ខេត្តរាក់យ៉ង-ប្រទេសថៃ ៖ រឿងលុយកាក់ពិបាកនឹងទុកចិត្តគ្នាណាស់ ទោះជាប្តីប្រពន្ធក៏ដោយ ប្រសិនបើអ្នកទាំង២ មិនមានគំនិតស្មោះត្រង់នឹងគ្នា ។ ជាក់ស្តែង ស្ត្រីខ្មែរម្នាក់ ដែលមានរាសីខ្ពស់ត្រូវរង្វាន់ធំទី១ បានប្រញាប់ទៅចុះគណនីបញ្ញើធនាគារនៅខេត្តរាក់យ៉ង ប្រទេសថៃ ។
ក្រោយពីប្តីជាជនជាតិថៃដណ្ដើមឱ្យដាក់តែឈ្មោះរបស់ខ្លួន បន្ទាប់ពីដឹងថា ប្រពន្ធត្រូវឆ្នោតរង្វាន់ធំ៦លានបាត ធ្វើឱ្យមានការឈ្លោះប្រកែកគ្នា ក៏ទៅប្តឹងនគរបាលស្រុករាក់យ៉ង ព្រោះខ្លាចម្នាក់ៗឱបលុយតែឯង ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងប្រទេសថៃមួយ ដែលផ្សាយឱ្យដឹងម្សិលមិញនេះ ។
កាលពីថ្ងៃទី២ កញ្ញា លោកអនុសេនីយ៍ឯក ថេប ឆារី អធិការរងតម្រួតស្រុករាក់យ៉ង ខេត្តរាក់យ៉ង ប្រទេសថៃ បានទទួលពាក្យបណ្ដឹងរបស់អ្នកស្រី ហ៊ីន សង អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាមេផ្ទះបានធ្វើដំណើររួមជាមួយប្តីឈ្មោះ ផៃធូន ថងឌែង អាយុ៣៩ឆ្នាំ (ជនជាតិថៃ) មានមុខរបរជាសន្តិសុខរបស់ក្រុមហ៊ុនផ្សារដែក និងកូនស្រីដើម្បីចុះក្នុងគណនីធនាគារប្រចាំថ្ងៃ ក្រោយពីត្រូវឆ្នោតរង្វាន់ធំទី១ចំនួន៦លានបាត ។ អ្នកស្រី ហ៊ីន សង បានឱ្យដឹងថា មុននេះ៥ថ្ងៃ នៃការចេញឆ្នោតជាតិ អ្នកស្រីបានទៅទិញរបស់របរនៅហាង ស៊ែងថង ស៊ុបពើម៉ាឃីត នៅទីរួមខេត្តរាក់យ៉ង ដោយទៅទាំងគ្រួសារ។
ក្រោយពីទិញរបស់របររួចហើយ ឃើញអ្នកលក់ឆ្នោតជាតិនៅមុខផ្លូវចេញ ក៏មានចិត្តចង់ទិញផ្សងសំណាង ពេលសន្លឹកឆ្នោត ជាប់គ្នា៣សន្លឹក អ្នកស្រីក៏ហែកយកតែ១សន្លឹក ដាក់ចូលក្នុងកាបូបលុយ រួចក៏ត្រឡប់ទៅផ្ទះ ។ រហូតដល់ថ្ងៃចេញឆ្នោតបានបើកទូរទស្សន៍ថៃរដ្ឋប៉ុស្តិ៍៣២មើល ដើម្បីផ្ទៀងផ្ទាត់ និងតាមដានការចេញឆ្នោត ។
នៅពេលប្រកាសរង្វាន់ទី១ លេខដែលចេញមកគឺ ត្រូវនឹងលេខដែលអ្នកស្រីទិញមុខហាង សប្បាយចិត្តណាស់ក៏ប្រញាប់ទូរសព្ទ័ប្រាប់ប្តី ហើយប្តីក៏មកទទួលត្រឡប់ទៅផ្ទះយកមកមើល ដោយមិនរង់ចាំយូរប្តីក៏ដាក់ឈ្មោះខ្លួនឯងភ្លាមៗ ទើបសួរថា ខ្លួនក៏មានប៉ាស្ព័រដែរ ហេតុអីបានជាសរសេរឈ្មោះប្តីតែម្នាក់ឯងចូលទៅក្នុងគណនីបែបនេះ ទើបធ្វើឱ្យមានការឈ្លោះប្រកែកគ្នា ។
ក្រោយមកអ្នកស្រី ហ៊ីន សង បានប្រាប់ប្តីថា នៅព្រឹកថ្ងៃទី២ កញ្ញា នឹងទៅប្ដឹងតម្រួតដើម្បីដាក់ឈ្មោះអ្នកស្រី ព្រោះជាអ្នកទិញឆ្នោត ដោយមិនទុកចិត្តប្តី ព្រមទាំងប្រាប់សមត្ថកិច្ចនគរបាលនៅថ្ងៃទី៣ កញ្ញា
ថាប្រញាប់ធ្វើដំណើរទៅស្នាក់ការឆ្នោតជាតិ ។
ក្រោយពីបើកលុយ៦លានបាតបានហើយ ក៏ប្រញាប់យកលុយបញ្ចូលក្នុងគណនីធនាគារឈ្មោះខ្លួនឯងភ្លាមៗ ។ ចំណែកប្តីក៏បានយល់ព្រមឱ្យប្រពន្ធដាក់ឈ្មោះក្នុងគណនីធនាគារតាមបំណងទៅ ដោយមិនជំទាស់តបតទៀតឡើយ ៕
ចែករំលែកព័តមាននេះ