ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោព្រៃ​កម្ពុជា​បន្ត​ចាញ់​ម៉ា​ឡេ​ស៊ី ​1-3 ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា «​គោព្រៃ​» មិន​អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​បាន​នៅឡើយ​ទេ​ដោយ​បន្ត​ចាញ់​ក្រុម​ភ្ញៀវ​ម៉ា​ឡេ​​ស៊ីក្នុង​លទ្ធផល​១-៣​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ដែល​ទៅ​ទស្សនា​ផ្ទាល់​ប្រមាណ​ជិត​៤​ម៉ឺន​នាក់​។ បន្ទាប់​ពី​ពន្យារពេល​ប្រហែល​កន្លះ​ម៉ោង​ដោយសារ​ទឹកភ្លៀង​លិច​ទីលាន ការ​ប្រកួត​បាន​ចាប់ផ្ដើម​ឡើង​ក្រោម​សំឡេង​អបអរ​យ៉ាង​កងរំពង​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ ។…

​រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា «​គោព្រៃ​» មិន​អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​បាន​នៅឡើយ​ទេ​ដោយ​បន្ត​ចាញ់​ក្រុម​ភ្ញៀវ​ម៉ា​ឡេ​​ស៊ីក្នុង​លទ្ធផល​១-៣​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ដែល​ទៅ​ទស្សនា​ផ្ទាល់​ប្រមាណ​ជិត​៤​ម៉ឺន​នាក់​។

បន្ទាប់​ពី​ពន្យារពេល​ប្រហែល​កន្លះ​ម៉ោង​ដោយសារ​ទឹកភ្លៀង​លិច​ទីលាន ការ​ប្រកួត​បាន​ចាប់ផ្ដើម​ឡើង​ក្រោម​សំឡេង​អបអរ​យ៉ាង​កងរំពង​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ ។ នៅ​តង់​ទី​១ ក្រុម​គោព្រៃ​កម្ពុជា​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​នាំ​បាល់​ទៅ​លេង​មុខ​ទី​គូប្រកួត​ជា​ញឹកញាប់​ទៀត​ផង ខណៈ​ក្រុម​ភ្ញៀវ​ទទួល​បាន​ឱកាស​បែប​នេះ​ម្ដងម្កាល​ប៉ុណ្ណោះ ។

កីឡាករ​លេង​ក្នុង​តំណែង​ខ្សែការពារ​របស់​ក្រុម​គោព្រៃ​កម្ពុជា សឿ​យ វិសាល ជា​អ្នក​បង្កើត​ភាព​រីករាយ​ដល់​អ្នកគាំទ្រ​កម្ពុជា​មុនគេ​តាម​រយៈ​ការ​រកបាន​១​គ្រាប់​នាំមុខ​ក្រុម​ម៉ា​ឡេ​ស៊ី​នៅ​នាទី​ទី​១៨​ក្រោយ​ទទួល​បាល់​លើក​ចេញពី​ជ្រុង​ដោយ​កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន។

ការ​ប្រកួត​ក្នុង​តង់​ទី​២​ចាប់ផ្តើម​ក្រោយ​សម្រាក​រយៈពេល​១៥​នាទី​ដែល​មានការ​សម្តែង​ល្ខោនខោល​ផង​នោះ ក្រុម​គោព្រៃ​កម្ពុជា​មានឱកាស​ជា​ច្រើន​ដង​ក្នុង​រយៈពេល​១៥​នាទី​ដំបូង​តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ ដោយ​សារ​អ្នកចាំទី​ម៉ា​ឡេ​ស៊ី​ជួយ​សង្គ្រោះ​បាល់​បាន​ជា​បន្តបន្ទាប់ ។ បន្ទាប់​ពី​នោះ​មក​ក្រុម​ម៉ា​ឡេ​ស៊ីផ្លាស់ប្ដូរ​ទម្រង់​លេង​ពី​ការ​ការពារ​ខ្លាំង​មក​លេង​សម្រុក​រហូត​រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៦២​ដោយ​កីឡាករ​Mohd S.S.​។

ដោយសារ​ក្រុម​គោព្រៃ​ថមថយ​កម្លាំង​ធ្វើ​ឱ្យ​គូប្រកួត​កាន់តែ​បង្កើន​ការ​លេង​សម្រុក​និង​រកបាន​២​គ្រាប់​ទៀត​នៅ​នាទី​ទី​៧៥​ដោយ​កីឡាករ​Syazwan Andik និង​នាទី​ទី​៩០+២ ដោយ​កីឡាករ​bin Md Fauzi M.S.​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ក្រុម​គោព្រៃ​កម្ពុជា​ចាញ់​ម៉ា​ឡេ​ស៊ី​១-៣​។

លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​និយាយ​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​ថា លោក​ពេញចិត្ត​នឹង​បរិយាកាស​នៅ​ក្នុង​ការ​ប្រកួត​​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី ពិសេស​កីឡាករ​របស់​លោក​បង្ហាញ​ពី​ការ​ចង់​បាន​ជោគជ័យ​ក្នុង​អាជីព​របស់​ពួក​គេ ។ អ្នកចាត់ការ​សញ្ជាតិ​ជប៉ុន​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​​ថា កូនក្រុម​របស់​លោក​ពិតជា​បាន​ធ្វើ​តាម​អ្វី​ដែល​លោក​ធ្លាប់​បាន​ប្រាប់​ពួក​គេ​មុន​ការ​ប្រកួត ។ ពួក​គេ​ធ្វើ​បាន​ល្អ​បំផុត​នៅ​ក្នុង​៣០​នាទី​ដំបូង ទោះបីជា​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើងម៉ា​ឡេ​ស៊ី​ដោយ​លទ្ធផល ១-៣ ក៏​ដោយ​។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​បរាជ័យ​លើក​ទី​១ របស់​ក្រុម​គោព្រៃ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ជនជាតិ​ជប៉ុន Keisuke HONDA និង​ជំនួយការ​របស់​លោក​ជនជាតិ​អា​ហ្ស​ង់​ទី​ន Felix Dalmas​។ ២​ប្រកួត​បន្ទាប់​របស់​កម្ពុជា ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត មុន​ប៉ះ​សិង្ហ​បុរី នៅ​ក្នុង​ខែតុលា ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ