ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បំបាក់​ប៊ី ចាន់​ណា បុគ្គល​២​នាក់​និយាយ​ពី​កីឡាករ ឯម ខ្លឹម​ខ្មៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជា​ថ្មី​របស់​កីឡាករ​កម្ពុជា ឯម ខ្លឹម​ខ្មៅ ដែល​ទើប​សម្រេចចិត្ត​ប្ដូរ​ក្លិប និង​ប្ដូរ​ឈ្មោះ​ថា មុត ខ្លឹម​ខ្មៅ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជា​ថ្មី​របស់​កីឡាករ​កម្ពុជា ឯម ខ្លឹម​ខ្មៅ ដែល​ទើប​សម្រេចចិត្ត​ប្ដូរ​ក្លិប និង​ប្ដូរ​ឈ្មោះ​ថា មុត ខ្លឹម​ខ្មៅ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​៨ កញ្ញា បាន​ធ្វើ​ឲ្យ​ម្នាក់​ៗមានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​យក​ឈ្នះ​​លើ​គូប្រកួត ។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​ត្រឹម​តែ​ថា​លទ្ធផល​ដែល​បាន​ប្រកាស​នោះ​សម​ស្រប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​កីឡា​ករ មុត ខ្លឹម​ខ្មៅ ក្រោយ​បំបាក់​គូប្រកួត ប៊ិ​ន ចាន់​ណា នា​ថ្ងៃ​នោះ​ផង​ដែរ​។

ផ្អែក​តាម​ភាព​ជាក់ស្ដែង កីឡាករ ប៊ិ​ន ចាន់​ណា បាន​និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា ខ្លួន​គួរតែ​បាន​លទ្ធផល​ស្មើ បើ​មិន​អាច​បាន​ឈ្នះ បែរជា​ត្រូវ​គណៈកម្មការ​ឱ្យ​ចាញ់ ដែល​លោក​បាន​ចាត់​ទុក​ថា​នោះ​ជា​លទ្ធផល​ពិបាក​ទទួល​។

លោក​បាន​ទម្លាក់​ទឹកមុខ​នៅ​លើ​សង្វៀន​ពេល​ប្រកាស​ឱ្យ​ចាញ់ និង​បាន​និយាយ​នៅ​ក្រោយ​សង្វៀន​ថា ខ្លួន​ខំ​វាយ​ដល់​ម្លឹ​ង​ហើយ​គួរតែ​បាន​ស្មើ ដោយសារ​តែ​២​ទឹក​ចុង​ក្រោយ​លោក​វាយ​កីឡាករ​ខ្លឹម​ខ្មៅ​បាន​ល្អ និង​ត្រូវ​ចំ​គោលដៅ​ច្រើន​ដែរ ។

តប​នឹង​ការ​លើក​ឡើង​នេះ លោក រាជ សូ​ផែន ប្រធាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ប្រចាំ​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ និយាយ​ថា ជា​ធម្មតា​កីឡាករ​មិន​ថា​កម្ពុជា​ភាគច្រើន កម្រ​ទទួល​យក​លទ្ធផល​នៅ​ពេល​ប្រកាស​ឱ្យ​ចាញ់​ខ្លាំង​ណាស់។

ដោយ​តែងតែ​លើក​ហេតុផល​ថា​ខ្លួន​ក៏​វាយ​ចេញ​បាន​ច្រើន និង​ថា​ត្រូវ​ចំ​គោលដៅ​បាន​ល្អជា​ដើម ។ ប៉ុន្តែ​ការ​ពិត​មាន​តែ​ភ្នែក​គណៈកម្មការ​ប៉ុណ្ណោះ​ដែល​ដឹង​ថា​ការ​វាយ​ចេញ​បែប​ណា ដែល​ត្រូវ​បាន​ពិន្ទុ ហើយ​វាយ​ត្រូវ​គោលដៅ​កន្លែង​ណា​ដែល​បាន​ពិន្ទុ​ប៉ុន្មាន​។

យ៉ាងណាមិញ លោក​ថា​កីឡាករ ចាន់​ណា ចាញ់​កីឡាករ​ខ្លឹម​ខ្មៅ ពេញ​៣​ទឹក​ដំបូង ហើយ​​​ចាញ់​ពិន្ទុ​ដាច់​ឆ្ងាយ​តែ​ម្ដង ដោយ​មិន​អាច​យក​ពិន្ទុ​២​ទឹក​ចុង​ក្រោយ ដែល​ត្រូវ​បូក​ដល់​ទៅ​៥​ទឹក​សរុបគ្នា ហើយ​សំអាង​ថា​វាយ​ត្រូវ​តែ​២​ទឹក​ចុង​ក្រោយ រួច​ក៏​អារកាត់​ថា គួរតែ​ឈ្នះ​កើត​ទេ​។

លោក​ថា កីឡាករ​កម្ពុជា ឯម ខ្លឹម​ខ្មៅ ដែល​ទើប​ប្ដូរ​ឈ្មោះ​ថា មុត ខ្លឹម​ខ្មៅ គឺ​ល្អ​ទាំង​កែង ទាំង​ជង្គង់ និង​ម៉ាត់ ដោយ​សន្ទុះ​វាយ​ចេញ​ក៏​ត្រូវ​ចំ​គោលដៅ ដែល​អាច​និយាយ​បាន​ថា សុទ្ធតែ​ជា​ចំណុច​ទទួល​បាន​ពិន្ទុ​ខ្ពស់​ៗ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ខ្លឹម​ខ្មៅ ត្រូវ​តែ​ឈ្នះ​ពិន្ទុ​ដោយ​ជៀស​មិន​ផុត ក្រោយ​បើក​ការ​ប្រកួត​ចប់​ពេញ​៥​ទឹក​។

លោក​ថា កីឡាករ ចាន់​ណា ដ្បិតថា​វាយ​បាន​ល្អ​២​ទឹក​ចុង​ក្រោយ តែបើ​គិត​ជា​រួម ក្នុង​ការ​បូក​សរុប​ពិន្ទុ​ទាំងស្រុង ក៏​មិន​អាច​តាម​ស្មើ​បាន​ដែរ កុំ​ថា​ឡើយ​ដល់​ឈ្នះ ។

លោក​ថា ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​អាច​យោគយល់​ថា​ជា​កីឡាករ​ល្បី​មុន ឬ រៀមច្បង ត្រូវ​តែ​មាន​ប្រៀប​ជាង ដោយ​ចេះ​តែ​ឱ្យ​ឈ្នះ ឬ​ស្មើ ដើម្បី​យោងមុខ​បាន​ទេ ដរាបណា​ការ​ប្រកួត​ត្រូវ​បាន​ស្ដែង​ឡើង​ដោយ​មិន​សម​នឹង​ផ្ដល់​ឱ្យ​នូវ​លទ្ធផល​បែប​នោះ ។

លោក​ថា បើ​ការ​ប្រកួត​ចាញ់​ពិន្ទុ​គ្នា​តិចតួច គណៈកម្មការ​អាច​នឹង​ធ្វើការ​ពិចារណា​ឱ្យ​ស្មើ​ដើម្បី​កុំឱ្យ​កីឡាករ​ម្ខាង​ៗ​អន់ចិត្ត តែ​សម្រាប់​ករណី មុត ខ្លឹម​ខ្មៅ កាលពី​ថ្ងៃ​សៅរ៍​មុន​នេះ គឺ​សម​នឹង​ឈ្នះ​១០០​ភាគរយ​តែ​ម្ដង លើ​កីឡាករ ចាន់​ណា ដោយ​អ្នកចេះ​មើល​ពី​លក្ខ​ខណ្ឌ​​ផ្ដល់​ពិន្ទុ នឹង​ទទួលស្គាល់​ការ​កាត់ក្ដី​នោះ ។

ជាក់ស្ដែង​លោក​នៅ​តែ​និយាយ​ថា បើ​ទោះជា​២​ទឹក​ចុង​ក្រោយ កីឡាករ ចាន់​ណា អាច​វាយ​បាន​ល្អ​បន្តិច​មែន ប៉ុន្តែ​មិន​អាច​យក​ការ​ចាញ់​ពិន្ទុ​៣​ទឹក​បើក​ឆាក​មក​សុំ​សង​គ្នា​កើត​ទេ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ បាន​ថ្លែង​ដែរ​ថា សម្រាប់​មួយគូ​នេះ បើ​ទោះជា​លោក​មិនមែន​ជា​អ្នក​ឱ្យ​ពិន្ទុ និង​មិនសូវ​ដឹង​ច្បាស់​វ៉ៃ​ត្រូវ​ត្រង់​ណា​ទទួល​បាន​ពិន្ទុ​ប៉ុន្មាន​ៗ ប៉ុន្តែ​លោក​ថា ផ្អែក​តាម​ការ​មើលឃើញ​គឺ​អ្នក​ឈ្នះ​សម​នឹង​ឈ្នះ​មួយ​រយ​ភាគរយ ។

យ៉ាងណាមិញ លោក​ថា​ខ្លួន​ក៏​ស្រឡាញ់​កម្រិត​វាយលុក​របស់​កីឡាករ​ចាន់​ណា ផង​ដែរ ដោយសារ​តែ​កីឡាករ​រូប​នេះ វាយ​ឈ្នះ​សុទ្ធតែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​កន្លង​មក និង​ថា​ការ​ប្រកួត​ជាមួយ​ខ្លឹម​ខ្មៅ ក៏​គេ​ប្រកួត​មិន​លាក់​ដៃ ហើយ​ប្រកួត​បាន​ល្អ​ផង​ដែរ។

កម្រិត​វាយ​សម្រុក​មិន​លាក់​ដៃ​របស់​កីឡាករ ចាន់​ណា លោក​ថា អ្នក​ទស្សនា​ត្រូវចិត្ត ហើយ​កីឡាករ​រូប​នេះ​ខ្លួនឯង ក៏​ទំនង​បង្ហាញ​ក្ដី​រំពឹង​ផង​ដែរ ទើប​ធ្វើ​ឱ្យ​មានការ​យល់​ឃើញ​​​ថា គេ​សមតែ​បាន​ស្មើ បើ​មិន​អាច​ឈ្នះ​ខ្លឹម​ខ្មៅ ។

លោក​ថា​ខ្លឹម​ខ្មៅ មិនមែន​ជា​កីឡាករ​ទី​១​ដែល​ឈ្នះ​ចាន់​ណា នោះ​ទេ ដោយ​គ្រាន់តែ​មួយ​រយៈ​ចុង​ក្រោយ កីឡាករ ខ្លឹម​ខ្មៅ រាង​ធ្លាក់ដៃ​មិន​ដូច​មុន ហើយ​ចេះ​តែ​មានការ​ប៉ានស្មាន​ទុក​មុន​ថា គេ​នឹង​មិន​អាច​ឈ្នះ លុះដល់​ការ​ប្រកួត​ជាក់ស្ដែង គេ​មាន​ប្រៀប​ជាង ទើប​នាំ​ឱ្យ​មានការ​លើក​ឡើង​ខាងលើ ។

លោក​ថា កីឡាករ ចាន់​ណា មក​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​សឹង​មិន​មាន​លើក​ណា​ដែល​ការ​ប្រកួត​របស់​គេ​មិនល្អ និង​មិន​ស្ពាយ​ជ័យ​ជម្នះ​ត្រឡប់​ទៅ​វិញ​ទេ ដោយសារ​តែ​គេ​គឺជា​កីឡាករ​ដែល​មាន​ថ្វីដៃ​មិនធម្មតា ។ ទាំង​អស់នេះ​សុទ្ធតែ​ជា​កត្តា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​គួរ​ត្រូវ​ចាញ់​នោះ​ផង​។

យ៉ាងណា​ក៏​ដោយ​លោក​ថា បើ​កីឡាករ ចាន់​ណា មិន​អស់ចិត្ត នោះ​លោក​នឹង​ដាក់​ឱ្យ​ឡើង​សងសឹក ខណៈ​ដែល​លោក​ជឿ​ថា បើ​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ជា​ថ្មី ទំនងជា ខ្លឹម​ខ្មៅ មិន​អាច​ស៊ី​ដូច​ពេល​នេះ​ផង ដោយសារ​តែ​គេ​ក៏​ល្អ​ទាំង​កម្លាំង និង​បច្ចេកទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ