ខេត្តប៉ៃលិន ៖ យុវជនម្នាក់សង្ស័យញៀនថ្នាំ ពេលសុំលុយម្តាយមិនបាន ក៏យកពូថៅកាប់បំបែកទូកញ្ចក់និងទ្វារផ្ទះ បណ្តាលឱ្យខូចខាតហើយត្រូវម្តាយប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ។
ហេតុការណ៍បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនេះ បានកើតឡើងកាលវេលាម៉ោង២រសៀលថ្ងៃទី២ ខែកញ្ញា នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មានពីលោក រី ដារា អធិការរងនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា យុវជនរូបនេះឈ្មោះ គឹម មិថុនា អាយុ២៩ឆ្នាំ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងទើបតែត្រឡប់មកពីរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទៅស្នាក់នៅជាមួយម្តាយបានមួយរយៈពេលខ្លី ។ ចំណែកម្តាយឈ្មោះ សុទ្ធ ញី ភេទស្រី អាយុ៦៧ឆ្នាំ ជាកសិករ ។
លោកអធិការរងបន្តថា ក្នុងករណីនេះបណ្ដាលឱ្យខូចខាតសម្ភារមួយចំនួនដូចជា បែកទូកញ្ចក់អស់ចំនួន២ ខូចទ្វារបន្ទប់១ ហើយនៅពេលឃាត់ខ្លួន នគរបាលដកហូតបានពូថៅ១ ដែលជននេះប្រើក្នុងការបំផ្លាញទ្រព្យសម្បត្តិ ។ក្រោយពីឃាត់ខ្លួន យុវជនរូបនេះត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូង ៕
ចែករំលែកព័តមាននេះ