ខេត្តស្វាយរៀង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នាព្រឹកថ្ងៃទី៥ ខែកញ្ញា បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យទំនិញ បន្លែផ្លែឈើនៅផ្សារប្រសូត ស្រុកស្វាយទាប និងផ្សារជីភូ ក្នុងក្រុងបាវិត រកឃើញចាហួយសង្ស័យដាក់ជាតិប្លាស្ទិកចំនួន១៥ក្រឡ ស្មើនឹង៣៧,៥គីឡូក្រាម និងទំនិញខូចគុណភាពជាច្រើនមុខទៀត ហើយក៏បានដកហូតយកទៅពិសោធន៍និងដុតកម្ទេចចោល ។
បើតាមមន្ត្រីសាខាកាំកុងត្រូលមួយរូបឱ្យដឹងថា កន្លងមកមន្ត្រីសាខាកាំកុងត្រូលខេត្ត តែងតែចុះពិនិត្យមុខទំនិញជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាលភាពដល់ពួកគាត់ ។ នេះជាការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ ជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចម្បងនៃភាពរស់រាននៃជីវិត ។
ប្រភពដដែលបន្តថា ចាហួយចំនួន១៥ក្រឡដែលរកឃើញនៅផ្សារទាំង២ខាងលើ គឺជាប្រភេទចាហួយនាំចូលពីវៀតណាម វាមានជាតិរឹងស្វិតដែលបង្កឱ្យប៉ះពាល់ដល់ក្រពះ ពោះវៀន យ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបរិភោគវា ជាពិសេសនោះក្មេងតូចៗពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។ ជាមួយនេះ ក៏បានរកឃើញទំនិញ ហួសកាលបរិច្ឆេទមួយចំនួនទៀតដែរ ។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើតេស្តមុខទំនិញជាច្រើនមុខមានដូចជា បន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាមគោ ។ល។ ប៉ុន្តែពុំបានរកឃើញមានផ្ទុកសារធាតុគីមីទេ ។ ចំណែកអ្នកលក់ ក៏យល់ព្រមបញ្ឈប់ការដាក់លក់ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែរ ព្រោះពួកគេបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព នៅពេលប្រើប្រាស់ទំនិញខូចគុណភាពនោះ ។
មន្ត្រីសាខាកាំកុងត្រូល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឱ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ។មន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានាក្នុងខេត្តឱ្យបានញឹកញាប់បន្ថែមទៀត ជាពិសេសជិតរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕
ចែករំលែកព័តមាននេះ