ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែងត្រូវបានគេចារជាប្រវត្តិសាស្ត្រ និងចងក្រងជាសៀវភៅសម្រាប់ការសិក្សាថ្នាក់បឋមសិក្សានៅប្រទេសកម្ពុជា ដែលបានតាក់តែងឡើងតាមប្រកាសអារ៉ែតេ លោកគួវ៉ែនណើរស៊េណេរាល់ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ១៩២៦ និងបានបោះពុម្ពជាផ្លូវការ នៅឆ្នាំ១៩៣០ ។
ការចងក្រងអត្ថន័យជាប្រវត្តិសាស្ត្រនោះ មិនបានរៀបរាប់ឲ្យបានក្បោះក្បាយពេញលេញនោះឡើយ ។ ការស្រាវជ្រាវនៃរឿងប្រវត្តិសាស្ត្រខេត្តស្ទឹងត្រែងនេះពាក់ព័ន្ធដល់រឿងពីរ គឺទី១- ទាក់ទងដល់ប្រវត្តិខេត្ត ទី២- ទាក់ទិនទៅនឹងឈ្មោះខេត្ត ។ ដើម្បីលើកយកប្រវត្តិដែលពាក់ព័ន្ធលើទឹកដីខេត្តស្ទឹងត្រែង ដែលបានរៀបរាងឡើង នៅឆ្នាំ២០០៦ ដោយលោក សម សាឯម អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង។
ខេត្តស្ទឹងត្រែងមានរឿងភ្ជាប់ទៅនឹងពង្សាវតាតាំងពីយូរលង់ណាស់មកហើយ រវាងគ.ស៦០០ប្លាយ ក្នុងរាជព្រះបាទឥសានវ័រ្មន និងព្រះបាទជ័យវ័រ្មនក្រុងកម្ពុជា ចែកចេញជា២នគរ ។ នគរមួយមានទីក្រុងឈ្មោះ វយធាបូរា (ភវបុរៈ) មួយទៀតឈ្មោះទីក្រុង សម្ផបូរា (សម្ផបុរៈ) ខេត្តស្ទឹងត្រែង គឺស្ថិតក្នុងក្រុងទី២នេះ ។ រហូតដល់គ.ស៩០០ប្លាយ បានបង្រួបបង្រួមនគរទាំងពីរទៅជាក្រុងកម្ពុជាតែមួយ ហើយលើកទីក្រុងទៅតាំងនៅអង្គរវិញ ។ នៅគ្រិស្តសករាជ១៤០០ប្លាយ កាលបែកបន្ទាយសង្វែក និងទ័ពសៀមព្រះបាទសុទ្ធាភាសព្រះអង្គរត់ទៅពួន នៅស្ទឹងត្រែង ។ ក្នុងកំឡុងសករាជនេះទ័ពសៀម និងទ័ពលាវបានលុកលុយចូលក្រុងកម្ពុជាខាងជើង កងទ័ពទាំងនេះបានយកខេត្តស្ទឹងត្រែង រួចមកទ័ពទាំងនោះបានធ្វើដំណើរលុកលុយចុះតាមទន្លេធំរហូតដល់កំពង់ចាមទើបកងទ័ពខ្មែរវាយបកដេញទ័ពសៀម និងទ័ពលាវខ្ចាត់ខ្ចាយចេញទៅវិញអស់ ។
ក្រោយមកនៅគ្រិស្តសករាជ១៦០០ប្លាយ យួនចាប់ផ្តើមចូលលុកលុយយកខេត្តស្ទឹងត្រែង ប៉ុន្តែគ្រានោះទ័ពសៀមបានវាយចេញយួនទៅវិញនៅវេលាចំបាំងខេត្តស្ទឹងត្រែងចំណុះឲ្យខេត្តចំប៉ាសាក់ ឯខេត្តចំប៉ាសាក់ចំណុះឲ្យស្រុកសៀមទៀត ។ នៅឆ្នាំ១៨១៤ ទ័ពសៀមលុកលុយចូលនគរខ្មែរចាប់តាំងពីព្រំខេត្តព្រំទេពទៅដល់ភ្នំដងរែក ទ័ពសៀមបន្តលុកលុយយកខេត្តម្លូព្រៃ ខេត្តទន្លេពៅ កាលណោះទ័ពសៀមបានឈ្នះសឹកដោយងាយបន្តឆ្លងទន្លេ ហើយចូលលុកលុយយកខេត្តស្ទឹងត្រែងជាថ្មី បញ្ចូលទៅក្រុងសៀម លុះខេត្តស្ទឹងត្រែងធ្លាក់ទៅជាខេត្តសៀម គ្រានោះព្រះករុណាក្រុងកម្ពុជាបានផ្តាច់ការទំនាក់ទំនងជាមួយប្រទេសលាវ ដោយសារខេត្តស្ទឹងត្រែងឃាំងជាប់ទៅនឹងស្រុកសៀម ។
បន្ទាប់ពីក្រុងកម្ពុជាគំលាតនៃការទំនាក់ទំនងជាមួយប្រទេសលាវយូរឆ្នាំ រហូតដល់ឆ្នាំ១៨៦៣ គ្រាដែលបារាំងបានមកតាំងអាណាព្យាបាលនៅក្រុងកម្ពុជា ។ នៅឆ្នាំ១៨៦៤ ក្រុងសៀមជាប់សញ្ញា និងក្រុងបារាំងសែស ហើយក្រុងកម្ពុជាសៀមបានប្រគល់ខេត្តទន្លេពៅ ម្លូព្រៃ ស្ទឹងត្រែងសៀមប៉ាងមកឲ្យកម្ពុជាវិញ ប៉ុន្តែសៀមគ្មានប្រាថ្នានឹងឲ្យមកវិញទាល់តែសោះសៀមទាល់តម្រិះដោយសារជាប់កិច្ចសញ្ញា ។
នៅឆ្នាំ១៨៩៣ បារាំងបានបង្ខំសៀមដោយថ្វីដៃ ដើម្បីឲ្យសៀមបង្វែរខេត្តខ្មែរមកឲ្យក្រុងកម្ពុជាវិញខ្លះដូចជា ខេត្តស្ទឹងត្រែង ជាដើម ។ គ្រានោះសៀមភិតភ័យចុះសិទ្ធិសញ្ញានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៨៩៣ ដោយសុខចិត្តលះបង់ចោលដីខេត្ត ហើយទឹកដីប៉ែកត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់ឲ្យបារាំងសែសវិញ ។ ពេលនោះខេត្តស្ទឹងត្រែង សៀមប៉ាង ត្រូវចំណុះក្រុងលាវ ហេតុដូច្នេះក្រុងសៀមបានប្រគល់តែខេត្តទន្លេពៅ និងខេត្តម្លូព្រៃ តាមសិទ្ធិសញ្ញារបស់បារាំង ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។ រួមមកមានអារ៉ែតេបារាំងចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩១៤ ដាក់ខេត្តស្ទឹងត្រែង និងសៀមប៉ាងបញ្ចូលមកក្នុងក្រុងកម្ពុជាវិញ ។ ខេត្តស្ទឹងត្រងក៏រើកែប្រែថ្មី គឺមានរាជការគ្រប់គ្រងរដ្ឋបាល២ខេត្ត គឺខេត្តស្ទឹងត្រែង១ និងខេត្តមូលពូមោក១ (ស្រុកវ៉ើនសៃ) ។
ទាក់ទិនទៅនឹងរឿងប្រវត្តិសាស្ត្រខាងលើភ្ជាប់ទៅប្រវត្តិឈ្មោះខេត្តមួយនេះដែរ ដែលពីដើមឡើយគេហៅថា ខេត្តសាទឹងទែង កំណើតខេត្តនេះកើតឡើងដោយលោកសង្ឈមួយអង្គ (ជានេនលាចាក់សិក្ខាបទ) ព្រះនាមសៀង ប៉េង មកពីស្រុកវៀងច័ន្ទ បានលើកដែនសារទឹងទែងនេះថ្វាយមកព្រះករុណាក្រុងកម្ពុជា ។ ព្រះករុណាក្រុងកម្ពុជាទ្រង់ទទួលដង្វាយនេះ ហើយទ្រង់បានតែងតាំងលោក ប៉េង ជាចៅហ្វាយខេត្ត នៅក្នុងអំណាចព្រះចៅក្រុងកម្ពុជា ។ ឧកញ៉ា ប៉េង បាននាំសួយសារអារកទៅថ្វាយព្រះចៅក្រុងកម្ពុជាបានរយៈពេល៣ឆ្នាំ ទើបគិតដោះខ្លួនចេញពីអំណាចខ្មែរបានរត់ចាក់ចោលដែនសារទឹងទែងទៅរស់នៅស្រុកវ៉ើនសៃ ។ ក្រោយមកលើកងារចៅហ្វាយខេត្តនោះបន្តឲ្យទៅកូនឈ្មោះ ជា ប៉េងញ៉ាសំ ។ ជា ប៉េងញ៉ាសំ ជាកូនឧញ៉ា ប៉េង បានរួមគំនិតឃុបឃិតជាមួយរាស្ត្រក្នុងខេត្តរបស់ខ្លួនចូលទៅជ្រកកោនក្រោមម្លប់ព្រះចៅនគរសៀម សៀមបានតែងតាំងងារ ជា ប៉េងញ៉ាសំ ទៅជាចៅមឿង សៀងទែង ។
ដូច្នេះឈ្មោះ សៀងទែង ជាភាសាឡាវប្រែថា លោកនេនដែលលាចាកសិក្ខាបទបានកសាងឡើង ។ យូរមកប្រជាជនខ្មែរយើងហៅក្លាយនាមសៀងទែងនោះទៅជា ឈ្មោះស្ទឹងត្រែងវិញ រហូតមកដល់បច្ចុប្បន្ន គឺមានន័យថា ស្រុកមានស្ទឹងដុះស្មៅត្រែង ៕
ចែករំលែកព័តមាននេះ