ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ល្បុក្កតោ​នឹង​ទាក់ទាញ​សិស្ស​ជា​ជនបរទេស​ច្រើន បើ​មានការ​ចូលរួម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ទម្លាយថា កីឡាករ​ល្បុក្កតោ​កម្ពុជា​មិនសូវ​មានការ​ចាប់​អារម្មណ៍​ពី​សំណាក់​ជនបរទេស ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​កន្លង​មក​មានការ​សន្និដ្ឋាន​ភាគច្រើន​ថា កីឡា​មួយ​នេះ​សម្បូរ​ជនបរទេស​មក​សុំ​ហ្វឹកហាត់ ដែល​អាច​និយាយ​បាន​ថា ទំនងជា​ទាក់ទង​ឲ្យ​ជនបរទេស​ពុះកញ្ជ្រោល​ធ្វើ​ជា​សិស្ស ស្របគ្នា​ដែល​កន្លង​មក​ក៏​មានការ​បង្ហោះ​រូបភាព​ជនបរទេស​ភ្ជាប់​ជាមួយនឹង​កីឡា​ល្បុក្កតោ​ច្រើន​ផង ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ទម្លាយថា កីឡាករ​ល្បុក្កតោ​កម្ពុជា​មិនសូវ​មានការ​ចាប់​អារម្មណ៍​ពី​សំណាក់​ជនបរទេស ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​កន្លង​មក​មានការ​សន្និដ្ឋាន​ភាគច្រើន​ថា កីឡា​មួយ​នេះ​សម្បូរ​ជនបរទេស​មក​សុំ​ហ្វឹកហាត់ ដែល​អាច​និយាយ​បាន​ថា ទំនងជា​ទាក់ទង​ឲ្យ​ជនបរទេស​ពុះកញ្ជ្រោល​ធ្វើ​ជា​សិស្ស ស្របគ្នា​ដែល​កន្លង​មក​ក៏​មានការ​បង្ហោះ​រូបភាព​ជនបរទេស​ភ្ជាប់​ជាមួយនឹង​កីឡា​ល្បុក្កតោ​ច្រើន​ផង ។

ជាមួយនឹង​ការ​ទម្លាយ​នេះ អ្នកជំនាញ​ក៏​បាន​ប្រកាស​ថា ខ្លួន​ត្រៀម​នូវ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដោយ​មិនមែន​លែងដៃ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​នៅ​ខ្វះ​ការ​ទាក់​ទាញ​ជនបរទេស ទើប​មិន​បាន​ទទួល​ជោគជ័យ ខណៈ​ដែល​ការ​ពិត​នោះ​គឺ​អ្នកជំនាញ​ខាង​ផ្នែក​ល្បុក្កតោ​កម្ពុជា​បាន​លើក​ឡើង​ថា ខ្លួន​ចង់បាន​ទិដ្ឋភាព​ដ៏​ចាប់អារម្មណ៍​នោះ​ខ្លាំង​បំផុត ។

យោង​តាម​អ្វី​ដែល​លោក វី តារា ជា​គ្រូបង្វឹកប្រចាំ​សាលា​គុន និង​ជា​កីឡាករ​ជម្រើសជាតិ ធ្លាប់​បាន​បញ្ជាក់​ថា ប្រមាណ​ជា​ជាង​៣​ខែ​មក​ហើយ ដែល​ជា​សាលា​គុន​ដ៏​ធំ​ប្រចាំ​សហ​ព័ន្ធ​ល្បុក្កតោ​មួយ​នេះ មិន​មាន​ជនបរទេស​ណា​ម្នាក់​មក​ចុះ​ឈ្មោះ​ធ្វើ​ជា​សិស្ស​ទេ សូ​ម្បី​តែ​មក​ហាត់​ក្នុង​រយៈពេល​តិច​ថ្ងៃ​ក៏​មិន​មាន​ដែរ ។

លោក​បាន​រំឭក​ថា បើ​ទោះជា​មាន​ជនបរទេស​មក​ធ្វើការ​ហ្វឹកហាត់​នៅ​ក្នុង​សហព័ន្ធ​ល្បុក្កតោ​កន្លង​មក​ក៏​មិន​មាន​ច្រើន​ដែរ ថ្វីបើ​នៅ​ក្នុង​សហព័ន្ធ​មានការ​បង្ហោះ​រូបថត​ជនបរទេស​ហ្វឹក​ហាត់​ក្នុង​ក្លិប ក៏​នោះ​គ្រាន់តែ​ជា​ការ​ថត​ភ្ជាប់​ជន​ជាតិ​បរទេស​នៅ​ពេល​មក​លេង ឬ​ហាត់​លេង​ៗ​ក្នុង​សាលា​គុន​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា កន្លែង​បង្ហាត់​ល្បុក្កតោ​របស់​លោក ស្ថិត​នៅ​ក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ជិត​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ល្អ​និង​អំណោយផល​ជាងគេ​ក្នុង​ចំណោម​សាលា​គុន​ដែល​មាន​ទាំំ​ង​អស់​នៅ​រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​នៅ​តែ​មិន​អាច​ទាក់ទាញ​ជនបរទេស មក​ធ្វើការ​ហ្វឹកហាត់​នោះ​ទេ ដោយ​ក្នុង​មួយ​វគ្គ​មាន​ជនបរទេស​តែ​ពី​២​ទៅ​៣​នាក់​ប៉ុណ្ណោះ មក​ចុះ​ឈ្មោះ​ហ្វឹកហាត់ ។ ក្នុង​នោះ​កីឡាករ​បរទេស ដែល​បាន​មក​ធ្វើការ​ហ្វឹកហាត់ ក៏​មិន​ហ្វឹកហាត់​ជា​លក្ខណៈ​អាជីព​ដូច​គ្នា​នឹង​កីឡាករ​បរទេស​ដែល​ទៅ​ចុះ​ឈ្មោះ​ហ្វឹកហាត់​កីឡា​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ គឺ​មក​ហ្វឹក​ហាត់​យ៉ាង​យូរ​ត្រឹមតែ​២​ស​ប្ដា​ហ៍​ក៏​ទៅ​បាត់​អស់ ។

ជនបរទេស​ដែល​មក​ហ្វឹកហាត់​នា​ពេល​កន្លង​មក ច្រើន​តែ​មក​ជា​លក្ខណៈ​ការងារ និង​មក​កម្សាន្ត​នៅ​កម្ពុជា ហើយ​ក៏​ចុះ​ឈ្មោះ​លេង​ៗ ដើម្បី​ឲ្យ​តែ​បាន​យល់​ដឹង​ពី​កីឡា​ល្បុក្ក​តោ​ប៉ុណ្ណោះ ក្នុង​រយៈពេល​ខ្លី​ប្រមាណ​តែ​១​អាទិត្យ ទៅ​២​អាទិត្យ​យ៉ាងច្រើន​ប៉ុណ្ណោះ ។

លោក វី តារា ថ្លែង​ទៀត​ថា នៅ​ក្នុង​សហព័ន្ធ​ល្បុក្កតោ​រាល់ថ្ងៃ ចង់​ឲ្យ​តែ​មាន​ជនបរទេស​មក​ចុះ​ឈ្មោះ​ហ្វឹកហាត់​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្គាល់​ពី​ក្បាច់​បាត​របស់​ខ្មែរ និង​ពី​ស្នៀត​គ្រឹះ​មួយ​ចំនួន​របស់​ល្បុក្កតោ ដោយសារ​តែ​ការ​ហ្វឹកហាត់​របស់​ជនបរទេស​មិន​មែន​ជា​ការ​ហ្វឹកហាត់​រយៈ​ពេល​វែង ដែល​មិន​អាច​បង្វឹក​ឲ្យ​ចេះ​បាន​ច្រើន​។

ជនបរទេស​ដែល​បាន​បង្ហាញខ្លួន​ហ្វឹកហាត់​នា​ពេល​កន្លង​មក​រួម​មាន ជនជាតិ​អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ អង់គ្លេស កូរ៉េ និង​ជប៉ុន​ជាដើម តែ​ច្រើន​ជាងគេ​គឺ​ជនជាតិ​អា​មេ​រិ​ក ។

យ៉ាងណាមិញ បើ​សាលា​គុន​នៅ​ខេត្ត​សៀម​រាប​ដែល​បង្វឹក​ដោយ​គ្រូ​តា​ក្រមា​មាស សាន គឹ​ម​ស៊ា​ន អាច​មាន​ជនបរទេស​ចូល​ហាត់​ច្រើន ដោយ​សារ​នៅ​ទីនោះ​សម្បូរ​ជនបរទេស​ឡើង​ចុះ ប៉ុន្តែ​បើ​បណ្ដា​សាលា​គុន​នៅ​តាម​បណ្ដា​ខេត្ត​រួម​មាន កំពង់ឆ្នាំង តាកែវ កំពត បាត់ដំបង និង​ស្ទឹង​ត្រែង ប្រហែល​មិន​មាន​ជនបរទេស​នោះ​ទេ ដោយសារ​តែ​ពុំ​ធ្លាប់​មាន​ស្ថិតិ​បញ្ជាក់​ថា​មាន​ជនបរទេស​មក​ហ្វឹកហាត់​។

លោក វី តារា បញ្ជាក់​ថា អ្វី​ដែល​លោក​កត់សម្គាល់​ឃើញ​គឺ ល្បុក្កតោ​កម្ពុជា​នៅ​តែ​ពុំ​សូវ​មាន​ជនបរទេស​ចាប់អារម្មណ៍​ហ្វឹកហាត់​ច្រើន ដែល​បណ្ដាល​មក​ពី​ខ្វះ​ការ​ផ្សព្វផ្សាយ និង​ខ្វះ​ការ​បំផុស​បន្ថែម​ពីលើ​អ្វី​ដែល​ខាង​សហព័ន្ធ​បាន​ប្រឹងប្រែង​នា​ពេល​កន្លង​មក ។

ម្យ៉ាងទៀត​បណ្ដាល​មក​ពី​ជនបរទេស​ដែល​បាន​ក្លាយជា​សិស្ស​នៅ​ក្នុង​សហព័ន្ធ​នា​ពេល​កន្លង​មក មិន​ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ​មក​ជួយ​ផ្សព្វផ្សាយ ដើម្បី​លើកទឹកចិត្ត​ទើប​ធ្វើ​ឲ្យ​ជនបរទេស​ដែល​បញ្ចប់​ការ​ហ្វឹកហាត់​រយៈពេល​ខ្លី ក៏​បាត់​ស្ងាត់​អ្នក​មក​ថ្មី​តែ​ម្ដង ដែល​អាច​និយាយ​បាន​ថា​ទម្រាំ​បាន​មក​មួយ​ៗ​គឺ​ពិបាក ។

លោក​ចង់​ឲ្យ​មានការ​ជួយ​បំផុស​ឲ្យ​ជន​បរ​ទេស​មក​ហ្វឹកហាត់​នៅ​តាម​ក្លិប​នានា​ឲ្យ​បាន​ច្រើន​ដោយ​ចង់​ឲ្យ​មានការ​ជួយ​សហការ​ផ្សព្វផ្សាយ និង​ធ្វើ​យុទ្ធនាការ​កៀរគរ​ជន​បរទេស​ឲ្យ​មក​ហ្វឹក​ហាត់​នៅ​កម្ពុជា​ដោយ​ផ្ទាល់ ឲ្យ​ច្រើន​ដូច​ក្លិប​កីឡា​នៅ​ថៃ​តែ​ម្ដង ដែល​លោក​បាន​ហៅ​ប្រទេស​ថៃ​គេ​ល្បី​វិស័យ​កីឡា​របស់​គេ ដោយសារ​តែ​សម្បូរ​ជ​បរទេស​មក​ធ្វើការ​ហ្វឹកហាត់ ។

លោក​ចង់​ឲ្យ​ក្នុង​សហព័ន្ធ​មានការ​បំពាក់​ដោយ​សម្ភារ​និង​ឧបករណ៍​ទំនើប​ៗ ហើយ​ចង់
ឲ្យ​​មាន​ដៃគូ​ជួយ​ជ្រោមជ្រែង​ឲ្យ​បាន​ដូច​គ្នា​នឹង​នៅ​ប្រទេស​ថៃ ដោយ​លោក​អះអាង​ថា បើ​មានការ​ផ្សព្វផ្សាយ​និង​បំផុស​ឲ្យ​ជនបរទេស​មក​ហ្វឹកហាត់​ច្រើន ក៏​ប្រហែល​មិន​ខ្វះ​ជន​បរទេស​មក​ហាត់​ដែរ បើ​តាមតែ​កីឡាករ​ល្បុក្កតោ​មាន​ចំណុច​ពិសេស​ដល់​ម្ល៉ឹ​ង​នោះ ។

នៅ​សាលា​គុន​ធំ​ៗ​ដូច​នៅ​កន្លែង​លោក និង​នៅ​សៀមរាប គ្រាន់តែ​១​ខែ​២​ខែ​ស្គាល់​ជន​បរទេស​មក​ហ្វឹកហាត់​ខ្លះ បើ​នៅ​សាលា​គុន​តាម​បណ្ដា​ខេត្ត​ផ្សេង​វិញ​គឺ​មិន​មាន​តែ​ម្ដង បើ​ទោះ​មិន​មានការ​តម្រូវ​ឲ្យ​បង់ប្រាក់​ក៏​ដោយ ។ បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​ក្លិប​ទាំង​នោះ​មិន​ទាន់​មាន​បរិយាកាស​ល្អ​គ្រប់គ្រាន់ ស្រប​ពេល​ដែល​ជនបរទេស​ដែល​ចង់​ហ្វឹកហាត់​ក៏​មិនដឹង​ទៅ​ណា​មក​ណា ព្រោះ​គ្មាន​ការ​ផ្សព្វផ្សាយ​គគ្រឹកគគ្រេង ។

អ្នកជំនាញ​ជា​ច្រើន​បាន​អះអាង​ថា បើ​ល្បុក្កតោ​កម្ពុជា​មានការ​ផ្សព្វផ្សាយ​ជា​ប៉ាណូ ឬ​ជា​​វី​ដេ​អូ​ឃ្លី​ប​នៅ​តាម​ទី​សាធារណៈ បង្ហាញ​ពី​តម្លៃ​និង​រយៈពេល​ហ្វឹកហាត់​ឲ្យ​ជនបរទេស​បាន​ឃើញ គឺ​ប្រហែលជា​មិន​ខ្វះ​ជនបរទេស​ដែល​បម្រើ​ការ​នៅ​កម្ពុជា និង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ខ្លី មានការ​ចាប់អារម្មណ៍​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ