ខេត្តពោធិ៍សាត់ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ធ្វើការឃាត់ខ្លួនស្រីស្អាតម្នាក់ពាក់ព័ន្ធទៅនឹងករណីឆបោកប្រាក់តាមវីងវេរលុយ ព្រមទាំងដកហូតលុយដុល្លារក្លែងក្លាយជិត២ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៀតផង។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីការបស់ព្រះរាជអាជ្ញារងខេត្ត កាលពីម៉ោង១៥និង៣០នាទីរសៀល ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ។
បើតាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ស្រីស្អាតខាងលើនេះឈ្មោះ ហុក វុទ្ធវតី ហៅឈាងម៉ៃ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានទីលំនៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ។ ហើយឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ឈ្មោះ អ៊ឹម ដារ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលចោទប្រកាន់ថា កាលពីកំឡុងខែសីហាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ដោយស្រីស្អាតខាងលើឆបោកប្រាក់ដុល្លារតាមវីងវេរលុយរបស់ខ្លួនចំនួន៤០០ដុល្លារ និង៣លានរៀល។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលពាក្យបណ្ដឹង និងដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកព្រះរាជអាជ្ញារងខេត្តភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តក៏ធ្វើការឃាត់ខ្លួនស្រីស្អាតនោះនៅថ្ងៃទី១០ កញ្ញានេះតែម្ដង។ ហើយសមត្ថកិច្ចដកហូតវត្ថុតាងដូចជា ក្រដាស់ប្រាក់ក្លែងក្លាយប្រភេទមួយរយដុល្លារចំនួន១៥៣សន្លឹក ស្មើនឹង១៥.៣០០ដុល្លារ ខ្សែ.ក១ខ្សែ និងនាឡិកាដៃ២គ្រឿង។
ប្រភពព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅឲ្យដឹងថា ស្រីស្អាតខាងលើនេះជាមុខសញ្ញាបោកប្រាស់លុយកាក់ បោកប្រាស់ខាងលក់គ្រឿងសង្ហារឹម និងលក់ឈើតាមប្រព័ន្ធអនឡាញទៀតផង។ បច្ចុប្បន្ននេះស្រីស្អាត និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ