ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ជិត​3​ប៊ី​លាន​ដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​គម្រោង​​ចំនួន​១.៩៧៣ ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​២.៩៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​គម្រោង​​ចំនួន​១.៩៧៣ ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​២.៩៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្កា​ម៉​ល នា​ព្រឹក​ថ្ងៃ​ទី​៣០ សីហា កន្លង​មក​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ ក្រសួង​បាន​អនុ​ញ្ញាត​លិខិត​ឲ្យ​សាងសង់​៣.៤១៨​គម្រោង និង​មាន​ទុន​វិនិយោគ​ចំនួន​៦.៧៩៨​លាន​ដុល្លារ​​អា​មេ​រិ​ក​។

ចំណែក​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ចេញ​លិខិត​សាងសង់​ចំនួន​១.៩៧៣ ដែល​មាន​ទឹកប្រាក់​ចំនួន​២.៩៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​។ ក្នុង​នោះ​មាន​ប្រទេស​ចំនួន​១០​បាន​មក​ចូលរួម​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ។

លោក​ថ្លែង​ថា ៖« នេះ​បាន​បង្ហាញ​ពី​ការ​ទុកចិត្ត​លើ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច បើ​មិន​អីចឹង​ទេ នឹង​មិន​មាន​អ្នក​ណា​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ ពួក​គេ​នឹង​ផ្លាស់​ប្តូរ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​។ មិន​តែ ប៉ុណ្ណោះ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​សម្រួល​ដល់​វិនិយោគិន​នានា ដូច​ជា​កៀងគរ​ឲ្យ​មានការ​ផលិត​អគ្គិសនី​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជា​ច្រើន »​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត គី​ម ហ៊ា​ង​បាន​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ ប៉ុន្តែ​លោក​បាន​លើក​ជា​សំណួរ​ថា តើ​ទំហំ​ទឹកប្រាក់​ជាក់ស្តែង​ចូល​ក្នុង​វិស័យ​នេះ ជា​ទំហំ​ពិត​ឬ​យ៉ាងណា ព្រោះ​អ្នក​វិនិ​យោគ​​​ខ្លះ​បាន​បោះ​ទូ​ន​វិនិយោគ​ត្រឹម​១០​លាន​ដុល្លារ ប៉ុន្តែ​ពួក​គេ​ប្រកាស​២០​ទៅ​៣០​លាន​​ដុល្លារ ដោយ​បូក​សរុប​នូវ​អ្វី​ដែល​ពួក​គេ​រំពឹង​ទទួល​បាន​ពី​ការ​វិនិយោគ​របស់​ពួក​គេ។

ទោះជា​យ៉ាងណា លោក​បន្ត​ថា ៖« យើង​មាន​សុទិដ្ឋិនិយម​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទាក់ទាញ​បានការ​វិនិយោគ​កាន់តែ​ច្រើន ហើយ​មុខមាត់​កម្ពុជា​មាន​ភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ »​។

លោក Tom O”sullivan អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ Realestate.com.kh បាន​ថ្លែង​ដែរ​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​រីក​ចម្រើន​រយៈពេល​វែង​បន្ថែម​ទៀត ដោយសារ​តែ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ការ​កើនឡើង​នូវ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​ចំនួន​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​ក្រុងភ្នំពេញ​មាន​កំណើន​យ៉ាងច្រើន​ប្រចាំឆ្នាំ ។ ហេតុនេះ តម្រូវការ​លំនៅ​ឋាន នឹង​កើន​ឡើងជា​ស្វ័យ​ប្រវត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ