ខេត្តកែប ៖ បុរសចំណាស់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៣A ត្រង់ចំណុចចន្លោះផ្លូវចូលភ្នំខ្វាវ ស្ថិតក្នុងភូមិពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ជនរងគ្រោះខាងលើឈ្មោះ ជួន មិន ភេទប្រុស អាយុ៥២ ឆ្នាំ រស់នៅភូមិ ឃុំកន្លែងកើតហេតុខាងលើ បានរងរបួសធ្ងន់ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣C-០៤៤៨ បានបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ (មានសង្ឃឹមតិចបំផុត) ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានបើករត់គេចដែរ ប៉ុន្តែក៏មានអ្នកឃើញហេតុការណ៍បានថតរូបភាពរថយន្ត និងស្លាកលេខបានមុនរថយន្តនោះបើករត់គេចផងដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ រីឯរថយន្តដែលបើករត់គេចនោះ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីនាំខ្លួនម្ចាស់រថយន្តមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ