ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនចៅ​ប្រលង​នៅ​ក្នុង​បន្ទប់ ឪពុក​ម្ដាយ​ព្រួយបារម្ភ​នៅ​ខាងក្រៅ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​មណ្ឌល​ប្រលង​វិទ្យាល័យ​សម្តេចម៉ែ ស្ថិត​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មាន​បេ​ក្ខ​នារី​ម្នាក់ ឈ្មោះ ជ ស្រី​និ​ច អាយុ​១៩​ឆ្នាំ…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​មណ្ឌល​ប្រលង​វិទ្យាល័យ​សម្តេចម៉ែ ស្ថិត​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មាន​បេ​ក្ខ​នារី​ម្នាក់
ឈ្មោះ ជ ស្រី​និ​ច អាយុ​១៩​ឆ្នាំ នៅ​បន្ទប់​លេខ​០៨ មក​ពី​វិទ្យាល័យ​អម្ព​វ័​ន្ត​ជំ​និក ស្រុក​ក្រូចឆ្មារ បាន
សន្លប់​ពេល​ដែល​កំពុង​តែ​ប្រលង​នា​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៨​។ ត្រូវ​បាន​គ្រូពេទ្យ​នាំ​គ្នា​សង្គ្រោះ ទាន់​ពេលវេលា​ដាក់​បន្តោង​សេរ៉ូម និង​បាន​មក​ប្រលង​វិញ កត្តា​នេះ​ដោយសារ​តែ​ខ្សោយកម្លាំង នេះ​បើ​តាម​ការ​អះអាង របស់​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​។

អ្នកលក់​បាយ​ឈ្មោះ ហេង ចំណាន នៅ​ភូមិ​០៥ ឃុំ​ជប់ ប្រាប់​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​លោក​បាន​ប្រកប​របរ​លក់​បាយ​សម្ល​នេះ​ចាប់តាំងពី ឆ្នាំ​២០១១ ដែល​កាល​ណោះ​ឲ្យ​តែ​ដល់​ពេល​ប្រលង​បាក់​ឌុ​ប​ម្តង​ៗ​លក់ដូរ​មិន​បាន​ទំនេរ​ដៃ និង​ឈរ​និយាយ​គ្នា​លេង​ទេ ព្រោះ​សម្បូរ​សិស្ស​នាំ​គ្នា​មក​ទិញ​បាយ​យក​ទៅ​ហូប ដោយ​ក្នុង​១​ថ្ងៃ​អាច​រក​ចំណូល​បាន​ទៅ​ដល់​ជាង​១​លាន​រៀល នៅ​មុខ​វិទ្យាល័យ​សម្តេចម៉ែ​។ តែ​មក​ដល់​សព្វ​ថ្ងៃនេះ ការ​លក់ដូរ​ក្នុង​១​ថ្ងៃ​មិន​បាន​ស្មើនឹង​ពាក់កណ្តាល​មុន​ៗ​នោះ​ទេ ហើយ​បើ​តាម​ការ​យល់​របស់​គាត់ មក​ពី​ពលរដ្ឋ​ខ្លះ​មាន​ជីវភាព​ខ្វះខាត មួយ​ចំនួន​វេចបាយ​យក​មក​ហូប ពេល​ដែល​កូន​ៗ​ចេញពី​ប្រលង​។

អ្នកស្រី ឡាយ ស៊ា​ន អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​ក្រពើ​សារ ឃុំ​ដំ​រិល ស្រុក​អូរ​រាំង​ឪ ប្រាប់​ថា គាត់​បាន​ជូន​កូនស្រី​ឈ្មោះ អាន ស៊ិ​ន​រី អាយុ​២០​ឆ្នាំ ដែល​រៀ​នៅ​វិទ្យាល័យ​ហេង សំ​រិ​ន ចក មក​ប្រលង​បាក់​ឌុ​ប នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចម៉ែ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដោយ​បាន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ បាន​១​យប់​តែ​ដោយសារ​កន្លែង​ចង្អៀត​ពេក នៅ​យប់​ថ្ងៃ​ទី​២០ សីហា ២០១៨ បាន​ជិះ​ម៉ូតូ​ទៅ​ដេក​ផ្ទះ​វិញ​។

លុះ​មក​ដល់​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២១ សីហា ត្រូវ​ងើប​ជិះ​ម៉ូតូ​០២​គ្រឿង ដោយ​បាន​ចំណាយពេល​ជិត​កន្លះ​ម៉ោង លុះ​ពេល​កូនស្រី​ចេញពី​ប្រលង​ម៉ោង​១១​ព្រឹក គាត់​បាន​ក្រាល​កៅស៊ូ​តង់​ហូប​បាយ នៅ​ក្នុង​ចម្ការ​កៅស៊ូ​ទោះបីជាលំបាក​បែប​ណា​ក្តី​ក៏​ត្រូវ​តែ​មក​លើកទឹកចិត្ត​កូន​។ គាត់​ជា​ស្ត្រី​មេម៉ាយ​តែ​បាន​តស៊ូ​ពុះពារ​ឲ្យ​កូន​ៗ​បាន
រៀន​ដល់​ទៅ​០៣​នាក់ ក្នុង​នោះ​កូន​បងរៀន​ចប់​នៅ​សាកលវិទ្យាល័យ កូន​ទី​២​រៀន​គ្រូ​ចប់ និង​កូនស្រី​ទី
៣​មក​ប្រលង​នេះ​។

យុវ​សិស្ស គន់​នី កុង​ស៊ិ​ញ មក​ពី​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន​សែន សួង ប្រាប់​ថា ចាប់តាំងពី​មក​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចម៉ែ នៅ​ថ្ងៃ​ដំបូង និង​ព្រឹក​ថ្ងៃ​ទី​២១ សីហា រាល់​វិញ្ញាសា​ដែល​ដាក់​មក​នោះ រូបគេ​អាច​ធ្វើ​បាន​ជាង​៥០​ភាគរយ​ដែរ​។ លុះដល់​ពេលបាយ​ចេញ​មក​ក្រៅ នាំ​គ្នា​ក្រាល​តង់​ហូប​បាយ ក្នុង​ចម្ការ​កៅស៊ូ​ដោយ​មាន​បងស្រី​មក​លើកទឹកចិត្ត ហើយ​បើ​ប្រលង​ជាប់​ចង់​រៀន ផ្នែក​សេដ្ឋកិច្ច​។

លោក អ៊ិ​ន ពៅ សម្បត្តិ ប្រធាន​មន្ទីរ​អប់រំ និង​យុវជន​កីឡា​ខេត្ត​បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន​ចំនួន​២៥ ហើយ​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ត្រូវ​ប្រលង​នៅ​ថ្ងៃ​ទី​២០ និង​២១ សីហា ២០១៨ មាន​ចំនួន​៣.៧១៩​នាក់ ក្នុង​នោះ​អ្នក​មិន​បាន​មក​ប្រលង ឬ​មាន​ជំងឺ​សរុប​ចំនួន​៤៧​នាក់​។

ដោយសារ​តែកត្តា​អាកាសធាតុ​បាន​ឲ្យ​សិស្ស​ខ្លះ​មាន​បញ្ហា​ខ្យល់​សន្លប់ ថប់ដង្ហើម​មួយ​ចំនួន តែ​ត្រូវ​បាន​ដោះស្រាយដោយ​មាន​គ្រូពេទ្យ​ដាក់​នៅ​ប្រចាំការ​តាម​មណ្ឌល​ប្រលង ហើយ​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​អ្នក​ជាប់និទ្ទេស​(A) មាន​មាន​ចំនួន​១២​នាក់ ហើយ​២០១៨​នេះ​រំពឹង​ថា​បាន​លើស​ជាង​ឆ្នាំ​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ