រាជធានីភ្នំពេញ ៖ ការប្រកួតដណ្ដើមកៅអីឆ្ពោះទៅរកជើងឯកក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១ កញ្ញា កីឡាករ សំ ភក្តី មិនទទួលបានជោគជ័យក្នុងការចាប់កំហុសគូប្រកួតនោះទេ បន្ទាប់ពីលោកចោទថា ដៃគូវាយត្រូវកន្លែងពិសេស អ៊ីចឹងហើយទើបការប្រកួតទាំងមូលត្រូវបញ្ចប់យ៉ាងផុយស្រួយ។
ការប្រកួតនេះស្ថិតក្នុងវគ្គជម្រុះដណ្ដើមកៅអី៨នាក់ គឺជាការប្រកួតកំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ដែលមានកីឡាករ៤នាក់ប្រកួតគ្នាយកកៅអី៨សម្រាប់សប្ដាហ៍ចុងក្រោយ។
កីឡាករ ម៉ឺន មេឃា មកពីក្លិបកងចក្រភ្នំតូច ប៉ះកីឡាករ សំ ភក្តី មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ក្នុងនាមជាគូស៊ីសាច់ហុតឈាមទី១ ដើម្បីដណ្ដើមកៅអីទី៧ ក្នុងចំណោម៨នាក់ ឆ្ពោះទៅរកតំណែងជើងឯកវគ្គបន្ត។ អ្នកប្រដាល់ទាំង២រូបនេះ បានធ្វើឱ្យអ្នកមកទស្សនាជក់ចិត្តយ៉ាងខ្លាំង ដោយសារតែការប្រកួតទើបតែចាប់ផ្ដើមបានមួយដង្ហើម ក៏រកឃើញចាញ់ឈ្នះបាត់ទៅហើយ។
ការប្រកួតនេះ ម្នាក់ៗហួសចិត្ត ព្រោះត្រឹមដើមទឹកប៉ុណ្ណោះ កីឡាករសំ ភក្តី ក៏ត្រូវ មេឃា លេងតែប៉ុន្មានស្នៀតដួលភីងប្រកាច់ប្រកិនលើរេញ ដោយភាគីអ្នកសន្លប់ចង់ចាប់កំហុសថា មេឃា ឈ្នះអុកត្រូវប្រដាប់ការងារខ្លួន ដោយមិនព្រមក្រោកប្រកួតទៀត តែដល់គណៈកម្មការចុចវីដេអូមើលចុះឡើងក៏រកឃើញថា មិនអុកចំប្រដាប់ការពារទេ ទើបជ័យជម្នះនេះត្រូវធ្លាក់លើកីឡាករម្ខាងទៀតវិញ។
ការប្រកួតនេះត្រូវគេមើលឃើញថា កីឡាករ សំ ភក្តី ខាតដើមខាតចុង ដ្បិតបើតាមកម្លាំងអុកត្រូវមិនដល់ថ្នាក់សន្លប់ក្រោកមិនរួចនោះទេ ប៉ុន្តែមកពីកន្លែងរងទំនងជាស្ថិតនៅកៀកៗនឹងប្រដាប់ការពារ ដែលអាចឱ្យគេរំពឹងថា អាចចាប់កំហុសគូប្រកួតបាន ទើបខំផ្ដេកផ្ដួលរមួលផ្សំគ្រិចបន្ថែម។ នេះបើយោងតតាមសម្ដីពីគណៈកម្មការ។ យ៉ាងណាមិញការប្រកួតនាថ្ងៃនោះ កីឡាករ មេឃា បានក្លាយជាអ្នកឈ្នះយ៉ាងស្រួល ដោយមិនចាំបាច់ប្រើកម្លាំងបាយច្រើន។
លោក សេង កដិកា អ្នករៀបចំការប្រកួតអះអាងថា លោកមិនគាំទ្រឱ្យកីឡាករណាម្នាក់ជោគជ័យក្នុងគម្រោងស៊ីឡាក់នោះទេ ជាពិសេសសម្រាប់កីឡាករណាមួយដែលមិនសមសន្លប់ ហើយធ្វើសន្លប់ ដើម្បីចាប់កំហុសគូប្រកួត។ កីឡាមានចាញ់មានឈ្នះ ប៉ុន្តែជ័យជម្នះត្រូវតែធ្វើឱ្យសមនិងល្អមើល គឺមិនអាចឱ្យមានគំនិតខូចធ្វើឱ្យអ្នកទស្សនាខកចិត្តឡើយ ទើបលោកទាមទារឱ្យចាក់វីដេអូគ្រប់មុំកាមេរ៉ាដើម្បីប្រាកដថា តើកីឡាករពិតជាចុកមែននៅត្រង់កន្លែង ដើម្បីឱ្យយុត្តិធម៌ក្នុងការកំណត់លទ្ធផល? ហើយកន្លែងប្រដាប់ការពារខ្លះក៏គណៈកម្មការត្រូវមើលផងដែរថា តើកម្លាំងនៃការអុកត្រូវ និងវាយត្រូវ ពិតជាសមនឹងសន្លប់ក្រោកមិនរួចឬទេ? ប្រសិនបើគូប្រកួតវាយត្រូវមែន ប៉ុន្តែមិនសមនឹងឱ្យដេកដួលរមួលផ្សំគ្រិច ក៏មិនអាចឱ្យឈ្នះបានដែរ គឺនៅតែឱ្យកីឡាករដែលភ្លាត់អុកត្រូវដោយអចេតនាជោគជ័យដដែល។
ចំណែកកីឡាករ ម៉ឺន មេឃា បានឱ្យដឹងថា រូបលោកមុនពេលប្រកួតសុទ្ធតែត្រៀមទុកមុនដូចជាហាត់ជាដើម ដើម្បីកុំឱ្យពិបាក ព្រោះមិនដឹងថា ដៃគូខ្លាំងជាងយើង ឬយ៉ាងណាទេ? លោកថា មុនប្រកួតទាំងលោក និងដៃគូសុទ្ធតែជឿថា មានល្បិចប្រកួតដូចគ្នារៀងៗខ្លួន ហើយលោកក៏ភ័យមិនតិចដែរ នៅពេលមិនទាន់ប្រកាសលទ្ធផល ដែលអាចឱ្យប្រឈមនឹងត្រូវបានភាគីម្ខាងទៀតចាប់កំហុស៕
ចែករំលែកព័តមាននេះ