ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ការងារ​ចម្ការ កសិករ​បាន​ដំណាំ​ត្រប់វែង បង្កើន​ប្រាក់​ចំណូល​ច្រើន​គួរសម

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ​កសិករ​ម្នាក់​រស់នៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង មាន​ជ័យ ខេត្តព្រះវិហារ​បាន​ចាប់​យក​អាជីព​ដាំ​ដំណាំ​ត្រប់វែង ទទួល​បាន​ទិន្នផល​ល្អ​នឹង​បង្កើន​នូវ​ប្រាក់​ចំណូល​ចន្លោះ​ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ជា​រៀងរាល់ថ្ងៃ ។ អ្នកស្រី…

ខេត្តព្រះវិហារ ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ​កសិករ​ម្នាក់​រស់នៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង មាន​ជ័យ ខេត្តព្រះវិហារ​បាន​ចាប់​យក​អាជីព​ដាំ​ដំណាំ​ត្រប់វែង ទទួល​បាន​ទិន្នផល​ល្អ​នឹង​បង្កើន​នូវ​ប្រាក់​ចំណូល​ចន្លោះ​ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ជា​រៀងរាល់ថ្ងៃ ។

អ្នកស្រី ខែ​ក សុខ​ឡេ​ង ជា​កសិករ​រស់នៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា រូប​គាត់​បាន​ឆ្លៀតពេល​ពី​ចម្ការ​របស់​គាត់ ហើយ​ងាក​មក​ដាំ​ដំណាំ​ត្រប់វែង​វិញ ដែល​មាន​ទំហំ​ដី ត្រឹមតែ​៣០​អា​តែ​ប៉ុណ្ណោះ ដើម្បី​ផ្គត់ផ្គង់​លក់​លើ​ទីផ្សារ ព្រោះ​ដំណាំ​នេះ​មាន​ទីផ្សារ​ល្អ ឈ្មួញ​បាន​ចុះ​មក​ទិញ​ដល់​ចម្ការ​ត្រប់​តែ​ម្តង​មិន​ពិបាក​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ផ្សារ​នោះ​ទេ ។ អ្នកស្រី​បន្ត​ថា ដំណាំ​នេះ​ដាំ​ដុះ​ដោយ​មិនសូវ រើស​ដី​នោះ​ទេ ។ មួយវិញទៀត​ដំណាំ​នេះ​ត្រូវការ​ទឹកជា​ចាំបាច់ ដាំ​ដុះ​ក្នុង​រយៈពេល​៣​ខែ អាច​ទទួលផល​បេះ លក់​បានជា​រៀងរាល់ថ្ងៃ រហូត​ដល់​រដូវ​ដាច់​ទឹកភ្លៀង​ទើប​ឈប់​ផ្លែ ។ ស្រី​បន្ថែម​ទៀត​ថា ដំណាំ​ត្រប់វែង​នេះ​រូប​គាត់​បាន​ទិញ​យក​មក​ពី​ប្រទេស​ថៃ ហើយ​ការ​ដាំ​ដុះ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ​សុទ្ធសាធ​មិន​ប្រើ​ជីគីមី ដើម្បី​ជំនួយ​ឲ្យ​ដំណាំ​លូតលាស់​នោះ​ឡើយ ។

អ្នកស្រី​ថា ក្នុង​មួយ​ថ្ងៃ​អាច​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​ដែល​មក​ពី​ក្រុង​ព្រះ​វិហារ និង​ខេត្តកំពង់ធំ ចន្លោះ​ពី​៨០ ទៅ​១០០​គីឡូក្រាម ថ្ងៃ​ខ្លះ​អាច​លក់​បាន​ដល់​១៥០​គីឡូក្រាម​ឯណោះ នឹង​បាន​តម្លៃ​ចន្លោះ​ពី​១៥០០​រៀល ទៅ​២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម កាត់ថ្លៃ​កម្លាំង​ពលកម្ម អ្នកស៊ីឈ្នួល​បេះ អាច​ឲ្យ​រូប​គាត់​ចំណេញ​ប្រាក់​ចន្លោះ​ពី​៨​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ងាយស្រួល ។ ជាមួយ​គ្នា​នេះ​ដែរ​កសិករ​ដដែល​ក៏​បាន​សំណូមពរ​ដល់​កសិករ​ដទៃ​ទៀត រួម​គ្នា​ដាំ​ដំណាំ​រួម​ផ្សំ និង​បន្លែ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន​ចៀសវាង​ការ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ចោល​ឥតប្រយោជន៍ មួយវិញទៀត​បាន​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​ដំណាំ​បន្លែ​របស់​ខេត្តព្រះវិហារ​ឲ្យ​ទទួល​បាន​ទីផ្សារ​ល្អ ចៀសវាង​បានការ​ហូរ​ចូល​បន្លែ​ពី​ទីផ្សារ​ខាងក្រៅ មិន​មាន​សុវត្ថិភាព​ដល់​អ្នក​បរិភោគ ។

អ្នកស្រី ជឿន ផា​រី ជា​អ្នកស៊ីឈ្នួល​បេះ​ផ្លែ​ត្រប់វែង​បាន​លើក​ឡើង​ថា រូប​គាត់​មក​ស៊ីឈ្នួល​បេះ​ត្រប់វែង​នេះ​ឃើញ​ថា មាន​ភាព​ងាយស្រួល​ដោយ​មិនសូវ​ចំណាយ​កម្លាំង​ពលកម្ម និង​ពេលវេលា​ច្រើន​នោះ​ទេ ហើយ​ទទួល​បាន​កម្រៃ​ក្នុង​១​ថ្ងៃ​ចន្លោះ​ពី​២៥០០០​រៀល ទៅ​៣​ម៉ឺន​រៀល​នឹង​អាច​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួ​សារបាន ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ផ្ទៃដី​ដាំ​ដំណាំ​បន្លែ​ផ្សេង​ៗ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​មាន​ប្រមាណ​ជាង​១០០០​ហិ​កតា​ភាគច្រើន​កសិករ​ដាំ​ដុះ​នៅ​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​គូលែន និង​ក្រុង​ព្រះ​វិហារ ។ លោក​ថា ការ​ដាំ​ដុះ​បន្លែ​នៅ​ខេត្តព្រះវិហារ​ឃើញ​ថា​ទទួល​បាន​នូវ​ភោគផល​ល្អ អាច​ឲ្យ​កសិករ​រក​ចំណូល​បាន​ច្រើន​ពី​ការ​ផ្គត់ផ្គង់​លក់​បន្លែ​របស់​ខ្លួន​លើ​ទីផ្សារ​ក្នុងស្រុក​កាត់​បន្ថយ​បានការ​នាំ​ចូល​នូវ​បន្លែ​ពី​ទីផ្សារ​ខាងក្រៅ ។

តែ​ទោះជា​យ៉ាងនេះ​ក្តី​លោ​ក៏​បាន​ជម្រុញ​ឲ្យ​កសិករ​បន្ត​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្លែ​បន្ថែម​ទៀត មន្ទីរ​នឹង​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​គ្រាប់ពូជ​ព្រោះ បច្ចុប្បន្ន​នេះ​ឃើញ​ថា កសិករ​ភាគច្រើន​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ប៉ុន​នោះ ពុំ​ទាន់​អាច​ដាំ​ដុះ​ជា​លក្ខណៈ​អាជីព​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ