ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន បានធ្វើការរិះគន់ទៅលើមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តប៉ៃលិនថា ចេះតែបណ្តែតបណ្តោយឲ្យឈ្មួញដឹកដីលក់ បណ្តាលឱ្យធ្លាក់កំ ទេចដីតាមដងផ្លូវធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងលំបាកក្នុងការធ្វើដំណើរចេញចូលទៅមក ។ បញ្ហាទាំងនេះ អាជ្ញាធរខេត្ត ហាក់ដូចជាមើលរំលង និងគ្មានវិធានការទប់ស្តាត់នោះឡើយ ។
ប្រជាពលរដ្ឋបានលើកឡើងថា ៖ អស់រយៈពេលជាយូរកន្លងមកហើយ ដែលផ្លូវក្រាលកៅស៊ូ និងផ្លូវលំជាច្រើនខ្សែនៅក្នុងខេត្តប៉ៃលិន បានទទួលរងការខូចខាត ដោយសារតែរថយន្តដឹកដីរបស់ក្រុមហ៊ុនមួយចំនួន និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ។ ម្យ៉ាងវិញទៀត រថយន្តខ្លះ មិនគោរពតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឡើយ ខណ:មន្ទីរជំនាញ ក៏មានភាពធូររលុងក្នុងការគ្រប់គ្រងករណីនេះដែរ ។
ប្រភពបន្តថា ដោយសាររថយន្តធំតូចរបស់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកដី បើកឆ្លងកាត់ទៅមក បង្កឱ្យបាក់ស្រុតផ្លូវ ក្លាយទៅជារណ្តៅតូចធំ និងមានទឹកដក់ ពិបាកក្នុងការធ្វើដំណើរ បង្កឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ លើសពីនេះ ការដឹកដីរបស់ឈ្មួញភាគច្រើនមិនគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលឡើយ ដូចជា មិនគ្របរថយន្តធ្វើឱ្យជ្រុះអាចម៌ដី ការដឹកលើសទម្ងន់ជាដើម ហើយបញ្ហានេះ ពួកគាត់ស្នើសុំឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឱ្យចុះត្រួតពិនិត្យទីតាំងកាយដីលក់ និង ណែនាំពីនីតិវិធីច្បាប់ដល់ក្រុមឈ្មួញទាំងនោះផងដែរ ។
ពាក់ព័ន្ធបញ្ហានេះ លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឲ្យដឹងថា ៖ ថ្មីៗនេះ លោកបានចុះទៅមើលនៅតាមការដ្ឋាន ដែលក្រុមឈ្មួញដឹកដីទាំងនោះហើយ ដោយណែនាំឲ្យដាក់គម្របពីលើ បើសិនមិនអនុវត្តតាមគោលការណ៍ទេ ខាងលោកនឹងមិនបន្តឲ្យបើកបរលើផ្លូវសាធារណៈនោះឡើយ ។
លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្លាប់ឱ្យដឹងដែរថា ខាងលោកតែងតែហាមមិនឱ្យរថយន្តដឹកដីទាំងនោះធ្វើសកម្មភាពនៅពេលមេឃភ្លៀង ជាហេតុធ្វើឱ្យខូចផ្លូវ ហើយក៏មិនឱ្យដឹកលើសទម្ងន់ដែរ ព្រោះបើសិនជាផ្លូវខូច ពេលជួសជុលម្តងៗ ចំណាយថវិកាអស់ជាច្រើន ហើយខាងលោកនឹងចាត់ឱ្យមន្ត្រីតាមដានមើលចំពោះសកម្មភាពនេះផងដែរ ៕
ចែករំលែកព័តមាននេះ