ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​កំពុង​មានការ​អភិវឌ្ឍ​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​រាជ​រដ្ឋា​ភិបាល​​បាន​ដាក់​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម តាម​រយៈ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ។ មួយវិញទៀត ដោយសារ​តែ​ខេត្ត​នេះ​ស្ថិត​នៅ​ក្នុង​គោល​នយោបាយ «​ខ្សែក្រវាត់​មួយ…

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​រាជ​រដ្ឋា​ភិបាល​​បាន​ដាក់​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម តាម​រយៈ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ។ មួយវិញទៀត ដោយសារ​តែ​ខេត្ត​នេះ​ស្ថិត​នៅ​ក្នុង​គោល​នយោបាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ » ដែល​ជា​គំនិត​ផ្ដួចផ្តើម​របស់​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​ប្រទេស​ចិន ដែល​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត​របស់​កម្ពុជា ជា​ផ្លូវ​សូត្រ គឺ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ។

ដូច្នេះ​ហើយ បានជា​បច្ចុប្បន្ន ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ គេ​ឃើញ​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន កំពុង​សម្រុក​សាងសង់ ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ខេត្ត​នេះ​នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ ។

បើ​តាម​ប្រសាសន៍ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​ខេត្ត​កំពុង​មានការ​អភិវឌ្ឍ​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន ដែល​ក្រោម​ការ​វិនិយោគ​របស់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស ជា​ពិសេស​គឺ​វិនិយោគិន​មក​ពី​ប្រទេស​ចិន ។

លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា ៖«​ខេត្ត​ចេះ​តែ​បន្ត​អភិវឌ្ឍន៍​ទៅ​មុខ​កាន់តែ​លឿន ដោយ​សារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ខេត្ត​នេះ​ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពហុ​វិស័យ ព្រោះ​ខេត្ត​មាន​ឆ្នេរ​ស្អាត មាន​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា និង​មាន​ជើងហោះហើរ​ត្រង់​កាន់តែ​ច្រើន​ឆ្ពោះ​មក​កាន់​ខេត្ត​នេះ » ។

ទោះ​យ៉ាងនេះ​ក្ដី លោក​អភិបាលខេត្ត​ស្នើ​សុំ​ការ​យោគយល់​ពី​សំណាក់​បងប្អូន​ដោយ​សារ​តែ​ខេត្ត​កំពុង​មានការ​អភិវឌ្ឍ វា​តែងតែមាន​ផល​ប៉ះពាល់​បន្ដិចបន្ដួច​ដោយ​ជៀស​មិន​រួច ។

លោក​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ៖« ក្នុង​ពេល​ដែល​ផ្ទះ​កំពុង​ជួសជុល និង​កែ​លម្អ ហើយ​មាន​ភ្ញៀវ​មក​លេង​ច្រើន​ទៀត​នោះ វា​ប្រាកដជា​ធ្វើ​ឲ្យ​ភ្ញៀវ​មិន​ពេញចិត្ត​ចំពោះ​​សកម្មភាព​របស់​យើង ដូចនេះ​ហើយ​មាន​តែ​អត់ធ្មត់​បន្ត​ទៀត និង​រង់ចាំ​ឲ្យ​ផ្ទះ​បាន​រួចរាល់​សិន » ។

បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​អាជីវកម្ម​បែប​ទេសចរណ៍​ជិត​៩០០​កន្លែង ក្នុង​នោះ សណ្ឋា​គារ​មាន​៧៩, ផ្ទះសំណាក់​៣៣៦, ភោជនីយដ្ឋាន​ជាង​៣០០​ទីតាំង និង​កាស៊ីណូ​កំពុង​ដំណើរការ​ជាង​១០០​ទីតាំង ព្រមទាំង​អាជីវកម្ម​ផ្សេង​ៗ​ទៀត ហើយ​សព្វថ្ងៃ កំពុង​សាងសង់​អគា​ពាណិជ្ជកម្ម ខុន​ដូ និង​អាជីវកម្ម​ជា​ច្រើន​ទៀត ដោយ​គ្រោង​នឹង​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​នេះ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង បាន​លើក​ឡើង​ថា បច្ចុ​ប្បន្ន​នេះ អចលនទ្រព្យ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​កាប់​កាន់​ដោយ​វិនិយោគិន​មក​ពី​ប្រទេស​ចិន ។ ជាក់ស្ដែង​គម្រោង​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ ដូច​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម គម្រោង​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស និង​កោះ​ពេជ្រ និង​ខេត្ត​ព្រះ​សីហ​នុ​ជាដើម សុទ្ធតែ​ជា​គម្រោង​របស់​វិនិយោគិន​ចិន ។

លោក លី មីន អគ្គនាយក​ក្រុមហ៊ុន​ព្រី​ន​ស៍រៀល​អ៊ីស្ទេ​ត បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រុម​លោក​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា បាន​បណ្ដាក់ទុន​ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ​ហើយ និង​មាន​គម្រោង​ពង្រីក​ទុន​បន្ថែម​១០​ពាន់​លាន​ដុល្លារ​ទៀត​នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ជា​ពិសេស​លើ​វិស័យ​អចលនវត្ថុ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ។

លោក​ថ្លែង​ថា ៖« ការ​ចូល​មក​វិនិយោគ​របស់​យើង​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន ក្នុង​នោះ​ដូច​ជា​ជំរុញ​ឲ្យ​មាន​អគារ​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ផ្ដល់​ឱកាស​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា » ។

គិត​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ទុន​វិនិយោគ​របស់​ចិន​ដែល​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​​កម្ពុជា មាន​រហូត​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ វិនិយោគិន​ចិន​ដែល​បាន​បណ្ដាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា មាន​រហូត​ដល់​ជាង​២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ