ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋនៅភួមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់មួយចំនួនអាចរកប្រាក់ចំណូលបានពីការដាំបន្លែផ្សេងៗក្នុងមួយរដូវពី០៥លានទៅ១០លានរៀលបន្ទាប់ ពីពួកគាត់ធ្វើស្រែរួចរាល់សល់ពេលទំនេរ ។
លោក ពេជ្រ ហុន មេភួមិជ្រែងបានឲ្យដឹងថា នៅក្នុងភួមិរបស់លោកមានប្រជាពលរដ្ឋសរុប ២២៨គ្រួសារ ក្នុងនោះគ្រួសារខ្លះប្រកបមុខរបរធ្វើស្រែ ដាំដំណាំជាលក្ខណៈគ្រួសារ ខ្លះទៀតបិតស្រា ចិញ្ចឹមជ្រូក ធ្វើសំណង់ ចំណាកស្រុក និងកាត់ដេរជាដើម ។ លោកបន្តទៀតថា ដើមឡើយបងប្អួនប្រជាពលរដ្ឋរស់នៅតំបន់នេះពុំសូវមានអ្នកដំដាំណាំបន្លែនោះទេ ដោយសារពួកគាត់ដាំតាមទម្លាប់បុរាណពុំសូវទទួលបានផល ហើយម្យ៉ាងវិញទៀតពុំមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព ។
បច្ចុប្បន្នដោយមានការយកចិត្តកដាក់ពីមន្ត្រីជំនាញ និងអង្គការដៃគួរអភិវឌ្ឍន៍លើផ្នែកកសិកម្មនានាបានជួយបង្ហាត់បង្រៀនប្រជាពលរដ្ឋអំពីបច្ចេកទេសក្នុងការដាំដុះ និងជីកអណ្តូង ដើម្បីយកទឹកប្រើប្រាស់ ទើបសព្វថ្ងៃនេះបងប្អួនប្រជាពលរដ្ឋនៅក្នុងភួមិជ្រែង ឃុំស្វាយលួង ស្រុកកណ្ដៀងជាង៧០% បាននាំគ្នាដាំបន្លែ ។ បន្លែដែលពួកគាត់ដាំនោះជាដំណាំវិលជុំដូចជា សណ្តែក ត្រសក់ ត្រឡាច ស្ពៃ សាឡាត់ ខាត់ណា ត្រប់ ម្រះ និងពោតជាដើម ។
បច្ចេកទេសដាំបន្លែក្នុងសម័យកាលដ៏ទំនើបនាពេលបច្ចុប្បន្ននេះ គឺងាយស្រួលជាងការដាំតាមទម្លាប់ពីបុរាណដែលពីមុន គឺគេកាប់មែកឈើធ្វើទ្រើង និងរែកទឹកចាក់ មានការហត់នឿយ និងចំណាយពេលវេលាខ្លាំងណាស់ ។ ប៉ុន្តែសព្វថ្ងៃនេះគេប្រើខ្សែ ឫសំណាញ់លួសធ្វើជាទ្រើង ហើយគល់គ្របថង់ប្លាស្ទិក ដើម្បីកុំឲ្យដីហាប់ និងឲ្យមានសំណើមជាប់រហូតសម្រាប់ដំណាំលូតលាស់ល្អ ។ តាមរងដំណាំនីមួយៗគេបង្កប់ទុយោដោយមានក្បាលរ៉ូប៊ីនេសម្រាប់បើកទឹកពីអណ្ដូង ។
ប្អូនស្រី សុខា អ្នកមីង សូរិយា និងលោកពូ ធី ដែលជាប្រជាពលរដ្ឋរស់នៅភូមិជ្រែងនោះ បានប្រាប់ឲ្យដឹងថា ការដាំដំណាំបន្លែតាមបច្ចេកទេសកសិកម្មនេះ មិនសូវនឿយហត់ទេ ហើយ ទទួលបានផលជាងការដាំតាមទម្លាប់ដែរ ។ ក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបានពី១០ម៉ឺនទៅ១៥ម៉ឺនររៀល ហើយក្នុងមួយរដូវអាចរកប្រាក់ចំណូលបានជាមធ្យមពី០៥លាន ទៅ១០លានរៀល ។
ដោយសារមើលឃើញពីការដាំបន្លែអាចរកប្រាក់ចំណូលបានគួរសមបែបនេះហើយ ទើបសព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្ដៀង នាំគ្នាដាំបន្លែជាច្រើនគ្រួសារធ្វើឲ្យជីវភាពរបស់ពួកគាត់មានការរីកចម្រើនជាងមុន ៕
ចែករំលែកព័តមាននេះ