​ម្ហូបអាហារ និង​តម្លៃ​។ លោក​ថា ៖« បើ​ម្ហូប​យើង​ធ្វើ​ឆ្ងាញ់ ហើយ​មាន​អនាម័យ ព្រមទាំង​តម្លៃ​សមរម្យ​នោះ យើង​នៅ​តែ​ទទួល​បានការ​គាំទ្រ​ពី​បងប្អូន ហើយ​បើ​ហាង​ស្អាត តម្លៃ​ថ្លៃ ម្ហូប​មិន​ឆ្ងាញ់​ក៏​នៅ​តែ​មិនសូវ​មានការ​គាំទ្រ​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ