ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យប្រជាកសិករខិតខំធ្វើស្រូវតាមស្តង់ដាដែលជាតម្រូវការរបស់សហព័ន្ធស្រូវអង្កកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ។
លោក វេង សាខុន បានថ្លែងបែបនេះនៅក្នុងឱកាសជួបជាមួយប្រជាកសិករប្រមាណ២០០នាក់នាព្រឹកថ្ងៃទី២៥ សីហា កន្លងមក នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនត្រូវធ្វើស្រូវតាមស្តង់ដា ដើម្បីទទួលបានតម្លៃខ្ពស់ ដែលជាតម្រូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងលើកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការគ្នាជាមួយមន្ទីរធនធានទឹក និងឧតុនិយម ត្រូវស្វែងរកប្រភពទឹកដើម្បីបូមទឹករំដោះស្រូវដែលកំពុងជួបគ្រោះរាំងស្ងួត ហើយអគ្គនាយកដ្ឋានកសិកម្មត្រូវសហការជាមួយមន្ទីរជំនាញ ចុះស្រង់ស្ថិតិស្រូវដែលរងគ្រោះ ដើម្បីត្រៀមស្រូវពូជមកចែកជូនប្រជាកសិករសម្រាប់បង្កបង្កើនផលឡើងវិញ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបង្កបង្កើនផលស្រូវនៅខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៨នេះ សម្រេចបាន២៥៤.៣១០ហិកតា ស្មើនឹង១០១,៥២%នៃផែនការ២៥០.៥០០ហិកតា ។ ក្នុងនោះ ស្រុកចំនួន៥បានជួបគ្រោះរាំងស្ងួត ដូចជា ស្រុកភ្នំស្រុកប៉ះពាល់៤.៨១០ហិកតា, ស្រុកព្រះនេត្រព្រះ ប៉ះពាល់១.៨៩០ហិកតា, ស្រុកថ្មពួកប៉ះពាល់៦៥៩ហិកតា, ស្រុកស្វាយចេកប៉ះពាល់១៥០ហិកតា និងស្រុកមង្គលបូរី ប៉ះពាល់២.១៨៩ហិកតា ។ លោកបានបន្ថែមថា ខេត្តរងគ្រោះដោយទឹកជំនន់២លើក ក្នុងនោះលើកទី១ប៉ះពាល់ដំណាំស្រូវ៣.៣៤៩ហិកតា ខូចខាត១.៥៥២ហិកតានិងស្ដារឡើងវិញបាន១.២៨៥ហិកតា និងលើកទី២ ប៉ះពាល់៤.៩៥៨ហិកតា ខូចខាត២.៩៤៤ហិកតា ស្មើនឹង១.៥៣៧គ្រួសារ ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោក សុខ ពុទ្ធីវុធ បានចូលរួមសោកស្ដាយចំពោះផល ដំណាំរបស់បងប្អូនដែលរងគ្រោះដោយធម្មជាតិ និងបានលើកទឹកចិត្តដល់់បងប្អូន ដោយសហព័ន្ធស្រូវអង្ករកម្ពុជា នឹងរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរខេត្ត ដើម្បីរិះរកគ្រប់មធ្យោបាយដោះស្រាយបញ្ហាជូនបងប្អូនឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពតាមអាចធ្វើទៅបាន ដូចជាស្វែងរកទីផ្សាស្រូវអង្ករឲ្យមានតម្លៃស្របតាមស្តង់ដាអន្តរជាតិ ៕
ចែករំលែកព័តមាននេះ