ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សម្រុក​ដក​មើមដំឡូង​មី ខណៈ​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ដោយសារ​តែ​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ហើយ​ស្រប​ពេល​ដែល​មេឃ​ធ្លាក់​ភ្លៀង​រាល់ថ្ងៃ បណ្តាល​ឱ្យ​ដក់​ទឹក​នៅ​តាម​រងដំឡូង​មី បើ​ទុក​យូរ​នាំ​ឱ្យ​រលួយ​ខូច ទើប​កសិករ​នាំ​គ្នា​សម្រុក​ដក​ដំឡូង​មី​ដឹក​លក់​ឱ្យ​ឈ្មួញ​នៅ​តាម​ស្តង់​ជា​បណ្តើរ​ៗ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ដោយសារ​តែ​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ហើយ​ស្រប​ពេល​ដែល​មេឃ​ធ្លាក់​ភ្លៀង​រាល់ថ្ងៃ បណ្តាល​ឱ្យ​ដក់​ទឹក​នៅ​តាម​រងដំឡូង​មី បើ​ទុក​យូរ​នាំ​ឱ្យ​រលួយ​ខូច ទើប​កសិករ​នាំ​គ្នា​សម្រុក​ដក​ដំឡូង​មី​ដឹក​លក់​ឱ្យ​ឈ្មួញ​នៅ​តាម​ស្តង់​ជា​បណ្តើរ​ៗ ។ ជា​ពិសេស​កសិករ​រស់នៅ​ក្នុងភូមិ​ភ្នំ​រាំង និង​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ វ៉ា​ន់ សេង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​ទើបតែ​ដាំដំឡូង​មី​បាន​រយៈពេល​៦​ខែ នៅ​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ​របស់​ខ្លួន លុះ​មេឃ​ធ្លាក់​ភ្លៀង​រាល់ថ្ងៃ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​គាត់​ព្រួយបារម្ភ​ខ្លាចក្រែង​មើមដំឡូង​មី​ស្អុយរលួយ ទើប​នាំ​កូនចៅ និង​ជួល​កម្មករ​ឱ្យ​ប្រញាប់​ដក​ទាំង​មើម នៅ​ខ្ចី​យក​ទៅ​លក់​នៅ​តាម​ស្តង់​ដំឡូង​តែ​ម្តង ។ គាត់​បន្ត​ទៀត​ថា ទោះបីជា​មើមដំឡូង​មី​នៅ​ខ្ចី មិន​ទាន់​មាន​ម្សៅ​យ៉ាងណា​ក៏​ដោយ​ក៏​ឈ្មួញ​នៅ​តែ​បញ្ជា​ទិញ​ដែរ ដោយ​កាលពីមុន​១​គីឡូក្រាម ត្រឹមតែ​ជាង​១​បាតប្រាក់​ថៃ ។ តែ​រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ហក់​ឡើង​រហូត​ដល់​២.៥៥​បាត​(​ប្រាក់​ថៃ​) ដែល​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត ហើយ​កសិករ​ម្នាក់​ៗ ខំប្រឹង​នាំ​គ្នា​សម្រុក​ដក​លក់ ដើម្បី​ប្រញាប់​ដាក់​ដាំ​សារ​ជា​ថ្មី ។

គាត់​បន្ត​ទៀត​ថា កាលពី​ថ្ងៃមុន​ទើប​ដក​លក់​បាន​៥​តោន ហើយ​នៅ​ថ្ងៃ​បន្ទាប់​នេះ​មិន​ទាន់​បាន​ដឹក​យក​ទៅ​ថ្លឹង​លក់​នៅឡើយ​ទេ មើលទៅ​គាត់​អាច​ចំណេញ​សល់​ប្រាក់​សម្រាប់​សង​ជំពាក់ គេ និង​សល់​លុយកាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ ឡុ​ង ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា តម្លៃ​ទីផ្សារ​ដំឡូង​មី នា​ពេល​នេះ​ពិតជា​ថ្លៃ​ខ្ពស់​រហូត​ដល់ ១​គីឡូ​២.៥៥​បាត ឯណោះ ដូច្នេះ​ដំឡូង​ដែល​គាត់​ដាំ​បាន​ជាង​១​ហិ​កតា ហើយ​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​ប្រមូល​ផល​ផង ក៏​សម្រេចចិត្ត​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ដក​ដឹក​លក់​នៅ​តាម​ស្តង់ ។

គាត់​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​សប្បាយចិត្ត​ពេល​ឃើញ​តម្លៃ​ទីផ្សារ​ដំឡូង​ឡើងថ្លៃ ដោយ​ម្នាក់​ៗ ត្រៀមខ្លួន​ជា​ស្រេច​នឹង​ហៅ​កម្មករ​ចុះ​ទៅ​ប្រមូល​ផល​ទាំង​ចាស់​ទាំង​ខ្ចី ព្រោះ​អី​ឈ្មួញ​គេ​មិន​រើស​រក​អ្វី​នោះ​ទេ ឱ្យ​តែ​មាន​មើមដំឡូង​មី​ដក​លក់​ឱ្យ​គេ គឺ​កុម្ម៉ង់​ទិញ​ទាំងអស់​តែ​ម្តង ។

គាត់​សំណូមពរ​ផង​ដែរ បើសិនជា​ទីផ្សារ​ដំឡូង​មី​ឡើងថ្លៃ​ខ្ពស់ ដូច្នេះ​ហើយ​ទោះបីជា​មាន​កសិករ​ប្រមូល​ផល​ច្រើន​ក៏​សុំ​កុំឱ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ ព្រោះ​គាត់​សង្កេត​ឃើញ​ជា​រៀង​រាល់ពេល គឺ​ឡើងថ្លៃ​ពេល​កសិករ​ប្រមូល​ផល​មួយ​ៗ លុះ​ឃើញ​ប្រមូល​ផល​គ្នា​ច្រើន ស្រាប់តែ​បញ្ចុះតម្លៃ​រហូត​ដល់​ទាប​មិន​អាច​ទទួលយក​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ