រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះតារាភាពយន្តមួយចំនួនបានទម្លាយរឿងជំពាក់លុយថ្លៃសម្តែងរបស់ផលិតករជាសាធារណៈ។បញ្ហានេះត្រូវផលិតករលើកឡើងថា វាបានជះឥទ្ធិពលជាវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះក្នុងវិស័យខ្សែភាពយន្តខ្មែរ ។
ការទម្លាយរឿងនោះបង្ហាញភាពល្អក់កកររវាងតារាសម្តែង និងម្ចាស់ផលិតកម្ម ក្នុងពេលបច្ចុប្បន្នការផលិតខ្សែភាពយន្តខ្មែរដើម្បីដាក់បញ្ចាំងតាមទូរទស្សន៍ និងរោងភាពយន្តកំពុងតែមានសន្ទុះកើនឡើង ។
បើទោះបីជាមានការទម្លាយបញ្ហាដ៏រសើបនេះជាសាធារណៈក៏ដោយ ក៏មានម្ចាស់ផលិតកម្មមួយចំនួននៅតែបង្ហាញសុទិដ្ឋិនិយមថាមិនប៉ះពាល់ដល់ផលិតកម្មរបស់ខ្លួនឡើយ ដោយហេតុថា អ្វីៗគឺធ្វើទៅតាមច្បាប់នៃកិច្ចសន្យាប៉ុណ្ណោះ ។ ឈរលើបញ្ហានេះចាងហ្វាងផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានអះអាងថា វាមិនបានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មរបស់លោកឡើយ ដោយសារធ្វើទៅតាមច្បាប់ និងកិច្ចសន្យា ។
លោកបានលើកជាឧទាហរណ៍រឿងជំពាក់លុយសម្តែងជាមួយ កញ្ញាណាក់ ស្រីណា ថា «យើងបានចែងច្បាស់ក្នុងកុងត្រាពាណិជកម្មរវាងក្រុមហ៊ុន និងតារាសម្តែងរូបនេះហើយប្រសិនបើមានភាគីណារំលោភលើកិច្ចសន្យាដែលបានចែងនឹងត្រូវប្រឈមមុខចំពោះច្បាប់ ។ ប្រសិនបើភាគីខ្ញុំជាអ្នកខុសនោះ វិធានការល្អបំផុតគឺត្រូវប្រើប្រាស់ប្រព័ន្ធច្បាប់ជាអ្នកដោះស្រាយ នោះទើបជាការល្អ ។
ក្នុងករណីនេះបានកើតឡើងគឺមិនមានផលប៉ះពាល់ណាមួយដល់ផលិតកម្មរបស់ខ្ញុំឡើយ តែផ្ទុយទៅវិញខ្ញុំសប្បាយចិត្ត ព្រោះតួនោះបានធ្វើរឿងឲ្យខ្ញុំសប្បាយចិត្ត និងផ្តល់ដំណឹងទៅដល់ភាគីដែលចាប់ដៃគូរកស៊ីជាមួយខ្ញុំបានដឹងពីបញ្ហានេះផងដែរ»។
អ្នកដឹកនាំរឿងលោកមុត ថារី បានលើកឡើងថា ចំពោះបញ្ហាជំពាក់លុយតួនេះលោកមិនហ៊ានឲ្យខាងណាខុសខាងណាត្រូវឡើយ ពោលគឺបញ្ហាអាចកើតមានឡើងបានគឺផ្អែកទៅលើបញ្ហា រៀងៗខ្លួន ។
ប្រសិនបើខាងផលិតករជំពាក់ប្រាក់តួគឺអាចបណ្តាលមកពីលុយខាងប៉ុស្តិ៍គេមិនទាន់ផ្តល់ឲ្យគ្រប់ក៏មាន តែបើខាងផលិតករជំពាក់លុយតួរាប់ឆ្នាំនោះវាក៏ពិបាកដែរ ប៉ុន្តែបើក្នុងករណីខ្វះខាត និងបានសុំឲ្យចាំចំនួន១ខែទៅ២ខែនោះ តួគូរមានការយោគយល់ ហើយផលិតករខ្លះក៏បានបើកលុយមុនជា បណ្តើរៗនៅសល់តិចតួច បើចាំបានគួតែចាំសិន ព្រោះភាគីទាំងសងខាងសុទ្ធតែមានផលលំបាកដូចគ្នា ។
លោកមុត ថារី អះអាងបន្ថែមថា ជាធម្មតាផលិតករ និងតួសម្តែងបានធ្វើការជាមួយគ្នាដោយមានកិច្ចសន្យា ដូច្នេះបើមានបញ្ហាអ្វីគឺដោះស្រាយតាមផ្លូវច្បាប់ ដោយមិនគួរបង្ហាញតាមរយៈហ្វេសប៊ុក ឬអ្នកសារព័ត៌មាននោះឡើយ ។ ការធ្វើបែបនេះវានាំឲ្យមានផលប៉ះពាល់ចំពោះភាគីទាំងសងខាង ធ្វើការជាមួយគ្នាទៅថ្ងៃមុខទៀត ហើយម្យ៉ាងវាក៏បានធ្វើឲ្យប៉ះពាល់ដល់វិស័យភាពយន្តខ្មែរយើងផងដែរ ។
ប្រធានសមាគមភាពយន្តខ្មែរ និងជាចាងហ្វាងផលិតកម្មដើមត្នោតលោកឆាយ បូរ៉ា អះអាងថា «បញ្ហាខាងលើនេះវាអាចមានផលប៉ះពាល់ខ្លះ និងមិនប៉ះពាល់ខ្លះនៅក្នុងឧស្សាហកម្មភាពយន្តខ្មែរ ។ ឧទាហរណ៍ថា ប្រសិនបើយើងចង់ហៅតួសម្តែងម្នាក់ដែលធ្លាប់ត្រូវបានផលិតករណាមួយជំពាក់លុយសម្តែង នោះពួកគាត់អាចនឹងខ្លាចរអា ហើយពួកគាត់នឹងទារលុយកក់ទុកជាមុន ។
ចំណែកផលិតកម្មយើងដែលមិនធ្លាប់ជួបរឿងអ៊ីចឹង ហើយតួសុំលុយកក់មុន នោះយើងក៏មានការខ្លាចរអាដែរ ព្រោះមានតួខ្លះអាងតែយើងនៅរង់ចា់ំគាត់ គឺគាត់មកបំពេញការងារឲ្យយើងមិនបានគ្រប់មួយរយភាគរយឡើយ ។ ផលិតកម្មខ្លះបានបំបែកកិច្ចសន្យា ដោយឲ្យតួសម្តែងយកប្រាក់តាមថ្ងៃ ហើយលុយហ្នឹងគឺបើកទៀងទាត់ ពោលថតចប់បើកភ្លាម នេះជាករណីដែលផលិតករចៀសវាងកក់លុយទៅតួ៣០ភាគរយមុន »។
បើតាមលោកឆាយ បូរ៉ា បញ្ហាផលិតកម្មជំពាក់លុយតួនេះគឺមិនមានច្រើនឡើយ ហើយបើមានយើងគួរតែបញ្ចប់ ព្រោះតួគឺរំពឹងលើប្រាក់ចំណូលដែលបានមកពីការសម្តែងនេះ ហើយបញ្ហានេះក៏បានធ្វើឲ្យជះឥទ្ធិពលដល់បណ្តាផលិតកម្មដទៃទៀតដែលគេធ្វើការទៀងទាត់ និងម៉ត់ចត់ពីរឿងលុយកាក់នេះ ។
អ្វីដែលសំខាន់គឺវាក៏មានឥទ្ធិពលអាក្រក់ផងដែរទៅលើវិស័យសិល្បៈភាពយន្តខ្មែរ ដោយសារតែទាំងតួសម្តែង និងម្ចាស់ផលិតកម្មមិនទុកចិត្តគ្នាដូចមុន ។ ម្ចាស់ផលិតកម្ម ឬផលិតករនៅពេលដែលមានបញ្ហាជំពាក់លុយតួនោះ គឺនៅអាចបន្តការងាររបស់ខ្លួនបានទៀត ប៉ុន្តែសម្រាប់តួសម្តែងវិញនៅពេលមានផលិតករណាមួយបង្ហាញភាពអវិជ្ជមាន ដូចជាមិនគោរពម៉ោងពេល… នោះច្បាស់ណាស់ផលិតករផ្សេងក៏មានភាពរអាក្នុងការហៅតួម្នាក់នោះឲ្យទៅសម្តែងក្នុងផលិតកម្មគេដែរ នោះហើយនាំឲ្យមានបញ្ហានៅក្នុងវិស័យមួយនេះ ។
ក្នុងនាមជាប្រធានសមាគមភាពយន្តខ្មែរលោកឆាយ បូរ៉ា បានស្នើឲ្យភាគីទាំងសងខាងធ្វើយ៉ាងណាប្រកាន់ភាពយុត្តិធម៌រៀងខ្លួន ដើម្បីជួយលើកកម្ពស់វិស័យភាពយន្តខ្មែរឲ្យបានឈានឡើងបន្ថែមទៀត ។
ជាការកត់សម្គាល់តារាសម្តែងកញ្ញាណាក់ ស្រីណា ធ្លាប់បានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្លួនដោយបានសំណូមពរដល់ម្ចាស់ផលិតកម្មមួយ បញ្ឈប់សកម្មភាពដ៏ពិសពុលដែលធ្វើដាក់នាង និងអ្នកសិល្ប:ដទៃទៀត ព្រោះវាជះផលអាក្រក់ខ្លាំងណាស់ដល់មនុស្សជាច្រើនអ្នកដែលគេមានបេះដូងបម្រើសិល្ប:ដោយក្តីស្រលាញ់ ។
ចំណែកលោកខាត់ សម្បត្តិកិត្យា ពិធីករទូរទស្សន៍ និងជាតារាសម្ដែងមួយរូប ធ្លាប់បានបញ្ចេញសារពីបញ្ហានេះដែរថា នៅក្នុងសង្វាក់ផលិតកម្មនៃការផលិតភាពយន្ត កើតមានបញ្ហាជាប្រព័ន្ធពីភាគីជាប់ពាក់ព័ន្ធដែលត្រូវបានលើឡើង ក្នុងនោះទូរទស្សន៍ខ្លះដែលជាម្ចាស់ផលិតខ្សែភាពយន្ត បានភ្លាត់ជំពាក់លុយ ផលិតករ ឬផលិតកម្ម ។ ឯផលិតកម្ម/ផលិតករខ្លះ ភ្លាត់ជាក់ជំពាក់លុយតួ និងក្រុមការងារដូចគ្នា។ តើការជំពាក់លុយជាប្រព័ន្ធនេះ អ្នកណាជាជនរងគ្រោះ ។
នៅមានបញ្ហាផ្សេងទៀតដែលនៅតោងទាមនឹងគុណភាព ក៏ដូចដំណើរវិវឌ្ឍនៃសិល្បៈភាពយន្តខ្មែរ ។ ជាក់ស្ដែងលោកថា ភាគីទូរទស្សន៍ តែងដាក់ចេញនូវនយោបាយជ្រើសរើសរឿងដែលមានគុណភាពជាចំបង ខណៈផលិតករព្យាយាមកាត់បន្ថយចំណាយទៅវិញ ។
ដោយឡែកនយោបាយរបស់ផលិតកម្ម/ផលិតករវិញ គឺរមែងត្រូវការតួស្អាត មានប្រវត្តិល្អ មានសមត្ថភាព សកម្មការងារ ប៉ុន្តែតម្លៃហត់នឿយ គឺផ្ដល់ឲ្យទាបទៅវិញ។ ជាមួយគ្នាទៀតសោតនៅចង់បានលក្ខខណ្ឌ គោរពពេលវេលាល្អ ប៉ុន្តែបែរជាយឺតយ៉ាវ ក៏ដូចជំពាក់យូរ មិនដូចនឹងលក្ខខណ្ឌចង់បានពីសិល្បករសោះ ។ «ឈប់ផលិតរឿងខ្មែរទៅបើគិតថាទូរទស្សន៍ ឬផលិតកម្មរបស់អ្នកមិនមានដើមទុនក្នុងការផលិតរឿងខ្មែរ កុំយកពលកម្មមនុស្សរាប់រយនាក់ទៅប្រើ ហើយក្នុងន័យជួយសិល្បករខ្មែរវារឹតតែធ្វើឲ្យសិល្បករក្រលើសដើម លក់កាបូប/អីវ៉ាន់ online ចំណេញជាង»។
លោកសម្បត្តិ កិត្យា បានសម្ដែងការគោរពចំពោះផលិតករ ផលិតកម្ម ឬស្ថានីយទូរទស្សន៍មួយចំនួនតូចដែលប្រកាន់គោលការណ៍ការងារល្អ និងយល់ពីការលំបាកលើកម្រិតជីវភាពសិល្បករផងដែរ។ «ខ្ញុំមិនទាន់ជួបរឿងខាងលើទេ តែមានមិត្តភកិ្តរួមអាជីពច្រើននាក់ណាស់ដែលជួប ហើយផ្តាំឲ្យជួយជម្រាប រាល់ថ្ងៃមានតែបន់ព្រះសំពះទេវតាកុំឲ្យជួប សូមចៀស »៕
ចែករំលែកព័តមាននេះ