ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹ​ង្ហ សា​រិ​ទ្ធ ៖ អាជ្ញាកណ្ដាល​-​ចៅក្រម​ប្រដាល់​រត់​កង់​បី​មាន​អ្វី​ត្រូវ​ខ្មាស​គេ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សឹ​ង្ហ សា​រិ​ទ្ធ​ដែល​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បានឱ្យ​ដឹង​ថា ក្រៅពី​បម្រើ​ការងារ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​ប្រដាល់​រៀងរាល់ថ្ងៃ​សៅរ៍…

រាជធានី​ភ្នំពេញ ៖ លោក សឹ​ង្ហ សា​រិ​ទ្ធ​ដែល​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បានឱ្យ​ដឹង​ថា ក្រៅពី​បម្រើ​ការងារ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​ប្រដាល់​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​នោះ លោក​ត្រូវ​ឆ្លៀតពេល​ទៅ​រត់​រុ​ឺ​ម៉ក​ម៉ូតូ​កង់​បី​ដើម្បីស្វែងរក​កម្រៃ​បន្ថែម​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោក​គិត​ថា មុខរបរ​នេះ​គ្មាន​អ្វី​ដែល​ធ្វើ​ឱ្យលោក​ត្រូវ​ខ្មាស​គេ​នោះ​ទេ សំខាន់​ឱ្យ​តែ​បាន​ប្រាក់​កើត​ចេញពី​កម្លាំង​ញើស​ឈាម​របស់​យើង​គឺលោក​សប្បាយចិត្ត​ហើយ​។

លោក សឹ​ង្ហ សា​រិ​ទ្ធ អាយុ​៥៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ខ្ពប ឃុំ​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង ។ លោក​ធ្លាប់​មានគ្រួសារ​រួច​ម្ដង​មក​ហើយ​ប៉ុន្តែ​បាន​ចែកផ្លូវ​គ្នា​បន្សល់​ទុក​កូនប្រុស​ម្នាក់​អាយុ​១០​ក្នុង​បន្ទុក​កំពុង​តែ​រៀន​។

ពី​មុន​លោក​ក៏​ជា​សិស្ស​គុន​ប្រដាល់​ប្រចាំ​ក្លិប​ចំការ​សំរោង​ខេត្តបាត់ដំបង​ដែល​មាន​លោក ប៊ុ​ន យី ជា​គ្រូបង្វឹក ។ លោក​បាន​ឈាន​ជើង​ចូល​ហាត់​ប្រដាល់​តាំងពី​អាយុ​១៨​ឆ្នាំ ហើយ​ទោះបី​កាល​ណោះ​លោក​មិន​មានឈ្មោះ​បោះ​សំឡេង​ដូច​គេឯង​មែន តែ​លោក​ធ្លាប់​ទៅ​ប្រកួត​តាម​ព្រំដែន​កម្ពុជា​-​ថៃ និង​មាន​ពេល​ខ្លះ​ចូល​ទៅ​ប្រកួត​រហូត​ដល់​ក្នុង​ទឹក​ដី​ថៃ​ក៏​មាន​ដែរ គ្រាន់តែ​តម្លៃ​ខ្លួន​កាល​ណោះ​អ្នក​ឈ្នះ​បាន​១៥​ម៉ឺន​រៀល និង​អ្នក​ចាញ់​បាន​១០​ម៉ឺន​រៀល ។

ដោយសារ​តែ​លោក​ជាប់រវល់​ដើរ​ប្រដាល់​មិនសូវ​បាន​ចូល​រៀន​ជាប់លាប់​ទើប​ធ្វើ​ឱ្យ​លោក​​ប្រឡង​ធ្លាក់​ឌី​ប្លូ​ម​នៅ​ឆ្នាំ​១៩៨៤ ។ ចាប់តាំងពី​ពេល​នោះ​មក លោក​ក៏​សម្រេចចិត្ត​ផ្លាស់​មក​នៅ​រាជធានី​ភ្នំពេញ​ដោយ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ។ ដោយសារ​តែ​លោក​មានបទពិសោធន៍​ក្នុង​វិស័យ​កីឡាប្រដាល់​ស្រាប់ លោក​ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យធ្វើ​ជា​អាជ្ញាកណ្ដាល ចៅក្រម តាំងពី​ពេល​នោះ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។

ការ​ចាប់​យក​អាជីព​ជា​អាជ្ញាកណ្ដាល ចៅក្រម នេះ មិន​បាន​ជួយ​ឱ្យ​ជីវភាព​គ្រួសា​របស់​លោក​​ធូរធារ​នោះ​ទេ ព្រោះ​ប្រាក់​ដែល​លោក​ទទួល​បាន​ពី​ការងារ​មួយ​នេះ​សូ​ម្បី​តែ​ឱ្យ​កូន​រៀន និង​ថ្លៃ​ផ្ទះ​ជួល​ស្ទើរតែ​មិន​គ្រប់​ផង តែ​ដោយសារ​តែ​មានចិត្ត​ស្រឡាញ់​ទើប​ចេះ​តែ​ប្រឹង​​តស៊ូ​ធ្វើ​រហូត​មក​ទល់​ពេល​នេះ ។ ប្រាក់​កម្រៃ​ធ្វើ​ចៅក្រម និង​អាជ្ញាកណ្ដាល​ក្នុង​មួយ​ពេល​បាន​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្នុង​មួយ​អាទិត្យ​ធ្វើ​បាន​តែ​២​ពេល​ស្មើនឹង​៣០​ដុល្លារ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​បង្កើត​មុខរបរ​ខ្លួនឯង​ដើម្បី​ស្វែង​រក​កម្រៃ​បន្ថែម​​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោក សឹ​ង្ហ សា​រិ​ទ្ធ បញ្ជាក់​ថា ការ​ចាប់​យកមុខ​របរ​រត់​កង់​បី​នេះ មុន​ដំបូង​ជួប​ការ​លំបាក​​គួរសម​ដែរ​ដោយសារ​មាន​អារម្មណ៍​ខ្មាស​គេ​ផង ថែម​ទាំង​មិនសូវ​ស្គាល់ផ្លូវ​ច្បាស់​ទៀត ។ ដោយសារ​ជីវភាព​ខ្វះខាត​ខ្លាំង លោក​ត្រូវ​តែ​តស៊ូ​ជម្នះ​រាល់​ការ​លំបាក​គ្រប់​បែប
យ៉ាង​ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​គ្រួសារ ។ លោក​ថា សព្វថ្ងៃ​លោក​រត់​កង់​បី​ខ្មែរ មួយ​ថ្ងៃ​បាន​ត្រឹមតែ​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយសារ​កង់​បី​ឥណ្ឌា​វាយលុក​ខ្លាំង​ពេក​។

ជា​ចុង​ក្រោយ លោក សឹ​ង្ហ សា​រិ​ទ្ធ បាន​ថ្លែង​ថា លោក​មាន​មហិច្ឆតា​ចង់​បង្កើត​ក្លិប​ប្រដាល់​​ផ្ទាល់ខ្លួន​មួយ​បើសិនជា​មានឱកាស ។ សព្វថ្ងៃ​ពេលទំនេរ​លោក​បាន​ទៅ​ជួយ​បង្ហាត់​កូនសិស្ស​លោក​មាស សុខ​គ្រី​ម្ដង​ៗ​ដែរ ដោយ​មិន​យក​កម្រៃ​អ្វី​ទេ សំខាន់​លោក​ចង់បាន​បទ​ពិសោធន៍​ពី​គ្រូ​ចាស់​ៗ​មក​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ