សេរីភាពលើរាងកាយរបស់អ្នកជិះកង់ស្រាតបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែមិថុនា ដោយមាន៧០ទីក្រុងធំៗនៅលើពិភពលោកចូលរួមជិះកង់ស្រាតអន្តរជាតិឆ្នាំ២០១៧ ឬ«World Naked Bike Ride 2017» ដោយមានបុរស-ស្ត្រីស្ថិតក្នុងសភាពស្រាតជាលក្ខណៈធម្មជាតិគួឱ្យចង់គយគន់ ។
តាមប្រភពពីសារព័ត៌មាន«Daily Mail»របស់អង់គ្លេសកាលពីថ្ងៃទី១០ ខែមិថុនា បានចុះផ្សាយពីស្ថានភាពរបស់អ្នកជិះកង់ស្រាតអន្តរជាតិ២០១៧ ដោយពិធីនេះចាប់កកើតតាំងពីឆ្នាំ២០០៤ នៅទីក្រុងឡុងន៍ ចក្រភពអង់គ្លេស ។ លក្ខខណ្ឌនៃការចូលរួមមិនកំណត់អាយុ រូបរាង ឬពណ៌សម្បុរ ប៉ុន្តែត្រូវមានចិត្តក្លាហាន ហ៊ានស្រាតសម្លៀកបំពាក់បង្ហាញមហាជននៅលើដងផ្លូវ ។
សម្រាប់ឆ្នាំនេះមានប្រមូលផ្តុំពលរដ្ធចំនួន៧០ទីក្រុងធំៗនៅលើពិភពលោករួមមានក្រុងឡុងន៍ ឡូសអេនជឺឡេស ម៉ាឌ្រីត អៀរឡង់ ក្រិក ជាដើម ហើយចំណុចកណ្តាលមានក្រុង២គឺក្រុងឡុងន៍ និងក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅ ។
គណៈកម្មការរៀបចំទិវាជិះកង់ស្រាតអន្តរជាតិ២០១៧ បានបញ្ជាក់ប្រាប់«Daily Mail»ពីហេតុផលដែលអ្នកជិះកង់ត្រូវស្រាត ព្រោះការស្រាតចាត់ទុកថា ជារឿងស្របច្បាប់នៅអង់គ្លេស ដែលបានកំណត់នៅក្នុងច្បាប់ក្នុងឆ្នាំ២០០៣ (Sexual offences Act) ។ ទោះជាបែបណាក៏ដោយអ្នករៀបចំការប្រកួតបានគូសបញ្ជាក់ថា ការប្រើរាងកាយស្រាតក្នុងគោលបំណងគំរាមកំហែង ឬធ្វើឱ្យគេភិតភ័យមានន័យថា ខុសច្បាប់ ។
ទស្សនារដ្តី«Forbes»បានបញ្ជាក់បន្ថែមថា ចំពោះអ្នកដែលលោកខកខានមិនបានចូលរួមលើកនេះកុំខកចិត្តអី ព្រោះនៅកន្លែងផ្សេងទិវាជិះកង់ស្រាតអន្តរជាតិ២០១៧ ត្រូវបានរៀបចំនៅថ្ងៃផ្សេងដូចជា ថ្ងៃទី១២ ខែមិថុនា រៀបចំនៅក្រុងហែលស៊ីងគី ប្រទេសហ្វាំងឡង់ ។ ថ្ងៃទី១៧ ខែមិថុនា នៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងក្រុងអាំស្ទ៊ែដាំ ប្រទេសហូឡង់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ