ខេត្តព្រះសីហនុ ៖ បើយោងតាមប្រភពបឋមពីលោកឧត្តមសេនីយ៍ទោ ជូន ណារិន្ធ បានឱ្យដឹងថា នៅវេលាម៉ោង០០និង១៥នាទីយប់ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដោយមានការអនុញ្ញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឆ្មក់ចូលក្លិបកំសាន្តខារ៉ាអូខេស៊ីតុងហ្វាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ខេត្តព្រះសីហនុ។
លោកបន្តថា ខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន៦២នាក់ ក្នុងនោះស្រី១៥នាក់ (ដោយរួមមានម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ និងអ្នកជួញដូរម្នាក់ ព្រមទាំងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀនចំនួន៥៩នាក់) ក្នុងក្លិបកំសាន្តខារ៉ាអូខេស៊ីតុងហ្វាងផងដែរ។
លោកបន្តទៀតថា កម្លាំងសមត្ថកិច្ចក៏ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថា្លសង្ស័យជាសារធាតុញៀនចំនួន២២កញ្ចប់តូច និង១កញ្ចប់ធំ, បន្ទះឈើសម្រាប់ហិត១៥បន្ទះ, កេតតាមីន ប្រភេទទឹក (ketamine) ចំនួន១ដប, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១កំប៉ុងតូច និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កំប៉ុងធំ។
ពាក់ព័ន្ធករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ