ខេត្តមណ្ឌលគិរី ៖ ភ្នាក់ងារយកព័ត៌មានអង្គភាព TNM ប្រចាំខេត្តមណ្ឌលគិរីម្នាក់ និងជាចាងហ្វាយគេហទំព័រ ព័ត៌មានថ្ងៃនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ត ចេញដីកាកោះឲ្យចូលឆ្លើយបំភ្លឺ ក្នុងករណីលោក ឌិន ប៊ុនធឿន នាយកដែនជម្រកការពារសត្វព្រៃកែវសីមា ប្តឹងពីបទ បរិហាកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី០៤ សីហា ២០១៨ កន្លងទៅ។
លោក ឃិន សុខន ភ្នាក់ងារយកព័ត៌មានអង្គភាព TNM ប្រចាំខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃទី១២ កញ្ញា ២០១៨ លោកត្រូវចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងតាមដីកាកោះរបស់លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយពីលោកបានផ្សព្វផ្សាយព័ត៌មានមួយក្រោមចំណងជើងថា«រឿងធំហើយម្តងនេះ លោកចាប កុសល នឹងលោក លី សុធិ មានរឿងច្របូកច្របល់ ដល់កម្លាំងចម្រុះដែនជម្រកសត្វព្រៃកែវសីមា» និងអត្ថបទ«បែកធ្លាយចម្លើយបុរសពីរនាក់ដែលកម្លាំងចម្រុះដែនជម្រកសត្វព្រៃកែវសីមាចាប់ប្រាប់ថាយកលុយ១៥ ០០០ដុល្លារ ជាថ្នូរនឹងការដោះលែងរថយន្តប៉ាកុង៣គ្រឿង»។
លោកឃិន សុខន បន្តថា ករណីនេះលោកនឹងចូលទៅបំភ្លឺតាមការកោះហៅរបស់មន្ត្រីសាលាដំបូង ពោលគឺមិនគេចវេសទៅណាឡើយ ព្រោះព័ត៌មានដែលលោកចេញផ្សាយគឺមានទឡ្ហីករណ៏ច្បាស់លាស់រួមនឹងសាក្សីដែលបានដឹងឮជាច្រើនក្នុងព័ត៌មានដែលបានចេញផ្សាយកន្លងមក។ លោកបញ្ជាក់ថា«ជុំវិញរឿងនេះលោកនឹងផ្តល់គ្រប់ភក្តុតាងដល់តុលាការដើម្បីការពារការចោទប្រកាន់របស់ភាគីលោក ឌិន ប៊ុនធឿន»។ យើងគិតថា ទំនងអត់ភស្តុតាងណាការពារខ្លួនទេ ។
ទោះយ៉ាងណាគិតត្រឹមវេលាម៉ោង២នឹង៤០នាទីថ្ងៃទី១២ កញ្ញា ២០១៨ លោក ឌិន ប៊ុនធឿន នាយកដែនជម្រកការពារសត្វព្រៃកែវសីមាមិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទគ្មានអ្នកឆ្លើយតប ៕
ចែករំលែកព័តមាននេះ