ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​តារា​ជើង​ចាស់​លោក ​នូ ស៊ិ​ប រស់​ទាំង​លំបាកជា​មួយ​ជំងឺ​ញាំញី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ជើង​ចាស់​លោក ​នូ ស៊ិ​ប បាននិង​កំពុង​តែ​ស្នាក់​នៅផ្ទះ​ជួល​​​​ជាមួយនឹង​ភាព​ញាំញី​ដោយ​ជំងឺ និង​ជរា បន្ទាប់​ពី​លោក​ស្ទើរតែ​បាត់បង់​សមត្ថភាព​នៃ​ការ​ច្រៀង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ដ្បិត​ប្រឡូក​ជីវិត​ជា​តារាចម្រៀង​ជាង​៣០​ឆ្នាំ​លោក​…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ជើង​ចាស់​លោក ​នូ ស៊ិ​ប បាននិង​កំពុង​តែ​ស្នាក់​នៅផ្ទះ​ជួល​​​​ជាមួយនឹង​ភាព​ញាំញី​ដោយ​ជំងឺ និង​ជរា បន្ទាប់​ពី​លោក​ស្ទើរតែ​បាត់បង់​សមត្ថភាព​នៃ​ការ​ច្រៀង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ដ្បិត​ប្រឡូក​ជីវិត​ជា​តារាចម្រៀង​ជាង​៣០​ឆ្នាំ​លោក​ នូ ស៊ិ​ប ហាក់​មិន​មាន​ភាព​ហ៊ឺហា​នៅ​ក្នុង​​ស្ថានភាព​ចុង​ក្រោយ​នេះ​ឡើយ ដោយ​ស្នាក់​នៅផ្ទះ​ជួល​ជាមួយនឹង​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​។ ក្នុង​វ័យ​ប្រមាណ​ជា​៧០​ឆ្នាំ​លោក​នូ ស៊ិ​ប បាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា បច្ចុប្បន្ន​លោក​ស្ទើរតែ​បាត់បង់​ឱកាស​នៅ​ក្នុង​ការ​ចេញ​ច្រៀង​តាម​ទីកន្លែង​ផ្សេង​ៗ​ទៅ​​ហើយ ដោយសារ​តែ​មិន​មាន​អ្នក​ហៅជាមួយនឹង​ភាព​ចាស់ជរា និង​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ ។

ហើយឱកាស​នៃ​ការ​ច្រៀង​តាម​ស្ថានីយទូរទស្សន៍ និង​ភោជនីយដ្ឋាន​នានា​នោះ​គឺ​លោក​មិន​អាច​ធ្វើ​បាន​ទៀត​ឡើយ ហើយ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ គឺ​ពឹងផ្អែក​លើ​ប្រាក់​ចូល​និវត្តន៍​ជា​ទាហាន និង​ការ​ជួយ​ជ្រោមជ្រែង​ពី​សប្បុរសជន​នានា​ប៉ុណ្ណោះ ។

លោក​នូ ស៊ិ​ប ឲ្យ​ដឹង​ថា លោក​មាន​ជំងឺ​ប្រចាំ​កាយ​បន្ទាប់​ពីរ​ងរ​បួស​ដោយសារ​គ្រោះថ្នាក់​ចរា​ចរណ៍​នា​ពេល​កន្លង​មក ហើយ​ប្រឈម​នឹង​កង្វះខាត​ប្រាក់​សម្រាប់​ព្យាបាល ។

យ៉ាងណា​ក្តី​លោក​មិន​បាន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ណាមួយ​ឡើយ ដោយ​គ្រាន់តែ​ឲ្យ​ក្មួយ​រស់នៅ​ជាមួយ​ទិញ​ថ្នាំ​យក​មក​ព្យាបាល​ខ្លួនឯង ព្រោះតែ​លោក​ធ្លាប់​ចេះ​វិជ្ជាពេទ្យ ខ្លះ​ៗ​​ដែរ និង​ពិសេស​ជាង​នេះ​ក៏​ព្រោះតែ​លោក​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​ព្យា​បាល។ ដោយសារ​ស្ថានភាព​ជីវិត​កាន់តែ​យ៉ាប់​នេះ លោក​តែង​ខក​ខានមិនបាន​ទៅ​ច្រៀង​​ពេល​មាន​គេ​ហៅ ហើយ​បើ​ផ្អែក​លើ​ប្រាក់​ចូល​និវត្តន៍​នោះ​មិន​អាច​គ្រប់គ្រាន់​ទេ​សម្រាប់​ការ​ចំណាយ​រាល់​ប្រចាំ​ថ្ងៃ ។

ដោយ​មាន​ទេព​កោសល្យ​សិល្បៈ​ពី​កំណើត​លោក​នូ ស៊ិ​ប ដែល​មាន​ដើម​កំណើត​នៅ​ខេត្តកំពង់ធំ​រូប​នេះ​អាច​ច្រៀង​បាន​ទាំង​បទ​សម័យ និង​បុរាណ រួម​មាន បទ​យីកេ​, បទ​បា​សាក់ និង​មហោរី​ជាដើម ។

មុន​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លោក​នូ ស៊ិ​ប ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន​ពេល​រាត្រី ដើម្បី​ចិញ្ចឹមជីវិត ។ តែ​ដោយសារ​វ័យ​របស់​លោក​កាន់តែ​ចាស់ និង​ស្រប​ពេល​ដែល​អ្នក​ចម្រៀង​វ័យក្មេង​កាន់តែ​ច្រើន បាន​ធ្វើ​ឲ្យ​ផលិតកម្ម​មួយ​ចំនួន​ផ្អាក ឬ​លែង​ត្រូវការ​រូប​លោក និង​តារាចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ផង​ដែរ ។

លោក​នូ ស៊ិ​ប បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកចម្រៀង​ចាប់តាំងពី​ឆ្នាំ​១៩៨៧​មក​ម៉្លេះ ។ លោក​បាន​ថត​បទ​ចម្រៀង​ជា​ច្រើន​បទ​នៅ​តាម​បណ្តា​ផលិត​ជា​ច្រើន ខណៈ​ពេល​ដែល​លោក​គឺជា​អតីត​ទាហាន​នៅ​ខេត្តកំពង់ធំ ។

លោក​នូ ស៊ិ​ប ធ្លាប់​បាន​ជួយ​បណ្ដុះបណ្ដាល​តារាចម្រៀង​ជា​ច្រើន​នាក់ ក្នុង​នោះ​ក៏​មាន​តារា ថ្មី​ៗ​មួយ​ចំនួន ដូច​ជា​តារាចម្រៀង​លោក​ខេ​ម និង​គូ​ម៉ា​, ម្ចាស់​ពានរង្វាន់​Cambodian idol រដូវ​កាល​ទី​១ លោក​នី រតនា​, ម្ចាស់​ពានរង្វាន់​The Voice Cambodia រដូវ​កាល​ទី​២ លោក​ថែ​ល ថៃ ជាដើម ។ ពួក​គេ​សុទ្ធតែ​បាន​ចំណេះដឹង និង​បទ​ពិសោធន៍ ល្អ​ៗ​ពី​លោក​នូ ស៊ិ​ប មុន​ពេល​ល្បីឈ្មោះ​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ