ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ អ្នកជិះម៉ូតូ និងបើកបររថយន្តដែលធ្វើដំណើរនាពេលយប់ជ្រៅមានការខ្លាចរអា និងព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ខណៈអ្នកខ្លះធ្វើដំណើរមកដល់ចំណុចជ្រោះមរណ: ក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ស្រាប់តែមានក្រុមក្មេងទំនើងយកដុំថ្មអង្គុយចាំគប់ បណ្តាលឱ្យរងរបួសផងនោះ ជាពិសេសអ្នកធ្វើការកាស៊ីណូ និងអ្នករត់ម៉ូតូឌុបនៅព្រំដែនមិនហ៊ានត្រឡប់មកផ្ទះវិញនោះឡើយ ដោយសុខចិត្តជួលបន្ទប់គេស្នាក់នៅអស់លុយកាក់ជាច្រើន ។
បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ប៊ុន សារ៉ុង អាយុ៣៥ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងថា កាលពីថ្ងៃទី១ ខែកញ្ញ ឆ្នាំ២០១៨កន្លងមក គាត់បានជិះម៉ូតូឌុបប្រពន្ធមកពីកន្លែងធ្វើការនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោយពីប្រពន្ធចេញពីធ្វើការកាស៊ីណូនាពេលម៉ោង១២យប់ ស្រាប់តែមកដល់ចំណុចជ្រោះមរណ: មានក្រុមក្មេងទំនើងចំនួន៣ទៅ៤នាក់ នាំគ្នាអង្គុយនៅក្បែរកូនភ្នំមួយនេះ ហើយយកដុំថ្មគប់សំដៅទៅលើពួកគាត់ ។
បុរសខាងលើបានបន្តថា សំណាងល្អ ដុំថ្មដែលគប់ពួកគាត់នោះប៉ះចំបង្គោលភ្លើងរួចខ្ទាតមកចំគាត់បណ្តាល
ឱ្យរងរបួសស្រាល លុះពេលគាត់ក្រឡេកមើលទៅក្បែរព្រៃកូនភ្នំនេះ ឃើញក្មេងៗទំនើងបន្តយកដុំថ្មតាមដេ ញគប់ ធ្វើឱ្យមានការភ័យព្រួយយ៉ាងខ្លាំង ហើយគាត់ក៏ជិះម៉ូតូគេចទាន់ពេល ។
គាត់បន្តទៀតថា ក្រុមក្មេងទំនើងទាំងនេះ រស់នៅក្នុងខេត្តប៉ៃលិន ហើយក៏តែងតែបង្កការអុកឡុកគប់ម៉ូតូ និងរថយន្តជាញឹកញាប់ គិតទៅប្រហែលជា១០ដងមកហើយ ។ រហូតមកដល់បច្ចុប្បន្ននេះ ទាំងអ្នករកស៊ីរត់ម៉ូតូឌុបនៅព្រំដែន និងបុគ្គលិកកាស៊ីណូ ដែលធ្វើការពេលយប់មិនហ៊ាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញនោះទេ ដោយសុខចិត្តរៃលុយគ្នាជួលផ្ទះស្នាក់នៅ ដែលធ្វើឱ្យខាតលុយកាក់អស់ជាច្រើន ។ ចំណែកគាត់វិញសុខចិត្តបន្តរត់ម៉ូតូឌុបរហូតដល់ព្រឹកទើបហ៊ានត្រឡប់មកផ្ទះវិញ ។
គាត់ក៏សុំឱ្យប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរតាមផ្លូវខាងលើនេះ នាពេលយប់មានការ ប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមក្មេងទាំងនោះដែលមានគ្នាច្រើន ជួនកាលពី៣ទៅ៤នាក់ ហើយអាចរហូតដល់១០នាក់ក៏មាន តែងតែធ្វើសកម្មភាពគប់ដុំថ្មទៅលើអ្នកធ្វើដំណើរជាញឹកញាប់ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេម សុផល នាយប៉ុស្តិ៍នគរបាលឃុំស្ទឹងកាច់ បានឱ្យដឹងថា ខាងលោកអត់បានទទួលពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋនោះឡើយ ហើយខាងលោកដឹងរកមុខអ្នកគប់ដុំថ្មយ៉ាងណាឃើញដែរ បើសិនជាអត់មានពាក្យបណ្តឹងទេនោះ ។
ចំណែកលោក រី ដារា អធិការរងនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងដែរថា ខាងលោកតែងតែដាក់កម្លាំងឱ្យចុះល្បាតជារៀងរាល់យប់ តែអត់ធ្លាប់ជួបជនសង្ស័យទាំងនោះទេ ហើយបើសិនជាមានករណីប្រជាពលរដ្ឋរាយការណ៍ថា មានករណីក្មេងទំនើងយកដុំថ្មគប់ម៉ូតូមែន ខាងលោកនឹងដាក់កម្លាំង ឱ្យចុះទៅពិនិត្យកន្លែងខាងលើ ដើម្បីស្រាវជ្រាវរកក្មេងទំនើងទាំងនោះយកមកដាក់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ