ខេត្តប៉ៃលិន ៖ ស្ត្រីវ័យចំណាស់ម្នាក់បានបាត់ម៉ូតូស៊េរីថ្មីមួយគ្រឿង ពេលជិះម៉ូតូចេញពីផ្ទះទៅផ្សារទិញម្ហូបអាហារដើម្បីចម្អិនទទួលទានជួបជុំក្រុមគ្រួសារ លុះដល់ផ្សារក៏ចតម៉ូតូទុកចោលនៅខាងក្រៅ ដោយមិនបានផ្ញើម៉ូតូនឹងគេឯងនោះទេ រួចគាត់បានដើរចូលទៅទិញត្រី បន្លែ និងសាច់ផ្សេងៗក្នុងផ្សារមួយសន្ទុះធំ ស្រាប់តែពេលត្រឡប់មកវិញរកមើលមិនឃើញម៉ូតូរបស់ខ្លួនទាំងសភាពឆ្លេឆ្លា ដោយម៉ូតូត្រូវបានជនសង្ស័យកាច់សោ.កយកទៅបាត់ ។ ក្រោយពីដឹងថាបាត់ម៉ូតូ ភ្លាមនោះគាត់ក៏ស្រែកយំធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរក្នុងផ្សាររត់មកមើលតែម្តង ។
ហេតុការណ៍ជនសង្ស័យលួចកាច់សោ.កម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សារត្រី ក្នុងភូមិប៉ាហ៊ីខាងជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្ថិ៍ប៉ៃលិនបានឱ្យដឹងថា ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ទ្រី ម៉ៅ អាយុ៥០ឆ្នាំ ជាអ្នកធ្វើចំការ រស់នៅភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយបាត់ម៉ូតូមួយគ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ប៉ៃលិន ១C- ២៨១០ ។ បន្ទាប់ពីបាត់ម៉ូតូភ្លាម ស្ត្រីខាងលើបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឱ្យស្រាវជ្រាវស្វែងរកម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះ ។
ប្រភពដដែលបន្តទៀតថា ស្ត្រីខាងលើធ្លាប់ជិះម៉ូតូយកទៅទិញម្ហូបអាហារនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងផ្សារត្រី ដែលទើបបង្កើតថ្មីជាញឹកញាប់មកហើយ តែមិនធ្លាប់បាត់ម៉ូតូនោះទេ ហើយគាត់ក៏មិនធ្លាប់ផ្ញើនឹងគេដែរ ។ ម្យ៉ាងវិញទៀត នៅក្នុងផ្សារខាងលើហាក់ដូចជាអត់មានកន្លែងផ្ញើម៉ូតូនោះទេ ដោយចតចោលយ៉ាងអនាធិបតេយ្យ ហើយក៏ធ្លាប់បាត់ម៉ូតូជាញឹកញាប់អស់ជាច្រើនគ្រឿងមកហើយដែរ ។
ប្រភពបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ គេមិនសង្ឃឹមថាអាចនឹងរកឃើញម៉ូតូដែលបាត់នោះមកវិញទេ ព្រោះរាល់ពេលបាត់ គឺមិនអាចរកឃើញនោះឡើយ ។ ដូច្នេះមានតែប្រុងប្រយ័ត្នដោយខ្លួនឯង និងត្រូវផ្ញើម៉ូតូនឹងអ្នកយាម ឬអ្នកលក់ដូរដែលខ្លួនស្គាល់ឱ្យជួយមើលតែប៉ុណ្ណោះ ព្រោះបច្ចុប្បន្នសំបូរក្រុមជនសង្ស័យដើរលួចតាមផ្សារខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ