ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារបាតុភូតធម្មជាតិរន្ទះបាញ់ ខណៈកំពុងដាំដំឡូងមីក្រោមមេឃភ្លៀងរលឹម ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ។
បើតាមសមត្ថកិច្ចឱ្យបានដឹងថា ជនរងគ្រោះខាងលើ ១-ឈ្មោះ ឆម សំណាង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវរន្ទះបាញ់ខណៈពេលកំពុងដើរទៅមើលត្រាក់ទ័រភ្ជួរដី ២-ឈ្មោះ វិន សុណុំ ភេទស្រី អាយុ២៨ឆ្នាំ និង៣-ឈ្មោះ សាម លី ភេទស្រី អាយុ៣៨ឆ្នាំ ជនរងគ្រោះទាំង២នាក់នេះត្រូវរន្ទះបាញ់ ខណៈពេលកំពុងដាំដំឡូងមីនៅចំណុចអូរឆ្លុះខាងកើតភ្នំ ក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ហើយជនរងគ្រោះទាំង៣នាក់គឺជាគ្រួសារផ្សេងគ្នា គ្រាន់តែរស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសពជនរងគ្រោះទាំង៣នាក់ និងធ្វើកំណត់ហេតុរួចក៏ប្រគល់សពជនរងគ្រោះទាំង៣នាក់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ