ខេត្តកែប ៖ មនុស្សបីនាក់ក្នុងចំណោមនោះមានក្មេងម្នាក់បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដោយគ្រោះថ្នាក់នេះផ្តើមឡើងដោយភាគីម្ខាងស្រវឹងជិះម៉ូតូមិនគោរពផ្លូវអទិភាពទើបបង្កជាគ្រោះថ្នាក់បែបនេះ ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រលប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងវត្តកែវក្រសាំង ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង-ខេត្តកែប លើកំណាត់ផ្លូវលេខ33A ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូទាំងពីរគ្រឿងជិះស្របគ្នាមកពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូទាំងពីរខាងលើប៉ះទង្គិចគ្នាប្រាវបណ្តាលឲ្យរងរបួសធ្ងន់ ស្រាលទាំងអស់គ្នាតែម្តង ។
នគរបាលបានបញ្ជាក់ទៀតថា ភាគីរងរបួសស្រាលជិះម៉ូតូC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ កែប 1A-1890 បើកបរដោយឈ្មោះ ប៉ាល់ ពាន អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប របួសស្រាល ។ ចំណែកអ្នករួមដំណើរឈ្មោះ ពេញ ចាន់ដារ៉ា ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាចៅរស់នៅជាមួយគ្នា ។
ដោយឡែកម៉ូតូភាគីម្ខាងទៀតជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-5338 បើកបរដោយឈ្មោះ ឈួន សុវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប ។ គ្រោះថ្នាក់នេះកើតឡើងដោយសារភាគីម្ខាងស្រវឹងស្រាហើយបើកបរមិនគោរពច្បាប់ ។
ក្រោយពេលកើតហេតុអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកែបដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តកំពត ។ ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប សម្រាប់ដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ