ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ពិត អ្នកស្រី​ម៉ៅ សំណាង បាត់​មុខ​​ជិត​១០​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អ្នកនិពន្ធ​អ្នកស្រី​ម៉ៅ សំណាង ហៅ​ទន្សាយ ប្រមាណ​ជិត​១០​ឆ្នាំ​មក​ហើយ​បាត់​មុខ ស្រប​ពេល​ស្នាដៃ​ថ្មី​របស់​អ្នកស្រី​ក៏​មិនឃើញ​ចេញផ្សាយ​ដែរ ។ តើ​អ្នកនិពន្ធ​ប្រលោមលោក និង​ភាពយន្ត…

រាជធានី​ភ្នំពេញ​ ៖​ អ្នកនិពន្ធ​អ្នកស្រី​ម៉ៅ សំណាង ហៅ​ទន្សាយ ប្រមាណ​ជិត​១០​ឆ្នាំ​មក​ហើយ​បាត់​មុខ ស្រប​ពេល​ស្នាដៃ​ថ្មី​របស់​អ្នកស្រី​ក៏​មិនឃើញ​ចេញផ្សាយ​ដែរ ។ តើ​អ្នកនិពន្ធ​ប្រលោមលោក និង​ភាពយន្ត ដ៏​ល្បី​រូប​នេះ​មាន​បញ្ហា​អ្វី ?

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នកស្រី​ម៉ៅ សំណាង បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​អ្នកស្រី​បាត់​មុខ​ពី​ការ​តែង​និពន្ធ​មិន​ក្រោម​ហេតុផល​អ្នកស្រី​ចេញ​ទៅ​រស់នៅ​បរទេស​ទេ ។ តាម​រយៈ​សំណេ​រ​ដែល​អ្នកស្រី​ម៉ៅ សំណាង បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា ​«​មាន​ប្រិ​យ​មិត្ត​អ្នក​អាន​ជា​ច្រើន​បាន​សាកសួរ​ខ្ញុំ​ថា ហេតុ​អ្វី​បានជា​ខ្ញុំ​ខកខាន​បោះពុម្ពផ្សាយ​ប្រលោម រហូត​ដល់​ជិត​១០​ឆ្នាំ ?

មិត្ត​អ្នក​អាន​ខ្លះ​ស្មានថា ​ខ្ញុំ​ចេញ​ទៅ​រស់នៅ​ប្រទេស​ក្រៅ​បាត់​ទៅ​ហើយ ។ ការណ៍​ពិត​ទៅ​រឿង​​នេះ​មិន​ទាក់ទង​នឹង​សុខភាព​របស់ខ្ញុំ​ទេ មូលហេតុ​ធំ គឺ​មក​ពី​រយៈពេល​ចុង​ក្រោយ​ក្នុង​រវាង​ឆ្នាំ ២០១០ ស្នាដៃ​ប្រលោមលោក​របស់ខ្ញុំ​ត្រូវ​បាន​គេ​លួច​ថតចម្លង​ផ្សព្វផ្សាយ តាម​​គ្រប់​រូបភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណែ​ត ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ពិបាក ។ ខ្ញុំ​ជា​អ្នកនិពន្ធ​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​អ្នក​អាន​ជា​ច្រើន ប៉ុន្តែ​បែរជា​លក់​សៀវភៅ​បាន​តិច​ទៅ​វិញ​។ ខ្ញុំ​អស់កម្លាំង​ចិត្តខ្លាំង​ណាស់ ហើយ​សម្រេច​ផ្អាក​បោះពុម្ព​ប្រលោមលោក​ទាំង​សោកស្តាយ​បំផុត ។

ពេលវេលា​ជិត​១០​ឆ្នាំ​នេះ​ខ្ញុំ​បែរ​ទៅ​សរសេរ​អត្ថបទ​ភាពយន្ត​វិញ ទាំង​ដែល​ខ្ញុំ​នៅ​ស្រឡាញ់​​ការ​និពន្ធ​ប្រលោមលោក​យ៉ាង​ខ្លាំង ។ តែ​ពេល​នេះ​ដោយសារ​ខ្ញុំ​បានឃើញ​ច្បាប់​រក្សា​សិទ្ធិ​បញ្ញា​មាន​ប្រសិទ្ធភាព​ជាង​មុន ខ្ញុំ​ក៏​មាន​កម្លាំងចិត្ត​វិល​មក​និពន្ធ​ប្រលោម​លោក​ជា​ថ្មី​ម្តងទៀត​។ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​មានការ​យោគយល់​ទៅ​វិញ​ទៅ​មក ជួយ​ទប់​ស្កាត់​ការ​ថតចម្លង​ស្នាដៃ​អ្នកនិពន្ធ ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ដើម្បី​ឲ្យ​ខ្ញុំ និង​អ្នក​និពន្ធ​ទាំងអស់​មាន​កម្លាំង​ចិត្តនឹង​បន្តការងារ​នេះ​បាន​យូរអង្វែង​ផង ។

ខ្ញុំ​រង់ចាំ​ពេលវេលា​នេះ​អស់​ជិត​១០​ឆ្នាំទៅ​ហើយ គឺ​ពេលវេលា​ដែល​ខ្ញុំ​មានឱកាស​បាន​វិល​ត្រលប់​មក​កាន់​ដង​ប៉ាកកា​និពន្ធ​ប្រលោមលោក​ជា​ថ្មី​ម្តងទៀត ។ ដោយសារ​តែ​បាន​ការ​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ពី​ក្រុម​អ្នកនិពន្ធ​វេទមន្ត និង​សិស្ស​ជំនិត​ម្នាក់ គឺ​សែត ហត្ថា (​កូនចាប​មាស​) អ្នកនិពន្ធ​សៀវភៅ​វិញ្ញាសា​ជីវិត ។ ហត្ថា ជួយ​ខ្ញុំ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​ឲ្យ​ខ្ញុំ​បាន​បោះពុម្ពផ្សាយ​ប្រលោមលោក​មួយ​នេះ មាន​ចំណងជើង​ថា «​ប្រលោម​ចិត្ត​» ដែល​ខ្ញុំ​នឹង​ត្រៀម​បោះពុម្ពផ្សាយ នៅ​ចុងឆ្នាំ​នេះ​ហើយ​។

ប្រលោម​ចិត្ត​ចង់​ជួយ​រួមចំណែក​ផ្តល់​ក្តី​សង្ឃឹម និង​ការ​តស៊ូ​គ្រប់ពេល​ដល់​មនុស្ស​គ្រប់​រូប ហើយ​ក៏​ជួយ​ប្រលោម​ចិត្ត​ដល់​អ្នក​ដែល​មានទុក្ខ​គ្រប់​បញ្ហា​ដែរ ។ ខ្ញុំ​សង្ឃឹមថា​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងអស់​នឹង​ជួយ​គាំទ្រ​អក្សរសាស្ត្រ​ខ្មែរ​យើង ដើម្បី​ឲ្យ​អ្នកនិពន្ធ​ទាំងអស់​មាន​កម្លាំង​ចិត្តនឹង​បន្តការងារ​មួយ​នេះ​រៀង​រហូត​ទៅ »​។

ចំពោះ​ស្នាដៃ​ភាពយន្ត​របស់​អ្នកស្រី​ម៉ៅ សំណាង ដែល​ទស្សនិកជន​ធ្លាប់​បាន​ទស្សនា​ដូច​ជា​រឿង «​ផ្កា​រីក​ពេញ​រដូវ​» ជាដើម ។ នៅ​ក្នុងឆ្នាំនេះ​អ្នកស្រី​មាន​ខ្សែភាពយន្ត​ភាគ​៦​រឿង​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ដែល​តែងតែ​និយម​គាំទ្រ​ស្នាដៃ​អ្នកស្រី​កន្លង​មក ។ ខ្សែភាពយន្ត​ទាំង​៦​រឿង​នោះ មានរឿង មរតក​បេះដូង​, រឿង ឱ​កូន​សម្លាញ់​, រឿង មន្ត​ស្នេហ៍​ពសុធា​, រឿង សែង​សូ​រិ​យា​, រឿង ម្ចាស់បំណុល , និង​សង្គ្រាម​មរតក ។

អ្នកស្រី​ម៉ៅ សំណាង បាន​បង្ហាញ​ស្នាដៃ​និពន្ធ​ប្រលោមលោក​ជា​ច្រើន​រឿង ជា​ពិសេស​រឿង «​ទឹកភ្នែក​គ្រី​យ៉ា​ណា​» គឺជា​ស្នាដៃ​ដំបូង​របស់​អ្នកស្រី ហើយ​ក៏​ជា​ស្នាដៃ​ទី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ល្បីឈ្មោះ​ក្នុង​ពិភព​អ្នកនិពន្ធ ។

អ្នកស្រី​ម៉ៅ សំណាង មាន​ស្នាដៃ​រឿង​ភាគ​ដូច​ជា រឿង ផ្កា​រីក​ពេញ​រដូវ​, រឿង​ឧត្តម​ដួងចិត្ត ,​រឿង​បញ្ចពណ៌ , រឿង​ជីវិត​លើ​វិ​ថី​សិល្បៈ , រឿង​ភព​ផែន​ដែន​ស្នេហ៍​, រឿង​ជីវិត​នាង​រក្សា​,​រឿង​គំនុំ​ស្នេហ៍​ចាស់​, រឿង រលក​បោក​ខ្សាច់ និង​រឿង​មី​នុយ​ធ្នាក់​អន្ទាក់ស្នេហ៍ ជាដើម ។
នៅ​ឆ្នាំ​១៩៩៥ ស្នាដៃ​រឿង «​រលក​បោក​ខ្សាច់​» របស់​អ្នកស្រី​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ពានរង្វាន់​ព្រះ​សី​ហុ​រាជ ។

នៅ​ឆ្នាំ​២០០០ រឿង​«​កម្រងផ្កា​ម្លិះ​» បាន​ទទួល​ចំណាត់ថ្នាក់ លេខ​២ នៅ​អង្គការ​ន័​រវេ​ស្ស​សង្គ្រោះ​កម្ពុជា ។ នៅ​ឆ្នាំ​២០០១ រឿង «​សមុទ្រ​ខ្មៅ​» ក៏​បាន​ជាប់​អត្ថបទ​បកប្រែ​ជា​ភាសា​ជប៉ុន ។

នៅ​ឆ្នាំ​២០០៣ អ្នកស្រី​ម៉ៅ សំណាង​បាន​ទទួល​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភណ្ឌ​ថ្នាក់​សេនា ជា​អ្នកនិពន្ធ​ដែល​មាន​ស្នាដៃ​ល្អ និង​គុណ​បំណាច់​ខ្ពស់​ក្នុង​ការ​ថែរក្សា​ការពារ​និង​បណ្តុះបណ្តាល​ផ្នែក​វប្បធម៌​អក្សរសាស្ត្រ​ជាតិ​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន ។

ដោយឡែក​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ខ្មែរ​ឆ្នាំ​២០០៦ ភាពយន្ត​រឿង​«​កតញ្ញូ​» ដែល​ជា​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី​ក៏​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣(​ថាស​ប្រាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ