ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្គាល់​កីឡាករ​ទី១ ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា​​ទាំង​អស់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត ក្លាយជា​កីឡាករ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(Asian Games) ឆ្នាំ​២០១៨ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​តាម​រយៈ​ការ​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត ក្លាយជា​កីឡាករ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(Asian Games) ឆ្នាំ​២០១៨ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​តាម​រយៈ​ការ​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១ ។ មុន​នឹង​ក្លាយជា​វីរ​កីឡាករ​របស់​ជាតិ​កម្ពុជា​កីឡាករ​ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ធំ​ធាត់​នៅ​ខេត្តក្រចេះ​រូប​នេះ បាន​ឆ្លងកាត់​ជីវិត​តស៊ូ​មិនធម្មតា​ដោយ​សារ​តែ​គ្រួសារ​ក្រីក្រ​ខ្លាំង​ពេក​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កីឡាករ​សាលី អ៊ូ​មើ​ត បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លួន​មុន​នឹង​ក្លាយជា​វីរ​កីឡាករ​របស់​ជាតិ​ថា លោក​មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​សារ​គ្រួសារ​ក្រីក្រ​ខ្លាំង​ពេក​ក៏​បោះបង់​ចោលការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៦​ហើយ​បាន​ចាកចេញ​ទៅ​រស់នៅ​ជាមួយ​បងប្អូន​ជីដូនមួយ​ឯ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០០៦ ដើម្បី​រក​ប្រាក់​យក​មក​ជួយ​ផ្គត់ផ្គង់​គ្រួសារ ។

ដោយសារ​បងប្អូន​ជី​ដូន​មួយ​រូប​នោះ​មាន​អាជីព​ជា​កីឡាករ​ម៉ូតូ​ទឹក​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ និង​ទទួល​បាន​ប្រាក់​រង្វាន់​យ៉ាងច្រើន​ពី​រាជរដ្ឋាភិបាល​ថៃ​ពេល​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​ម្ដង​ៗ ធ្វើ​ឱ្យ​លោក​មាន​ចិត្ត​ចង់​ក្លាយជា​កីឡាករ​ម៉ូតូ​ទឹក​ដ៏​ខ្លាំងពូកែ​មួយ​រូប​នៅ​ថ្ងៃ​អនាគត​ដោយ​យក​គំរូ​តាម​បងប្អូន​ជី​ដូន​មួយ ។

លោក​ថា មុន​នឹង​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​ថៃ​អនុញ្ញាត​ឱ្យ​លោក​ក្លាយជា​កីឡាករ​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​២០០៧ លោក​បាន​ចំណាយ​ពេល​អស់​ជិត​មួយ​ឆ្នាំ​ក្នុង​ការ​ហ្វឹកហាត់​បញ្ជា​ម៉ូតូ​ទឹក​ដោយ​ខ្លួន​ឯង​ផង​និង​ដោយ​មានការ​ណែនាំ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​សំណាក់​បង​ប្អូន​ជីដូន​មួយ​ផង ។ ក្នុង​ការ​ហ្វឹកហាត់​ក្រោម​ការ​គ្រប់​គ្រង​របស់​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​ថៃ លោក​ជួប​​ការ​លំបាក​យ៉ាង​ខ្លាំង មាន​ពេល​ខ្លះ​លោក​ត្រូវ​បាន​សហព័ន្ធ​ដាក់​វិន័យ​តឹង​រ៉ឹង​ពេល​មាន​កំហុសឆ្គង​ម្ដង​ៗ​។

ជាក់ស្ដែង​មាន​ថ្ងៃមួយ​ពេល​ប្រកួត​សាកល្បង​នៅ​ក្នុង​ក្រុម រូប​លោក​ត្រូវ​គ្រូបង្វឹក​ពិន័យ​ឱ្យ​ដាក់​កូនសោ​សម្រាប់​បញ្ឆេះ​ម៉ា​ស៊ី​ន​លើ​ក្បាល​រយៈពេល​២-៣​នាទី ហើយ​ឱ្យ​កីឡាករ​ដទៃ​ចេញដំណើរ​ទៅ​មុន ប៉ុន្តែ​លោក​នៅ​តែ​ធ្វើ​បាន​ល្អ​ដោយ​បង្កើន​ល្បឿន​ទៅ​ដល់​គោលដៅ​មុនគេ​ដដែល​។

សាលី អ៊ូ​មើ​ត ដែល​មក​ដល់​ពេល​នេះ​មាន​អាយុ​២៦​ឆ្នាំ​បាន​បន្ត​ថា ដោយសារ​មើល​ឃើញ​​លោក​មាន​ថ្វីដៃ​ក្នុង​ការ​បញ្ជា​ម៉ូតូ​ទឹក​យ៉ាង​ស្ទាត់ជំនាញ​នេះ​ហើយ ទើប​នៅ​ក្នុង​ឆ្នាំ​២០០៨ លោក​ត្រូវ​បាន​សហព័ន្ធ​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ប្រទេស​ថៃ​ហើយ​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់​ជើងឯក​លើក​ដំបូង ។

នៅ​ក្នុង​ការ​ប្រកួត​​ជា​បន្តបន្ទាប់​មក​ទៀត​លោក​មិន​ដែល​ថ្លោះធ្លោយ​ម្ដងណា​ឡើយ​រមែង​ដណ្ដើម​បាន​ពាន​ជើងឯក​រាល់​ឆ្នាំ​និង​ទទួល​បាន​នូវ​ការ​កោតសរសើរ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​មិន​ដាច់​ពី​មាត់​ទៀត​ផង​។​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​យក​ចិត្តទុកដាក់​អស់​រយៈពេល​ប្រហែលជា​៣​ឆ្នាំ នៅ​ក្នុង​ឆ្នាំ​២០១២ លោក​ត្រូវ​បាន​សហ​ព័ន្ធ​ជ្រើសរើស​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ម៉ូតូ​ទឹក​លំដាប់ថ្នាក់​ពិភពលោក​ជា​លើក​ដំបូង​នៅ​ឯ​សហរដ្ឋអាមេរិក ហើយ​ជា​លទ្ធផល​លោក​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ត្រឡប់​មក​វិញ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក​កាន់តែ​ល្បីល្បាញ​ថែម​ទៀត​។

លោក សាលី អ៊ូ​មើ​ត ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បញ្ជាក់​​ថា ដោយសារ​តែ​មើលឃើញ​លោក​មានបទពិសោធន៍​ប្រកួត​ម៉ូតូ​ទឹក​យូរ​ឆ្នាំ និង​មាន​ជំនាញ​បញ្ជា​ម៉ូតូ​ទឹក​ច្បាស់លាស់ ថែម​ទាំង​មាន​ឈាមជ័រ​ជា​កូន​ខ្មែរ​ស្រាប់​ផង​នោះ លោក​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ទាក់ទង​ឱ្យ​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជា​លើក​ដំបូង ។ តាម​រយៈ​វត្តមាន​របស់​លោក​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឱកាស​បំបែក​កំណត់​ត្រា​ជាង​៦០​ឆ្នាំ បន្ទាប់​ពី​លោក​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​មក​ជូន​ជាតិ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វីរ​កីឡាករ​សាលី អ៊ូ​មើ​ត បាន​រៀប​ការ​ប្រពន្ធ​នៅ​ក្នុង​ឆ្នាំ​២០១៤ ដែល​មក​ដល់​ពេល​នេះ​មានកូន​២​នាក់​(​ស្រី​១​ប្រុស​១)​និង​កំពុង​តែ​រួមរស់​ជាមួយ​គ្នា​នៅ​ឯ​ប្រទេស​​ថៃ​។ លោក​មាន​បំណង​នាំ​ប្រពន្ធ​កូន​វិល​មក​រស់នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ និង​បាន​សន្យា​ថា នឹង​រក​មេដាយមាស​ជូន​ជាតិ​ឱ្យ​បាន នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ