ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ជំរុញ​កសិករ​បង្កើត​សហគមន៍​ឱ្យ​បាន​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​កសិករ​នៅ​តាម​បណ្ដា​ខេត្ត ចងក្រង​សហគមន៍​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ និង​តម្លៃ ក៏​ដូច​ជា​ធានា​បាន​នូវ​ផលប្រយោជន៍​របស់​កសិករ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​កសិករ​នៅ​តាម​បណ្ដា​ខេត្ត ចងក្រង​សហគមន៍​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ និង​តម្លៃ ក៏​ដូច​ជា​ធានា​បាន​នូវ​ផលប្រយោជន៍​របស់​កសិករ និង​ឈ្មួញ​ផង​ដែរ ស្រប​ពេល​ដែល​កសិផល​របស់​កសិករ ហាក់​មិន​ទាន់​មាន​ស្ថិរភាព​នៅឡើយ ។

លោក គិត សេង អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍ កសិកម្ម ចិញ្ចឹមសត្វ ជលផល និង​នេសាទ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​៥ កញ្ញា​កន្លង​មក ។ លោក​បាន​មាន​ប្រសាសន៍​ថា កសិករ​នៅ​តាម​ខេត្ត​នានា​សូម​បន្ត​ចងក្រង​ជា​សហគមន៍ ឬ​សមាគម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដូច​ជា ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ក៏​ដូច​ជា​ធានា​បាន​នូវ​តម្លៃ​របស់​កសិផល ទាំងនោះ​ផង​ដែរ​។

លោក​បន្ដ​ថា ៖« ការ​ប្រមូល​ម្ដុំ​និង​ចងក្រង​ជា​សហគមន៍​គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រមូល​ទិន្នផល​កសិផល​របស់​កសិករ ហើយ​នៅ​ពេល​មាន​ឈ្មួញ​ត្រូវការ​ទិញ គេ​អាច​ទៅ​រកតែ​មួយ​កន្លែង​គឺ​គ្រប់គ្រាន់​សម្រាប់​កសិផល ព្រមទាំង​អាច​ធានា​បាន​នូវ​គុណភាព​ជូន​អ្នកទិញ និង​ធានា​បាន​ពី​តម្លៃ​ជូន​កសិករ​វិញ​ផង​ដែរ »​។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ បញ្ហា​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​នៅ​តែ​កើត​មាន​ដដែល ដូច​ជា​បញ្ហា​ទីផ្សារ បញ្ហា​គុណភាព ភូតគាម​អនាម័យ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​អន្តរជាតិ មិន​ទាន់​អាច​ទទួល​បាន​ទូលំទូលាយ និង​បញ្ហា​ពិបាក ក្នុង​ការ​ប្រមូលផ្ដុំ​កសិផល​សម្រាប់​ឈ្មួញ ក្នុង​ការ​ប្រមូល​ទិញ​ជាដើម ។ ជាក់ស្ដែង​កសិករ​ផលិត​នៅ​តំបន់​នេះ​បន្តិច តំបន់​នោះ​បន្តិច ដូចនេះ​ហើយ​ឈ្មួញ​ខ្លះ​មិន​ចង់​ដើរ​ប្រមូល​ទិញ និង​ត្រូវ​ចំណាយពេល​ដើរ​ទិញ​ពី​ទី​នេះ​បន្តិច​ទីនោះ​បន្តិច ដូច្នេះ​ហើយ បើសិនជា​មានការ​ចងក្រង​ជា​បណ្ដុំ​សហគមន៍ វា​នឹង​ផ្ដល់​ប្រយោជន៍​ទាំង​ឈ្មួញ​ផង និង​កសិករ​ផង ។

លោក​បន្ថែម​ថា ការ​ជំរុញ​ឲ្យ​មានការ​បង្កើត​សហគមន៍ នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​កសិកម្ម​នេះ​មាន​តាំងពី​យូរណាស់​មក​ហើយ តែ​ក្រសួង​ចង់​ឲ្យ​មាន​បង្កើត​បន្ថែម​ទៀត ។ លោក​ថា ៖« រហូត​មក​ដល់​ពេល​នេះ សហគមន៍​ដែល​បង្កើត​រួច​ហើយ​មាន​ច្រើន​គួរសម​ដែរ តែ​នៅ​តែ​មាន​បញ្ហា​សម្រាប់​ពួក​គាត់ ដោយ​យើង​អត់​មាន​ទុន​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ដំណើរការ​សហគមន៍​ទាំងនោះ ។ អីចឹង​ហើយ​សហគមន៍​ត្រូវ​ពឹង​លើ​ខ្លួនឯង​ច្រើន » ។
លោក ម៉ៅ មិ​នា ប្រធាន​យក​ដ្ឋា​ន​ផ្សព្វផ្សាយ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សហគមន៍​ដែល​បាន​បង្កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៨៦៧​សហគមន៍ ហើយ​ផែនការ​របស់​ក្រសួងកសិកម្ម ក៏​ចង់​ឲ្យ​មានការ​បង្កើត​បន្ថែម​ទៀត ដើម្បី​ងាយស្រួល​រក​ទីផ្សារ និង​រក្សា​តម្លៃ​កសិផល ដែល​ផលិត​បាន ព្រោះ​បើ​មិន​មាន​ជា​សហ គម​ន៍​ទេ តម្លៃ​អាច​ឡើង​ចុះ​តាម​ចិត្ត ហើយ​ធ្វើ​ឲ្យ​ទីផ្សារ​ក៏​មិន​មាន​ស្ថិរភាព​នឹងនរ​ដែរ ។

គួរ​កត់​សម្គាល់ថា ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម បាន​កៀងគរ​បណ្ដា​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ដោយ​ក្នុង​នោះ មាន​ជា​វិនិយោគ​ដំណាំ​ផង និង​វិនិយោគ​បង្កើត​រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម​មុន​នាំ​ចេញ​ផង ។ ជាក់ស្ដែង​បច្ចុប្បន្ន កម្ពុជា​បាន​បង្កើត​រោងចក្រ​កិនស្រូវ នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​វិស័យ​ស្រូវ​អង្ករ​ដើម្បី​នាំ​អង្ករ​ចេញ និង​កាត់​បន្ថយ​ការ​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិតខាង​។ ក្រៅពី​នោះ ក៏​មាន​វិនិយោគិន​មួយ​ចំនួន​បាន​ចាប់អារម្មណ៍​លើ​ដំណាំ​ដំឡូង​មី ដំណាំ​ហូប​ផ្លែ ដោយ​គ្រោង​វិនិយោគ​សង់រោង​ចក្រ​កែ​ច្នៃ​នៅ​នឹង​កន្លែង​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ