ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចប៉េអឹមខេត្តបានសហការជាមួយនឹងខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបានចុះទៅធ្វើការឃាត់គ្រឿងចក្រ និងរថយន្តដែលជីកកកាយដីភ្នំ ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ការចុះបង្ក្រាបនេះដកហូតរថយន្តដឹកដីចំនួន៣គ្រឿង គ្រឿងចក្រជីកកកាយដីចំនួន២គ្រឿង រថយន្តដឹកគ្រឿងចក្រ១គ្រឿង និងអ្នកបើកបរចំនួន៤នាក់ យកទៅសួរនាំ ។ ហេតុការណ៍ចុះឃាត់ម្ចាស់រថយន្ត និងរថយន្តដឹកដីនេះបានធ្វើឡើង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបានបង្ហើបឱ្យដឹងថា ម្ចាស់គ្រឿងចក្រដែលធ្វើសកម្មភាពជីកកកាយដីភ្នំមានឈ្មោះ លីន ស្នាក់នៅក្នុងភូមិខាងលើ ហើយបានធ្វើសកម្មភាពជីកកកាយដីភ្នំដឹកលក់នៅតាមភូមិជារៀងរាល់ថ្ងៃ បណ្តាលឱ្យខូចទ្រង់ទ្រាយយ៉ាងដំណំ ។ ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍កម្លាំងប៉េអឹមខេត្តសហការជាមួយនឹងខាងរដ្ឋបាលព្រៃឈើចុះទៅធ្វើការបង្ក្រាបតែម្តង ។ ក្រុមឈ្មួញធ្វើការជីកកកាយដីភ្នំដឹកលក់នេះ ធ្វើឡើងចំនួន២កន្លែងក្បែរគ្នា ទី១- ស្ថិតនៅខាងក្រោយអនុវិទ្យាល័យផ្សារព្រំ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ និងទី២- ស្ថិតនៅចំណុចដីថ្មី ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ។
ប្រភពបញ្ចាក់ទៀតថា បន្ទាប់ពីស្ងាត់សកម្មភាពរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ស្រាប់តែក្រោយមកថ្មីៗនេះក្រុមឈ្មួញសម្រុកនាំគ្នាជីកកកាយដីភ្នំដឹកលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតនឹងច្បាប់អ្វីនោះឡើយ ខណៈដីស្ទើររាបក៏ដូចជា ដីភ្នំនៅគ្រប់កន្លែងនៅក្នុងភូមិខាងលើ មានការឡើងថ្លៃយ៉ាងគំហុកគួរឱ្យកត់សម្គាល់ ។
ទោះបីជាយ៉ាងណាក៏ដោយខាងជំនាញខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបានឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន៤នាក់ យកទៅការិយាល័យរដ្ឋបាលព្រៃឈើ ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី ។ រីឯរថយន្ត និងគ្រឿងចក្រជីកកកាយដីទាំងអស់ត្រូវបានជំនាញយកទៅរក្សាទុកនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរង់ចាំធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ