ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​សំខាន់​ៗ​ដែល​វិនិយោគិន​អចលនទ្រព្យ​អន្តរជាតិ​មើលឃើញ​កម្ពុជា​ជា​គោលដៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាពល្អ​ប្រសើរ​នៃ​ផ្ទៃក្នុង​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​គោល​ដៅ​វិនិយោគ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ ទាំង​មក​ពី​តំបន់​អាស៊ាន ប្រទេស​​ចិន និង​ពិភពលោក ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​វិនិយោគ​អចលនទ្រព្យ​ជន​ជាតិ​​អូស្ត្រាលី​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ភាពល្អ​ប្រសើរ​នៃ​ផ្ទៃក្នុង​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​គោល​ដៅ​វិនិយោគ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ ទាំង​មក​ពី​តំបន់​អាស៊ាន ប្រទេស​​ចិន និង​ពិភពលោក ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​វិនិយោគ​អចលនទ្រព្យ​ជន​ជាតិ​​អូស្ត្រាលី​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា ។

លោក Tom O”sullivan អគ្គនាយក​គេហទំព័រ Realestate.com.kh បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌មាន​ស្តី​ពី ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំឆ្នាំ​នា​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា កន្លង​ថា បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់ កម្ពុជា​បាន​ផ្តល់​សិទ្ធ​កាប់​អចលនទ្រព្យ​សម្រាប់​ជនបរទេស និង​មាន​ទស្សនវិស័យ​ចំពោះ​កំណើន​វិនិយោគ​យ៉ាង​រ៉ឹង​មាំ ។

លោក​បន្ត​ថា អ្នក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បានដឹង​យ៉ាង​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ ការ​សាងសង់ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ទីក្រុង​សំខាន់​ៗ​ដូច​ជា ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​សៀម​រាប ។

លោក​បន្ត​ថា ៖« ជនបរទេស​ជា​ច្រើន​នៅ​មានការ​យល់​ដឹង​តិចតួច​នៅឡើយ​ពី​គុណភាព​អចលនទ្រព្យ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា និង​សក្តានុពល​វិនិយោគ​សម្រាប់​អ្នកទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​នេះ »​។

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាលពី​ឆ្នាំ​មុន​មាន​ទំហំ​ទឹកប្រាក់​ជាង​៦.៤០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​នេះ​មាន​ទឹកប្រាក់​ជិត​៣.០០០​លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភព​លោក ​CBRE Cambodia បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​អ្នក​នាង​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ពិតជា​ក្លាយជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ ។

អ្នក​នាង​បន្ត​ថា ច្បាប់​វិនិយោគ​ដ៏​ល្អ​របស់​កម្ពុជា និង​ច្បាប់​ស្តី​ពី​សហកម្ម​សិទ្ធ ដែល​អាច​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី​១​បាន ពិតជា​បាន​ជួយ​ជំរុញ​ឲ្យ​វិស័យ​នេះ​រីក​ចម្រើន​កាន់តែ​ខ្លាំង ។ អ្នក​នាង​បន្ត​ថា ៖« អ្នក​វិនិយោគ​អន្តរជាតិ​ជា​ច្រើន​បាន​សម្លឹង​មក​កាន់​ទី​នេះ ក្នុង​រូបភាព​វិជ្ជមាន​ជាង​មុន និង​មាន​សុទិដ្ឋិនិយម​ជាង​មុន ដោយសារ​ពួក​គេ​មើលឃើញ​កាលានុ​វត្តភាព​ច្រើន​នៅ​ទី​នេះ » ។

អ្នក​នាង​បន្ត​ថា ៖« លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ឆ្នាំ​នេះ​រំពឹង​កើន​ដល់​៣.០០០​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​មុន​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ថៃ​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ