ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពេទ្យសត្វ​ចុះ​ចាក់​ថ្នាំ​បង្ការ​ជំងឺសាទឹក និង​អុតក្តាម​ដល់​គោក្របី

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មេលំ និង​ឃុំ​ចក ក្នុងស្រុក​បរិបូរណ៍ មានសេចក្តី​រីករាយ ត្រេកអរ​ជា​ខ្លាំង បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ធ្វើ​សកម្មភាព​ចាក់​ថ្នាំ​ការពារ​ជំងឺសាទឹក…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មេលំ និង​ឃុំ​ចក ក្នុងស្រុក​បរិបូរណ៍ មានសេចក្តី​រីករាយ ត្រេកអរ​ជា​ខ្លាំង បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ធ្វើ​សកម្មភាព​ចាក់​ថ្នាំ​ការពារ​ជំងឺសាទឹក និង​អុតក្តាម ដល់​សត្វ​គោក្របី​របស់​ពួក​គាត់​។ ការ​សាទរ​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ ខណៈ​ដែល​ពួក​គាត់​ទន្ទឹងរង់ចាំ​ការ​ចុះ​ចាក់​ថ្នាំ​បង្ការ​ការពារ លើ​សត្វ​គោ ក្របី​របស់​ពួក​គាត់​ជា​យូ​មក​ហើយ​។

លោក កេ​ត សុ​ឃា មេឃុំ​មេលំ បាន​មាន​ប្រសាសន៍​ថា ៖ ក្នុង​នាមរូប​គាត់​ជា​អាជ្ញាធរ​ឃុំ​មេលំ តំណាង​ឲ្យ​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដែល​បាន​ធ្វើ​សកម្មភាព​ចុះ​ចាក់​ថ្នាំ ការពារ​ជំងឺសា​ទឹក និង​អុតក្តាម​ដល់​សត្វ​គោក្របី របស់​ពួក​គាត់​។ លោក​បាន​បញ្ជាក់​ថា​៖ សត្វ​គោក្របី​ឲ្យ​តែ​ដល់​ខែវស្សា​ទឹក​ឡើង គឺ​ងាយ​នឹង​កើត​ជំងឺសាទឹក និង​ជំងឺ​អ៊ុត​ក្តាម យ៉ាង​ឆាប់រហ័ស ហើយ​បើសិនជា​យើង​មិន​ការពារ​ទាន់​ពេលវេលា​ទេ ដែល​វា​នឹង​អាច​គ្រោះថ្នាក់​បង្ក​ឲ្យ​ងាប់​សត្វ​របស់​យើង ឬ​ក៏​ឈឺ​ជើង​ដើរ​មិន​រួច ម្យ៉ាង​ពួក​វា​គឺជា​កម្លាំង​អូស​ទាញ​យ៉ាង សំខាន់​ក្នុង​ការងារ​កសិកម្ម​។

ដោយហេតុ​នេះ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ត្រី​ពេទ្យសត្វ ដែល​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយនឹង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺ កាច​សាហាវ​ដល់​សត្វ​គោក្របី​របស់​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា​។ សូម​បញ្ជាក់​ថា មន្ត្រី​បសុព្យាបាល ដឹកនាំ​ដោយ​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយនឹង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ចាក់​ថ្នាំ​បង្ការ​ជំងឺសា​ទឹក និង ជំងឺ​អុតក្តាម​ដល់​សត្វ​គោក្របី​ប្រជាពលរដ្ឋ ចំនូ​ន​២​ឃុំ ក្នុងស្រុក​បរិបូរណ៍ គឺ​ឃុំ​មេលុំ និង​ឃុំ​ចក ស្រុក​បរិបូរណ៍​។

ជា​លទ្ធផល​មួយ​ថ្ងៃ (​ព្រឹកល្ងាច​) បាន​ចាក់​ថ្នាំ​ជំងឺសាទឹកបាន​ចំនួន​៥២២​ក្បាល ក្នុង​នោះ​សត្វ​ក្របី​ចំនួន ៤១១​ក្បាល​។ ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម បាន​ចំនួន​៣៧៨​ក្បាល ក្នុង​នោះ​ក្របី​ចំនួន​២៦៦​ក្បាល ដែល​ជា​កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ចំនូ​ន​១៧៥​គ្រួសារ​។ ក្នុង​ឱកាស​នោះ មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ សូម​យក​សត្វ​គោក្របី ទៅ​ដាក់​ទីទួល​សុវត្ថិភាព និង​ដាក់​ស្មៅ ឬ​ចំបើង​ឲ្យ​ស៊ី សូមកុំ​ឲ្យ​ដេក ឬ ឈរ​នៅ​កន្លែង​មានទឹក​ដក់ ភក់ជ្រាំ ព្រោះថា មេរោគ​នៃ​ជំងឺ​ទាំង​ពីរ​ខាងលើ​វា​រស់នៅ​កន្លែង​មានទឹក​ដក់ និង​ភក់ជ្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ