ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​នៅ​កំពត​នឹង​កើនឡើង​លើស​ទ្វេ​ដង បន្ទាប់​ពី​សាងសង់​កំពង់​ផែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បើក​ការដ្ឋាន​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ទឹកដី​ខេត្តកំពត​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកជំនាញ​អចលនទ្រព្យ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​នេះ នឹង​កើន​ឡើងជា​២​ឬ​ជា​៣​ដង​ឯណោះ ខណៈ​វិនិយោគិន​ចិន​មួយ​​ចំនួន​កំពុង​ចង​មុង​ដេកចាំ​វិនិយោគ​រួច​ស្រេច​ទៅ​ហើយ រង់​ចាំតែ​ឱកាស​របស់​ពួក​គេ​មក​ដល់​ប៉ុណ្ណោះ ។ ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បើក​ការដ្ឋាន​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ទឹកដី​ខេត្តកំពត​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកជំនាញ​អចលនទ្រព្យ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​នេះ នឹង​កើន​ឡើងជា​២​ឬ​ជា​៣​ដង​ឯណោះ ខណៈ​វិនិយោគិន​ចិន​មួយ​​ចំនួន​កំពុង​ចង​មុង​ដេកចាំ​វិនិយោគ​រួច​ស្រេច​ទៅ​ហើយ រង់​ចាំតែ​ឱកាស​របស់​ពួក​គេ​មក​ដល់​ប៉ុណ្ណោះ ។

ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Blue Star Realty លោក កែវ សុ​ជាតិ បាន​ឲ្យ​ដឹង​ថា រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​ក្នុង​ខេត្តកំពត​ហាក់​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន ដោយ​ក្នុង​នោះ​មាន​ទាំង​វិនិយោគិន​ក្នុងស្រុក​និង​បរទេស បាន​ចូល​មក​ស្វែងរក​ទិញ​ដី​ត្រៀម ដើម្បី​វិនិយោគ​នៅ​ពេល​អនាគត ។

លោក​សុ​ជាតិ​និយាយ​ថា ៖« បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពត​ចាប់ផ្ដើម​ដំណើរការ ដូច​ជា​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ ដែល​បាន​ចាប់ផ្ដើម​សាងសង់​នោះ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ហាក់​បង្ហាញ​ពី​ភាព​ជឿជាក់ និង​បន្ថែម​ការ​បណ្ដាក់ទុន​កាន់​តែ​ច្រើន​មក​លើ​ខេត្តកំពត » ។ លោក​ថា ៖« នៅ​ថ្ងៃ​អនាគត តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​នឹង​ឡើងថ្លៃ​២​ឬ​៣​ដង​ថែម​ទៀត ខណៈ​តម្លៃ​ដីធ្លី​បច្ចុប្បន្ន​នេះ​វា​បាន​ខ្ពស់​ស្រាប់​ទៅ​ហើយ បើ​ធៀប​នឹង​កាលពី​ប្រមាណ​៥​ឆ្នាំ​មុន »​។

លោក​បន្ដ​ថា សព្វ​ថ្ងៃនេះ គេ​ឃើញ​មាន​វិនិយោគិន​បរទេស​ជា​ច្រើន ពិសេស​វិនិយោគិន​ចិន បាន​មក​ចង​មុង​ចាំ​វិនិយោគ​ស្រាប់​ទៅ​ហើយ ស្រប​ពេល​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​កំពុង​មាន​សន្ទុះ​ខ្លាំង ហើយ​វិនិយោគិន​ទាំងនោះ​អាច​និយាយ​ថា បាន​ហៀរ​ពី​ខេត្ត​ព្រះ​សីហ​នុម​ក ។

លោក​និយាយ​ថា ៖« យើង​បាន​ពិនិត្យ​មើល​លំហូរ​អ្នក​វិនិយោគ​ជនជាតិ​ចិន ឃើញ​មក​ជួល​សណ្ឋាគារ និង​ផ្ទះសំណាក់​ច្រើន​នៅ​ខេត្តកំពត ដើម្បី​រង់ចាំ​ឱកាស​វិនិយោគ​នៅ​ពេលវេលា​មក​ដល់ ។ អីចឹង ខ្ញុំ​គិត​ថា កំណើន​ដីធ្លី​ក្នុង​ខេត្ត​នេះ នឹង​កើនឡើង​បន្ត​ទៀត»។

អ្នកគ្រប់គ្រង​ក្រុមហ៊ុន Kampot Property និង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត លោក សុខ គែន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​គម្រោង​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ប្រកាស​​វិនិយោគ បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ឡើងថ្លៃ​ម្ដង​រួច​មក​ហើយ ។ ជាក់ស្ដែង​ពី​មុន តម្លៃ​ដីធ្លី ១​ម៉ែត្រការ៉េ ត្រឹមតែ​ប្រមាណ​៣០​ដុល្លារ​ប៉ុណ្ណោះ តែ​ក្រោយ​ពេល​ចាប់ផ្ដើម​សាងសង់​កំពង់​ផែ​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ហក់​ឡើង​ដល់​ជាង​១០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ​នៅ​តំបន់​ជិត​នោះ ។

លោក​បន្ត​ថា សក្ដានុពល​សម្រាប់​ទឹកដី​ខេត្តកំពត​ទាំង​បច្ចុប្បន្ន និង​អនាគត​ដែល​សំខាន់​នោះ គឺ​វិស័យ​ទេសចរណ៍ ដូចនេះ​ហើយ​អ្នក​វិនិយោគ​ដែល​មក​បណ្ដាក់ទុន​ក្នុង​ខេត្ត​នេះ​ភាគច្រើន គឺ​លើ​វិស័យ​ទេសចរណ៍​ដែរ ក្នុង​នោះ មាន​អ្នក​បោះទុន​ទិញ​ដី​សម្រាប់​ត្រៀម​សង់​ជា​ផ្ទះ​លំហែកាយ ជា​រី​សត និង​បឹង​ហ្កា​ឡូ​ជាដើម ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ជា​ពិសេស​នៅ​ពេល​គម្រោង​កំពង់​ផែ​អន្តរជាតិ​ត្រូវ​បាន​សាងសង់​រួច​ហើយ ។

លោក​បន្ថែ​ថា ៖« ក្រៅពី​នេះ បច្ចុប្បន្ន​យើង​ឃើញ​ក្រុម​វិនិយោគិន​ចិន​បាន​ត្រៀម​ដី​សម្រាប់​​អភិវឌ្ឍន៍​ជា​តំបន់​សេដ្ឋកិច្ច​ថ្មី​មួយ ដែល​នៅ​មិន​ឆ្ងាយ​ពី​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ។ ដូច្នេះ​ហើយ​ទើប​យើង​អាច​វាយតម្លៃ និង​រំពឹង​ខ្ពស់​ពី​សកម្មភាព​ជួញដូរ និង​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​នេះ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង » ។

បច្ចុប្បន្ន គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​​ទៅ​កាន់​ខេត្តកំពត ក៏​កំពុង​តែ​ចាប់ផ្ដើម​ពង្រីក​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​ទៅ​មក​ភ្នំពេញ​-​កំពត កាន់តែ​ងាយស្រួល ។ ជាមួយ​គ្នា​នេះ គម្រោង​ធំ​ៗ​របស់​វិស័យ​ឯកជន​ជា​ច្រើន ក៏​បាន​ប្រកាស​ផែនការអភិវឌ្ឍន៍​នៅ​ទីនោះ​ដែរ ដូច​ជា កំពង់​ផែ​ទឹក​ជ្រៅ​របស់​ក្រុមហ៊ុន​ទ្រី​ភាព គ្រុប ដែល​សហការ​ជាមួយ​វិនិយោគិន​ចិន , គម្រោង​អភិវឌ្ឍន៍ French Riviera Marina របស់​ក្រុមហ៊ុន Pallas Group​ជាដើម ។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ លោក វ៉ា វី​រៈ បាន​ថ្លែង​កន្លង​មក​ថា ខេត្តកំពត​កំពុង​មាន​សន្ទុះ​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ ។

លោក​បន្ដ​ថា ៖« កំពត​ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ព្រោះ​មាន​ដងព្រែក​យ៉ាង​ស្រស់​ស្អាត និង​ភ្នំ​បូកគោ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​ជាងគេ ហើយ​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​ចូល​មក​ទស្សនា​ច្រើន​ថែម​ទៀត ស្រប​ពេល​យើង​មាន​ផ្លូវ​ល្បឿន​លឿន​ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត » ។

បើ​តាម​លោក ជាវ តា​យ អភិបាល​ខេត្តកំពត ក៏​បាន​មាន​ប្រសាសន៍​ជា​សាធារណៈ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ថា ពេល​នេះ តម្លៃ​ដីធ្លី​ខេត្តកំពត​កំពុង​តែ​ឡើងថ្លៃ គួរ​កុំ​ទាន់​លក់​ដី​នៅ​ពេល​នេះ ដោយ​រង់ចាំ​បន្តិចទៀត​សិន ហើយ​លោក​ជឿ​ថា តម្លៃ​ធ្លី​នៅ​ខេត្តកំពត​នឹង​បន្ត​ឡើងថ្លៃ​បន្ថែម​ទៀត ស្រប​ពេល​បណ្ដា​វិនិយោគិន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក កំពុង​តែ​សម្លឹង​មក​កាន់​ខេត្តកំពត ។

សន្ទុះ​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្តកំពត​ចាប់ផ្ដើម​កម្រើក​ឡើង គឺ​បន្ទាប់​ពី​តម្លៃ​ដីធ្លី និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឈាន​ដល់​ចំណុច​ខ្ពស ។

ចក្ខុវិស័យ​នៅ​ថ្ងៃ​អនាគត ខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់​របស់​កម្ពុជា នឹង​មានការ​រីក​ចម្រើន​ខ្លាំង​ដោយសារ​ផលប្រយោជន៍​នៃ​គោលនយោបាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» របស់​ប្រទេស​ចិន ដែល​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត​ជា​ផ្លូវ​សូត្រ ដែល​ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ពី​ខេត្តកោះកុង រហូត​ដល់​ខេត្ត​កែប ដែល​អាច​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ