ខេត្តសៀមរាប ៖ ក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប មានភ្នំដែលគេស្គាល់ឈ្មោះចំនួនសរុបប្រមាណ៤១ ហើយមានភ្នំជាច្រើនទៀតដែលមិនបានទៅដល់គ្មានការស្រាវជ្រាវ ។
ចំណែកភ្នំមួយចំនួន នៅតាមបណ្តាក្រុង-ស្រុកទាំង១២នោះ ខ្លះមានវត្តនៅពីលើ និងមានប្រាសាទបុរាណជាច្រើនដែលនៅសល់តាំងពីសម័យបុរាណនិងសម័យសង្គ្រាម ព្រមទាំងមាន រមណីយដ្ឋានធម្មជាតិមួយចំនួនដែលនៅជាប់ចំរ៉ាក់ជើងភ្នំ កំពុងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលមកទស្សនានៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ហើយក៏មានផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតជើងភ្នំទាំងនោះ ដើម្បីប្រកបមុខរបរលក់ដូរ និងធ្វើស្រែចំការ គ្រាន់បានចំណូលយកមកចិញ្ចឹមក្នុងក្រុមគ្រួសារ ចៀសវាងចេញទៅធ្វើចំណាកស្រុកនៅក្រៅប្រទេសផងដែរ ។
តាមរបាយការណ៍ខ្លះៗពីអធិការដ្ឋានក្រុង-ស្រុកទាំង១២ បានរៀបរាប់ប្រាប់កោះសន្តិភាពអំពីភ្នំនីមួយៗរបស់ក្រុង-ស្រុកថា៖ ភ្នំចំនួន៤១ភ្នំនៅខេត្តសៀមរាបនោះមាន៖
១-ក្រុងសៀមរាប មានភ្នំ ចំនួន២ គឺទី១-ភ្នំក្រោម មានប្រាង្គប្រាសាទបុរាណ ព្រមទាំងមានវត្តអារាម នៅលើកំពូលភ្នំ និងមានវត្តនៅចំរ៉ាក់ជើងភ្នំ ហើយមានផ្សារលក់ដូរ ព្រមទាំងមានទេសភាពស្រស់បំព្រង ។ មើលពីលើភ្នំមក គួរឱ្យទាក់ទាញអារម្មណ៍ភ្ញៀវជាតិនិងអន្តរជាតិផងដែរ ដែលបាននាំគ្នាបើករថយន្ត ឬម៉ូតូឡើងទៅដល់កំពូលភ្នំ ដើម្បីថតផ្តិតយករូបភាព ពីលើកំពូលភ្នំទៅបឹងទន្លេសាប និងទេសភាពនៅជុំវិញបរិវេណជើងភ្នំផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ។
ទី២-ភ្នំបាក់ខែង មានប្រាសាទបុរាណ ជាច្រើននៅលើកំពូល ដែលភ្ញៀវបរទេសនាំគ្នាឡើងទៅមើលថ្ងៃរះ ពេលព្រលឹម នៅពេលល្ងាចនាំគ្នា ឡើងទៅមើល ថ្ងៃលិច ហើយនៅខាងក្រោម ទល់មុខប្រាសាទមានអ្នកលក់ដូរជាច្រើន ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
២-ស្រុកជីក្រែង មានភ្នំចំនួន៧ ក្នុងនោះទី១-ភ្នំរ៉ុន, ទី២-ភ្នំពើង, ទី៣-ភ្នំបាក់រទេះ មានវត្តនៅពីលើ, ទី៤-ភ្នំក្បាលខ្មោច, ទី៥-ភ្នំអាចម៍ស្រមោច, ទី៦-ភ្នំខ្ទុំ និងទី៧-ភ្នំ ល្អាង មានទីតាំងជាប់នឹងព្រំប្រទល់ស្រុកគូលែន ខេត្តព្រះវិហារហើយភ្នំ ទាំង៧នោះ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
៣-ស្រុក សូទ្រនិគម មានភ្នំចំនួន២ គឺ៖ភ្នំចង្ហា និងភ្នំកង្ហិត ស្ថិតនៅក្នុងភូមិស្រាស្ត្រ ឃុំពពែល ។
៤-ស្រុកស្វាយលើ មានភ្នំចំនួន៥គឺ៖ ទី១/ភ្នំ គូលែន មានវត្តនៅលើកំពូលភ្នំ គឺព្រះអង្គធំ និងមានប្រាសាទបុរាណជាច្រើន ព្រមទាំងមានរមនីយដ្ឋាន ថែមទៀតផងដែរ ទី២-ភ្នំរាម មានព្រៃសហគមន៍ ទី៣-ភ្នំទំពូង នៅមានគ្រឹះថ្មប្រាសាទបុរាណ ដែលនៅសេសសល់ពីសង្គ្រាម ហើយភ្នំទាំង៣ នេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំស្វាយលើ, ទី៤-ភ្នំតាវ៉ា ស្ថិតនៅភូមិសាស្ត្រ ឃុំតាសៀម និងទី៥-ភ្នំខ្យង ស្ថិតនៅឃុំកន្ទួត ។
៥-ស្រុកស្រីស្នំ មានភ្នំចំនួន៥ភ្នំ គឺ៖ទី១-ភ្នំ តាមាស, ទី២-ភ្នំតាប៉ែន, ទី៣-ភ្នំធំ, ទី៤-ភ្នំព្រះច្បារ,និង ទី៥/ភ្នំ មហាឥសី ពុំមានវត្ត ឬ ប្រាសាទបុរាណ នៅទីនោះឡើយ ។
៦-ស្រុកអង្គរធំ មានភ្នំចំនួន៤ភ្នំ គឺ៖ទី១-ភ្នំ ដី ស្ថិតនៅក្នុងឃុំលាងដៃ ទី២-ភ្នំ ឆ្កែកូន មានវត្តនៅពីលើ ទី៣-ភ្នំតាទូស ស្ថិតនៅក្នុងឃុំពាក់ស្នែង ទី៤-ភ្នំកងរី មានវត្តនៅពីលើ ហើយមានប្រាសាទបុរាណបាក់បែកផងដែរ ដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រឃុំជប់តាត្រាវ និងមានភ្នំជាច្រើនទៀតដែលនៅឆ្ងាយៗមិនមានអ្នកស្គាល់ឈ្មោះនិងទៅមិនដល់ ។
៧-ស្រុកអង្គរជុំមានភ្នំចំនួន៣គឺ៖ ទី១-ភ្នំ ពើងតានន់ ដែលមានសម្រស់ទេសភាពរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងភូមិកោសម្ទេង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានចំងាយប្រមាណជាង៧០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប តាមផ្លូវទៅផ្សារពាក់ស្នែង ។ ទី២-ភ្នំ ម្រេច ស្ថិតនៅក្នុង ឃុំគោកដូង ស្រុកអង្គរជុំ ។
៨-ស្រុក វ៉ារិន មានភ្នំចំនួន៤ភ្នំ គឺ ៖ទី១/ភ្នំចង្ក្រានរយ មានវត្តនៅពីលើ ហើយមានរមណីយដ្ឋានទឹកធ្លាក់ ដែលមើលទៅគួរឱ្យគយគន់ផងដែរ ឃុំស្វាយស ទី២-ភ្នំសង្កែ ទី៣-ភ្នំបាយដុត និងទី៤-ភ្នំអាជ្ញារាម ស្ថិតនៅ ឃុំប្រាសាទ ។
៩-ស្រុកក្រឡាញ់ មានភ្នំចំនួន១ គឺ៖ភ្នំទ្រង់បាត ដែលមានប្រាសាទតូចៗ និងមានអាស្រម នៅពីលើផងដែរ។
១០-ស្រុកពួក មានភ្នំចំនួន២ គឺភ្នំរ៉ូង មានវត្តនៅពីលើ ស្ថិតនៅភូមិដូនកែវ និងភ្នំដីដែលមានទីតាំងស្ថិតនៅជាប់ បឹងទន្លេសាប ។
១១-ស្រុកបន្ទាយស្រី មានភ្នំចំនួន៦ភ្នំគឺ៖ ទី១-ភ្នំដី ស្ថិតនៅឃុំខ្នារសណ្តាយ ។ ទី២-ភ្នំបូក មានវត្ត និងប្រាសាទបុរាណនៅពីលើ ស្ថិតនៅឃុំរ៉ុនតាឯក ។ ទី៣-ភ្នំហប់ មានវត្តនៅពីលើ ស្ថិតនៅឃុំខ្នារសណ្តាយ, ទី៤-ភ្នំក្បាលស្ពានមានប្រាសាទបុរាណជាច្រើន និងមានរមណីយដ្ឋានផងដែរ ស្ថិតនៅក្នុង ឃុំឃុនរាម, ទី៥-ភ្នំទេវៈ ស្ថិតនៅក្នុងឃុំរំចេក និងទី៦-ភ្នំគូលែនជាប់ចំរ៉ាក់ជើងភ្នំ ស្ថិតនៅក្នុងឃុំត្បែង ហើយក៏ជាភ្នំ មួយដែលជាប់ពាក់កណ្តាលម្ខាងម្នាក់ និងស្រុកស្វាយលើផងដែរ ។
១២-ស្រុកប្រាសាទបាគង មានតែប្រាសាទបុរាណជាច្រើនដូចជា៖ប្រាសាទបាគង មានវត្ត និងប្រាសាទ
ជាច្រើននៅពីលើ, ប្រាសាទព្រះ គោ, ប្រាសាទលលៃ, ប្រាសាទចៅស្រីវិបុល,មានវត្តចាស់ៗ ដល់បច្ចុប្បន្ន ហៅថាវត្តត្រាច,៕
ចែករំលែកព័តមាននេះ